​ភ្នំពេញៈ លោក Sudirman Haseng ឯកអគ្គរដ្ឋទូត​ឥណ្ឌូនេស៊ី​ប្រចាំ​នៅ​កម្ពុជា និង​លោក Dalton Wong ប្រធានសភា​ពាណិជ្ជកម្ម​ឥណ្ឌូនេស៊ី​ប្រចាំ​នៅ​កម្ពុជា បានរៀបចំ​ពិធី​វាយ​កូន​ហ្គោល​មិត្តភាព​នៃ​សភាពាណិជ្ជកម្ម (Chamber and Friends Golf Tournament) ដើម្បី​រឹតចំណង​មិត្តភាព និង​ជំរុញ​ទំនាក់ទំនង​រវាង​វិស័យ​ឯកជន និង​ស្ថានទូត​នានា​ប្រចាំ​នៅ​កម្ពុជា​។​

​ពិធី​វាយ​កូន​ហ្គោល​មិត្តភាព​នេះ​មានការ​ចូលរួម​ពី​មន្ត្រី​រាជរដ្ឋាភិបាល​កម្ពុជា ឯកអគ្គ​រាជ​/​រដ្ឋទូត​ប្រចាំ​នៅ​កម្ពុជា សភាពាណិជ្ជកម្ម​បរទេស​ប្រចាំ​នៅ​កម្ពុជា និង​វិស័យ​ឯកជន​មួយចំនួន រួមមាន ឯកអគ្គរាជទូត​ជប៉ុន ឯកអគ្គរាជទូត​ម៉ាឡេស៊ី ឯកអគ្គរដ្ឋទូត​កូរ៉េខាងត្បូង ឯកអគ្គរាជទូត​ប្រ៊ុយណេ សភាពាណិជ្ជកម្ម​ម៉ាឡេស៊ី សភាពាណិជ្ជកម្ម​ជប៉ុន សភាពាណិជ្ជកម្ម​អាមេរិក និង​សភាពាណិជ្ជកម្ម​កូរ៉េខាងត្បូង​។​

​លោក លី ធុជ ទេសរដ្ឋមន្ត្រី បាន​ថ្លែង​ក្នុង​ពិធី​នេះ​នា​ថ្ងៃទី ​៥ ខែឧសភាថា ការរៀបចំ​ពិធី​វាយ​កូន​ហ្គោល​មិត្តភាព​នៃ​សភាពាណិជ្ជកម្ម​នេះ​គឺ ដើម្បី​បង្កើន​នូវ​ចំណងមិត្តភាព​រវាង​វិស័យ​ឯកជន និង​មិត្តភក្តិ​ទាំងអស់​ដែល​កំពុង​រកស៊ី​ទទួល​ទាន​នៅ​ប្រទេស​កម្ពុជា​។​

​លោក​បាន​អរគុណ​ដល់​ប្រធានសភា​ពាណិជ្ជកម្ម​ឥណ្ឌូនេស៊ី​ប្រចាំ​នៅ​កម្ពុជា ដែល​ជួយ​រៀបចំ​ពិធី​នេះ និង​ផ្សព្វផ្សាយ​អំពី​សក្តានុពល​វិនិយោគ​នៅ​កម្ពុជា​ជូន​បណ្តា​ធុរកិច្ច​ជន​នានា​។​

​លោក លី ធុជ បាន​ហៅ​ការសម្រេចចិត្ត​របស់​អ្នកវិនិយោគ​គិ​ន​នានា​មក​បណ្តាក់ទុន​រក​ស៊ី​នៅ​ប្រទេស​កម្ពុជា​ថា​ ជាការ​សម្រេច​ដ៏​ត្រឹមត្រូវ ដោយ​លោក​អះអាងថា ប្រទេស​កម្ពុ​ជា មាន​សន្តិ​ភាព និង​ស្ថិរភាព​នយោបាយ​៕