នាយក​គ្រប់គ្រង​ប្រចាំ​តំបន់ និង​ជា​អនុប្រធាន​ដឹកនាំ​ជាន់ខ្ពស់ US-ABC (​ក្រុមប្រឹក្សា​ធុរៈកិច្ច​អាស៊ាន​-​អាមេរិក​) លោក Michael Michalak បាន​អបអរសាទរ​ដោយ​ក្តីកោត​សរសើរ​ប្រទេស​កម្ពុជា ដែល​បានទទួល​ជោគជ័យ ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​រាតត្បាត​ជា​សកល​កូវីដ​ ១៩​។

លោក​លើកឡើង​ដូចនេះ ក្នុងជំនួប​ជាមួយ​លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​ និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩​ ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស នា​ថ្ងៃទី ​០៥ ខែឧសភា ឆ្នាំ​ ២០២២​។

លោក Michael Michalak នាយក​គ្រប់គ្រង​ប្រចាំ​តំបន់ និង​ជា​អនុប្រធាន​ដឹកនាំ​ជាន់ខ្ពស់ US-ABC បាន​លើកឡើងថា៖ «​សូម​អបអរ​កម្ពុជា​ក្នុងការ​ធ្វើជា​ប្រធាន​អាស៊ាន និង​អបអរសាទរ​ដោយ​ក្តីកោតសរសើរ​ដល់​ប្រទេស​កម្ពុជា ដែល​បាន​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​ ១៩ រហូត​បានទទួល​ជោគជ័យ​»​។

នាឱកាស​នោះដែរ លោកស្រី ឱ វណ្ណឌីន ក៏បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ដែល​បានផ្តល់​អំណោយ​វ៉ាក់សាំង​កូវីដ ​១៩ ប្រភេទ​ Pfizer ចំនួន​ជិត​ ២ លាន​ដូស​ដល់​ប្រជាជន និង​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងពេល​ថ្មីៗ​នេះ​។

លោកស្រី​មានប្រសាសន៍​ថា៖ «​ទោះបី​យើង​រស់ក្នុង​បរិបទ​កូវីដ ​១៩ តែ​វិស័យ​ពាណិជ្ជកម្ម យើង​នៅតែមាន​ដំណើរការ និង​សហការ​ជាប្រចាំ​។ ចំពោះ​លទ្ធផល​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ដ៏ឈ្លាសវៃ​ប្រកបដោយ​គតិបណ្ឌិត របស់​សម្តេច​តេជោ ក្នុង​ការប្រយុទ្ធ​ជាមួយ​ជំងឺ​កូវីដ​ ១៩ និង​ជោគជ័យ​ក្នុង​ការចាក់​វ៉ាក់សាំង​កូវីដ ​១៩ ដល់​ប្រជាពលរដ្ឋ​ដែល​មកដល់​ថ្ងៃនេះ​យើង​ចាក់​វ៉ាក់សាំង​បាន​ ៩៣,៤៩% នេះ ជា​លទ្ធផល​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ក្រុមការងារ ក្រោម​ការចង្អុលបង្ហាញ​ពី​ប្រមុខ​រាជរដ្ឋាភិបាល​»​។

ក្រសួង​សុខាភិបាល​តែងតែ​ផ្តល់​ការគាំទ្រ​ដល់​ក្រុមហ៊ុន ឧទាហរណ៍ ដូចជា​ក្រុមហ៊ុន Abbott ជាដើម​ដែល​បានអនុញ្ញាត​ទទួលយក​ការចុះ​បញ្ជិ​លើ​ឧបករណ៍​តេស្ត​រហ័ស (Rapid Test) សម្រាប់​កូវីដ​ ១៩ លឿន​បំផុត​ ដើម្បី​ប្រជាជនមាន​ឧបករណ៍​ប្រើ​បាន​ទាន់ពេល​ស្រប​ជាមួយ​នឹង​ការដាក់ចេញ​វិធានការ​ធ្វើតេស្ត​រហ័សរ​បស់​រាជរដ្ឋាភិបាល​កម្ពុជា​។

ជាមួយ​គ្នា​នោះដែរ លោកស្រី ឱ វណ្ណឌីន ក៏បាន លើកឡើង​ផងដែរ​ពី​បញ្ហា​គ្រឿង​ស្រវឹង ដោយ​លោកស្រី​ថា បញ្ហា​ការកំណត់​អាយុ​ពិសា​គ្រឿង​ស្រវឹង លោកស្រី​បានស្នើ​សូមឱ្យ​មាន​ការចូលរួម​ទទួល​ខុសត្រូវ​លើ​បញ្ហា​សុខភាព​មនុស្ស ជាពិសេស​ការផ្សាយ​ពាណិជ្ជកម្ម​ដែល​មិន​សមស្រប ដែលមាន​លក្ខណ:​ជំរុញ​បុគ្គល​ឱ្យ​ទទួលទាន​ច្រើនពេក​។

លោកស្រី​ថា៖ «​សូមឱ្យ​មានការ​ចូលរួម​ក្នុង​ការ​លើកកម្ពស់​ការ​ទទួល​ខុសត្រូវ​របស់​បុគ្គល​តាម​សារ​អប់រំ​ជា​ជាង​ប្រើប្រាស់​វិធីសាស្ត្រ​ជំរុញ​មនុស្ស​ពិសា​គ្រឿង​ស្រវឹង​ច្រើន​ហួសហេតុ​ពេក​សំដៅ​រួមគ្នា ដើម្បី​កាត់បន្ថយ​នូវ​គ្រោះថ្នាក់​ចរាចរ​ផង និង​កាត់បន្ថយ​នូវ​ហានិភ័យ​នៃ​ការកើត​ និង​កើនឡើង​នូវ​ជំងឺ​រលាក​បំពង់​អាហារ ក្រពះ និង​ថ្លើម ហើយ​ដែល​អាច​បង្ក​ទៅជា​ជំងឺមហារីក​ថ្លើម និង​ក្រពះ​ជាដើម​»៕