ព្រះវិហារៈ សិក្ខាសាលា​ពិគ្រោះ​យោបល់​មួយ​ត្រូវបាន​រៀបចំ​ឡើង​នា​ថ្ងៃទី​ ៥ ខែឧសភា​នេះ​នៅ​សាលប្រជុំ​សាលាខេត្ត​ព្រះវិហារ​ក្នុង​ខេត្តព្រះវិហារ ដើម្បី​ប្រមូល​ធាតុ​ចូល​ស្តីពី​ការកាន់កាប់​អាស្រ័យផល​របស់​សហគមន៍ សម្រាប់​វិសោធនកម្ម​ច្បាប់​ស្តីពី​ព្រៃឈើ និង​ច្បាប់​ស្តីពី​តំបន់​ការពារ​ធម្មជាតិ​។

សិក្ខាសាលា​នេះ​ត្រូវបាន​រៀបចំ​ឡើង​ដោយ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា ​(NGOF) ក្រោម​កិច្ចសហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​ (​គ.ជ.អ.ប) ដែល គាំទ្រ​ថវិកា​ដោយ​អង្គការ​ MRLG, UNDP, Client Earth, Oxfam, NPA, Diakonia, HEKS/EP, ILC និង​មាន​អ្នកចូលរួម​សរុប ៩៥ នាក់ ក្រោម​អធិបតីភាព​លោក​ ចាន់ សុធា អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​។ សិក្ខាសាលា​នេះ​មាន​ការចូលរួម​ពី​ស្ថាប័ន​ពាក់ព័ន្ធ និង​សហគមន៍​ក្នុង​ខេត្ត​ចំនួន​ ៥ រួមមាន ព្រះវិហារ កំពង់ធំ បាត់ដំបង ឧត្តរមានជ័យ និង​ខេត្តសៀមរាប​។ នេះ​បើ​យោងតាម​ NGOF ​កាលពី​ថ្ងៃទី​ ៥ ​ខែឧសភា​។

លោក​ តឹក វណ្ណារ៉ា​ នាយក​ប្រតិបត្តិ NGOF ​បាន​ថ្លែងថា​ចាប់តាំងពី​ឆ្នាំ ​២០១៨ មក​បណ្តាញ​អភិបាលកិច្ច​ព្រៃឈើ​នៃ​អង្គការ​សង្គម​ស៊ីវិល​បាន​ចូលរួមចំណែក​យ៉ាងសកម្ម​ជាមួយ​ក្រសួង​ពាក់ព័ន្ធ និង​ដៃគូ​អភិវឌ្ឍន៍​ក្នុង​ការពិគ្រោះ​យោបល់ និង​ប្រមូលធាតុ​ចូល​ពី​ប្រជាសហគមន៍ សង្គម​ស៊ីវិល ស្ថាប័ន​សិក្សា​ស្រាវជ្រាវ និង​អ្នកពាក់ព័ន្ធ​នានា ដើម្បី​រួមចំណែក​ក្នុង​ដំណើរការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​ព្រៃឈើ និង​ច្បាប់​ស្តីពី​តំបន់​ការពារ​ធម្មជាតិ ឬ​ធ្វើ​សេចក្តី​ព្រាងច្បាប់​ថ្មី​។ ច្បាប់​ទាំង​ ២​ នេះ​មាន​សារៈសំខាន់​ណាស់​ក្នុងការ​ធានា​ដល់​ចីរភាព​នៃ​ធនធាន​ធម្មជាតិ ធនធាន​ព្រៃឈើ និង​ការធានា​បាន​នូវ​ប្រព័ន្ធ​ចិញ្ចឹមជីវិត​របស់​ប្រជាជន​ប្រកប​ដោយ​ចីរភាព ទាំង​ផែ្នក​អភិរក្ស បរិស្ថាន សង្គម និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​។

NGOF ​បាន​បញ្ជាក់ថា សិក្ខាសាលា​នេះ​មាន​គោលបំណង​សំខាន់ៗ​ចំនួន​ ៣​ រួមមាន​៖ ស្វែងយល់​អំពី​សេចក្តី​ព្រាងច្បាប់​ព្រៃឈើ និង​ច្បាប់​តំបន់​ការពារ​ធម្មជាតិ និង​ការសិក្សា​អំពី​បទដ្ឋាន​ពាក់ព័ន្ធ​នឹង​ការកាន់កាប់​អាស្រ័យផល​របស់​សហគមន៍​ក្នុង​តំបន់​ព្រៃឈើ រួមទាំង បទដ្ឋាន​ពាក់ព័ន្ធ​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​, លទ្ធផល​ផ្តល់ឱកាស​ឱ្យ​មាន​ការពិភាក្សា​ប្រមូល​ធាតុ​ចូល​ពី​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ សង្គម​ស៊ីវិល និង​សហគមន៍​មូលដ្ឋាន សម្រាប់​ដំណើរការ​វិសោធនកម្ម​ច្បាប់​ស្ដីពី​ព្រៃឈើ និង​ច្បាប់​ស្ដីពី​តំបន់​ការពារ​ធម្មជាតិ និង​ចុងក្រោយ​គឺ​រៀបចំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ​ជាមួយ​អន្តរក្រសួង អង្គការ​សង្គម​ស៊ីវិល ដៃគូ​អភិវឌ្ឍ និង​តំណាង​សហគមន៍​មូលដ្ឋាន ដើម្បី​ពិភាក្សា​លម្អិត​អំពី​ធាតុ​ចូល ដែល​ទទួលបាន​ពី​ថ្នាក់ក្រោម​ជាតិ​៕