សៀមរាបៈ នៅក្នុង​ខែមេសា​ឆ្នាំ​ ២០២២ ក្រុមការងារ​សហគមន៍​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ចុះ​ផ្សព្វផ្សាយ​អប់រំ និង​ពិនិត្យ​ការស្នើសុំ​ជួសជុលផ្ទះ រួមទាំង​សាងសង់​សំណង់​តូចតាច ទាំង​ ៥ ​ស្រុក​/​ក្រុង ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​បាន​ចំនួន​ ១២៤ ​សំណើ ដែល​ក្នុង​នោះបាន​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​បាន​ចំនួន​ ៨៨​ សំណើ​។

បើតាម​អាជ្ញាធរ​ជាតិ​អប្សរា​ក្នុង​ករណី​អនុញ្ញាត​ជូន​ប្រជាពលរដ្ឋ​ខាងលើ រួម​មាននៅ​ស្រុក​ប្រាសាទបាគង​បាន​ចំនួន​ ១១​ សំណើ ស្រុក​អង្គរធំ​បាន​ចំនួន​ ០៤ ​សំណើ ស្រុក​ពួក​បាន​ចំនួន​ ២៦ ​សំណើ ក្រុង​សៀមរាប​បាន​ចំនួន​ ៣១​ សំណើ និង​ស្រុក​បន្ទាយស្រី ​១៦ ​សំណើ​។

ទោះយ៉ាងណា ក្រុមការងារ​សហគមន៍​បាន​ជួប​នូវ​បញ្ហា​ប្រឈម​មួយចំនួន​ដូចជា ការជួសជុល ឬ​សាងសង់​មុន​ការចុះពិនិត្យ​របស់​ក្រុមការងារ​។

ការប្រកាស​លក់​ដី​ក្នុង​តំបន់​ការពារ​តាមរយៈ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេកប៊ុក និង​ការដាក់​ស្លាក ​(​លក់​ដី​) ផ្ទាល់​ក្នុង​តំបន់​ការពារ​នៅតែមាន​។

ជា​គោលដៅ​បន្ត ក្រុមការងារ​សហគមន៍​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​នឹង​បន្ត​ផ្សព្វផ្សាយ អប់រំ​ប្រជាពលរដ្ឋ​ឱ្យ​យល់​កាន់តែ​ច្បាស់​ពី​តួនាទី ភារកិច្ច​របស់​អាជ្ញាធរ​ជាតិ​អប្សរា ការប្រើប្រាស់​ដីធ្លី​ក្នុង​តំបន់​ការពារ​នៃ​រមណីយដ្ឋាន​អង្គរ​នីតិវិធី​នៃ​ការដាក់​ពាក្យស្នើសុំ​ជួសជុល និង​សាង​សង់ផ្ទះ​ក្នុង​ឧទ្យាន​អង្គរ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ទាន់​ពេលវេលា​៕