ភ្នំពេញៈ ជនសង្ស័យ​ចំនួន​ ៣៣​ នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​ចំនួន​ ១១ ​ករណី​ទូទាំង​ប្រទេស​នៅ​ថ្ងៃទី​ ០៥ ខែឧសភា ក្នុងនោះ​មាន​ជនសង្ស័យ​ម្នាក់​នៅ​ស្រុក​មោងឫស្សី ខេត្ត​បាត់ដំបង ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ជាមួយនឹង​គ្រឿងញៀន​មួយចំនួន​។

បើតាម​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ចំនួន​ ៣៣ ​នាក់ ដែល​ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​រួមមាន ជួញដូរ ៤ ​ករណី ឃាត់ខ្លួន ៥ ​នាក់ ដឹកជញ្ជូន រក្សាទុក ១ ​ករណី ឃាត់ខ្លួន ១ ​នាក់ និង​ប្រើប្រាស់​ចំនួន ៦​ ករណី ឃាត់ខ្លួន ២៧ ​នាក់​។

វត្ថុតាង​ដែល​ចាប់​យកបាន​សរុប​ក្នុង​ថ្ងៃទី​ ០៥ ខែឧសភា រួមមាន មេតំហ្វេតាមីន​(Ice) ចំនួន ១១១,៥៦ ​ក្រាម​។

លទ្ធផល​ទាំងនេះ​ត្រូវបាន​ធ្វើឡើង​ដោយ​កងកម្លាំង​មន្ទីរ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន កងកម្លាំង​នគរបាល​ខេត្ត​បន្ទាយមានជ័យ កំពង់ឆ្នាំង រាជធានី​ភ្នំពេញ ព្រៃវែង ពោធិ៍សាត់ និង​សៀមរាប​។

នៅ​ថ្ងៃ​ដដែល​នេះដែរ កងកម្លាំង​នគរបាល​ខេត្តបាត់ដំបង​បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ រ័ត្ន ណាក់រីន ភេទ​ប្រុស អាយុ​ ២៤ ​ឆ្នាំ​រស់នៅ​ភូមិ​ម្រះព្រៅ ឃុំ​ជ្រៃ ស្រុក​មោងឫស្សី​។

ការចាប់​ឃាត់ខ្លួន​នេះ​បាន​ធ្វើឡើង​នៅវេលា​ម៉ោង​ ១០​ និង​ ២៥ ​នាទី នៅ​វាលស្រែ ចំណុច​ក្រុមទី​ ០២ ភូមិ​ត្រស់ ឃុំ​តាលាស់ ស្រុក​មោងឫស្សី​។

វត្ថុតាង​ចាប់យក​បាន មាន​ម្សៅ​ក្រាម​ពណ៌​សថ្លា​ច្រក​ក្នុង​ថង់​ប្លាស្ទិកស​ថ្លា​ចំនួន​ ០១ ​កូន បំពង់​ជក់​ថ្នាំញៀន​ចំនួន​ ០១ ដែកកេះ​ចំនួន​ ០១ ទូរសព្ទ​ដៃ​ចំនួន​ ០១ ​គ្រឿង ម៉ូតូ​ចំនួន​ ០១ ​គ្រឿង ។

បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ​ត្រូវបាន​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​មោងឫស្សី ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​អនុវត្តតាម​នីតិវិធី​៕