លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញ​ពី​កា​រអា​លោះ​អាល័យ​យ៉ាង​ពន់ពេក​ចំពោះ​ការបាត់បង់​បងប្រុស​បង្កើត​របស់លោក គឺ​លោក ហ៊ុន ណេង ដែលជា​ប្រធាន​គណៈកម្មការ​ទី​៤ នៃ​រដ្ឋសភា ដោយសារ​ជំងឺ​គាំងបេះដូង កាលពី​យប់​ថ្ងៃទី​០៥ ខែឧសភា​។​

​លោក ហ៊ុន សែន បាន​សរសេរ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់លោក​នា​ថ្ងៃទី​០៦ ខែឧសភា ដោយ​ភ្ជាប់​ជាមួយនឹង​រូបថត​ដែល​លោក​ថត​ជាមួយនឹង​បងប្រុស​ថា ៖ «​បងប្អូន​យើង​បែក​គ្នា​ដោយ​ពុំបាន​លាគ្នា និង​និយាយ​ជាមួយគ្នា​សូម្បី​មួយ​ម៉ាត់​។ បែក​គ្នា​លើក​នេះ​បែក​ជា​រៀងរហូត​ហើយ មិនអាច​ជួបគ្នា​វិញ​បានទេ​»​។​

​ក្រុមគ្រួសារ​របស់លោក ហ៊ុន ណេង បានចេញ​សេចក្តីជូនដំណឹង​ជា​ផ្លូវការ ពី​មរណភាព របស់លោក ដោយ «​ជំងឺ​បេះដូង​» នៅ​ម៉ោង ៦​និង ២៥ នាទី​ល្ងាច​។ សេចក្តីជូនដំណឹង​បាន​បន្តថា ៖ «​សព​របស់​ឯកឧត្តម ហ៊ុន ណេង នឹងត្រូវ​តម្កល់​ធ្វើបុណ្យ​នៅ​គេហដ្ឋាន ភូមិ​ទី​៧ សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម ខេត្តកំពង់ចាម ទៅតាម​ប្រពៃណី​ព្រះពុទ្ធសាសនា​»​។​

​សេចក្តីជូនដំណឹង​រប​ស់​ក្រុមគ្រួសារ បាន​បន្តទៀតថា នៅ​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ ២០២២ សព​លោក ហ៊ុន ណេង នឹងត្រូវ​ដង្ហែ​ទៅ​បញ្ចុះ​នៅ​វត្ត​សុវណ្ណ​គិរី​រតនៈ ភ្នំ​ប្រុស ភូមិ​ត្រពាំង​ចារ ឃុំ​ក្រឡា ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​។​

​នៅ​យប់​ថ្ងៃទី​០៥ ខែឧសភា លោក កឹម សុខា អតីត​ប្រធាន នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​ផ្ញើ​សារ​ជូន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោយ​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​មរណភាព លោក ហ៊ុន ណេង​។​

​លោក កឹម សុខា បាន​លើកឡើងថា ៖ «​ខ្ញុំ​និង​ភរិយា មាន​សេចក្តីសោកស្តាយ​ក្រៃលែង ដោយបាន​ទទួលដំណឹង​ថា ឯកឧត្តម ហ៊ុន ណេង ជា​បងប្រុស​របស់​សម្តេច​តេ​ជោ បានទទួល​មរណភាព​ដោយ​ជំងឺ​គាំងបេះដូង នៅ​រសៀល​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០២២​នេះ ក្នុង​ជន្មាយុ​៧២​ឆ្នាំ​»​។​

​លោក​បាន​បន្តថា លោក​និង​ភរិយា សូម​ចូលរួម​រំលែក​មរណៈទុក្ខ​ដ៏​ធំធេង​ជាមួយ​លោក ហ៊ុន សែន និង​ក្រុមគ្រួសារ និង​សូម​ឧទ្ទិស​បួងសួង​សូមឱ្យ​ដួង​វិញ្ញាណក្ខន្ធ លោក ហ៊ុន ណេង បាន​ទៅកាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

​ជាមួយគ្នានេះដែរ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​សារ​រំលែក​ទុក្ខ ដែល​លោក កឹម សុខា និង​ភរិយា ផ្ញើជូន​លោក​និង​ក្រុមគ្រួសារ​ក្នុងការ​បាត់បង់​ដ៏​ធំធេង​សម្រាប់​លោក​និង​គ្រួសារ​៕