ភ្នំពេញៈ ម៉ាស៊ីនស្កែនកាំរស្មីអ៊ិចចំនួន១១គ្រឿងនឹងត្រូវដំឡើងដាក់ឱ្យប្រើប្រាស់នាពេលខាងមុខ សម្រាប់ត្រួតពិនិត្យ ទប់ស្កាត់ បង្ក្រាបការរត់ពន្ធសព្វាវុធ និងគ្រឿងញៀនឆ្លងដែនតាមបណ្តាប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ និង ជាពិសេសដើម្បីចូលរួមការពារដល់ការងារសន្តិសុខជាតិ ខណៈពេលដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២នេះ។

យោងតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃបានឱ្យដឹងថា ម៉ាស៊ីនស្កែនកាំរស្មីអ៊ិចទាំង១១គ្រឿងនោះត្រូវបានរាជរដ្ឋាភិបាលប្រទេសជប៉ុនផ្តល់ជូនដល់អគ្គនាយកដ្ឋានអន្តោប្រវេសន៍កាលពីថ្ងៃពុធថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២នេះ។

លោកឡុង ហាបាណា អគ្គនាយករងអន្តោប្រវេសន៍ និងជាប្រធានក្រុមការងារបច្ចេកទេសគ្រប់គ្រងម៉ាស៊ីនស្កែនកាំរស្មីអ៉ិច នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានចាត់តាំងឱ្យលោកព្រំ ង៉ា អនុប្រធាននាយកដ្ឋានរដ្ឋបាលសរុប និងជាអនុប្រធានអចិន្ត្រៃយ៍ លោកឌិន វណ្ណណូរ៉ា នាយការិយាល័យភ័ស្តុភារ និងគណនេយ្យ និងជាសមាជិកក្រុមការងារទៅទទួលម៉ាស៊ីនស្កែនកាំរស្មីអ៊ិចទាំង១១គ្រឿងនោះនៅកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ។

ម៉ាស៊ីនស្កែនដែលជាជំនួយឧបត្ថម្ភពីរាជរដ្ឋាភិបាលប្រទេសជប៉ុន តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជានឹងត្រូវដឹកជញ្ជូនដាក់តាមបណ្តាប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចំនួន១០ទីតាំងនាពេលខាងមុខនេះ៕