ភ្នំពេញៈ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ និង​សាធារណរដ្ឋ​ឆែក​បាន​ឯកភាពគ្នា​រៀបចំ​ឯកសារ​អនុស្សរណ:​នៃ​ការយោគយល់​គ្នា​ស្តីពី "​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម​" រវាង​ប្រទេស​ទាំងពីរ បន្ទាប់ពី​បាន​ពិភាក្សាគ្នា​ស៊ីជម្រៅ​រួចមក​។

កិច្ចពិភាក្សា​នេះ​ត្រូវបាន​ធ្វើឡើង​រវាង​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក​ វេង សាខុន និង​ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឆែក​ប្រចាំ​កម្ពុជា នៅ​ទីស្តីការក្រសួង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​ ៥ ខែឧសភា ឆ្នាំ​ ២០២២ ​នេះ​។

ភាគី​ទាំង​ពីរបាន​លើកយក​ប្រធានបទ​សំខាន់ៗ​មក​ពិភាក្សា​គ្នា ដែលជា​ជំហាន​បឋម​ក្នុង​ការធ្វើ​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ​ទាក់ទង​នឹង​ការអភិវឌ្ឍ​វិស័យ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​នាពេល​អនាគត​។ ក្នុងនោះ​រួមមាន​ការងារ​បណ្តុះបណ្តាល​ធនធាន​មនុស្ស​ទាំង​រយ:ពេល​ខ្លី និង​ពេល​វែង ការផ្លាស់ប្តូរ​មន្ត្រី​ជំនាញ​ឱ្យទៅ​ធ្វើ​ទស្សនកិច្ច​សិក្សា ដើម្បី​ដកស្រង់​បទពិសោធ​លើ​ការងារ​អនុវត្ត​បច្ចេកទេស​ផ្ទាល់​, ការអភិវឌ្ឍ​វិស័យ​វារីវប្បកម្ម​ទាំង​ទឹកសាប និង​សមុទ្រ​, ការធ្វើ​ទំនើបកម្ម​កសិកម្ម និង​ការពង្រឹង​សមត្ថភាព​លើ​ការកែច្នៃ​កសិផល​។

ហ្វេសប៊ុកលោក​រដ្ឋមន្ត្រី​បានសរសេរ​ថា​៖ «​បន្ទាប់ពី​បាន​ពិភាក្សាគ្នា​ស៊ីជម្រៅ​រួចមក ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា​រៀបចំ​ឯកសារ​អនុស្សរណ:​នៃ​ការយោគយល់​គ្នា (MOU) ស្តីពី "​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម​" រវាង​ប្រទេស​ទាំងពីរ បន្ទាប់មក​នឹង​ឈានទៅ​អនុវត្ត​លើ​ខ្លឹមសារ MOU នេះ​ឱ្យចេញ​ជា​ផ្លែផ្កា​ ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ប្រទេស​ទាំងពីរ​»​។

លោក​រដ្ឋមន្ត្រី​មាន​ក្តីសង្ឃឹម និង​ការជឿជាក់​យ៉ាង​មុតមាំ​ថា នាពេល​អនាគត​ដ៏ខ្លី​កិច្ចសហប្រតិបត្តិការ​នេះ​នឹង​លេចចេញ​ជា​រូបរាង​ និង​ទទួលបាន​ជោគជ័យ ជាពិសេស​គឺ​ភាគី​កម្ពុជា​ផ្ទាល់​ដែល​កំពុង​ត្រូវ​ការកសាង​ធនធាន​មនុស្ស​តាមរយ:​ការបណ្តុះបណ្តាល ការលើកកម្ពស់​គុណភាព និង​ផលិតភាព​ផលិតកម្ម​កសិកម្ម ដើម្បី​ឆ្លើយតប​តាម​តម្រូវការ​ទីផ្សារ​នាំចេញ និង​ជាពិសេស​ទៅកាន់​ទីផ្សារ​អឺរ៉ុប​។

ឆ្លៀតឱកាស​នេះ លោក​រដ្ឋមន្ត្រី​ក៏បាន​ថ្លែងអំណរគុណ​ផងដែរ​ជូន​ចំពោះ​រដ្ឋាភិបាល​ឆេក ដែល​បាន​ទិញ​អង្ករ​ពី​កម្ពុជា​ចំនួន​ជាង ៧០០០ ​តោន​ក្នុង​ឆ្នាំ​ ២០២១ ហើយ​សង្ឃឹមថា​បរិមាណ​នេះ​នឹង​កើនឡើង​នាពេល​អនាគត​។

ជំនួប​បានបញ្ចប់​ក្នុង​បរិយាកាស​មិត្តភាព និង​ឆន្ទ:​រួមគ្នា​ថា​នឹង​រឹតចំណង​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​ល្អប្រសើរ​លើ​វិស័យ​កសិកម្ម​នាពេល​អនាគត​៕