ភ្នំពេញៈ ក្រុម​ការងារ​មួយ​បាននិង​កំពុង​ធ្វើការ​ស្រាវជ្រាវ និង​ប្រមូល​ព័ត៌មាន​ពាក់ព័ន្ធ ដើម្បី​រៀបចំ​ចងក្រង​សៀវភៅ​មួយ ដែល​មាន​ចំណងជើង​ថា «​សម្តេច​ក្រឡាហោម ស ខេង ការងារ​គ្រប់គ្រង​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​កំណែទម្រង់​រយៈពេល​ ២៧ ​ឆ្នាំ​»​។

ក្រុមការងារ​ដែល​ដឹកនាំ​ដោយ​លោក​សាស្ត្រាចារ្យ នួន វិទ្យាស័ក អនុប្រធាន​ក្រុមប្រឹក្សា​គ្រូ​នគរបាលជាតិ​នៃ​បណ្ឌិត្យសភា​នគរបាល​កម្ពុជា និង​ជា​ប្រធាន​ក្រុម​ស្រាវជ្រាវ រួម​ជាមួយ​នឹង​សហការី​កាលពី​ថ្ងៃទី​ ៤ ​ខែឧសភា​នេះ​ជួប​សម្តែង​ការគួរសម និង​សម្ភាស​អំពី​កម្រង​សំនួរ​ដែល​ពាក់ព័ន្ធ​ជាមួយ​ការងារ​ចងក្រង​សៀវភៅ ជាមួយ​នឹង​លោក​ គៀត ច័ន្ទថារិទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ​។ នេះ​បើ​យោងតាម​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​។

ប្រភព​ដដែល​បានឱ្យ​ដឹងថា គោលបំណង​សំខាន់​របស់​ក្រុម​ការងារ​រៀបចំ​ចងក្រង​សៀវភៅ​ដែល​បាន​ជួប​សម្ភាសន៍​នេះ​គឺ ផ្តោត​សំខាន់ ដើម្បី​ទទួលបាន​ព័ត៌មាន​មួយចំនួន​ពាក់ព័ន្ធ​ដល់​ការដឹកនាំ​គ្រប់គ្រង​លើ​ការងារ​អន្តោប្រវេសន៍​ក្នុង​រយៈពេល​កន្លងមក​ការទទួល​បាន​លទ្ធផល សមិទ្ធផល បញ្ហា​ប្រឈម​ក៏ដូចជា​ទស្សនវិស័យ​នៃ​ការដឹកនាំ​ការងារ​អន្តោប្រវេសន៍​ក្នុង​រយៈពេល​បី​ឆ្នាំកន្លងមក ក៏ដូចជា​ទស្សនវិស័យ​ក្នុង​ការដឹកនាំ​គ្រប់គ្រង​កិច្ចការ​អន្តោប្រវេសន៍ សម្រាប់​ទៅ​ថ្ងៃ​ខាងមុខ​បន្ត​។

លោក​ គៀត ច័ន្ទថារិទ្ធ ក៏បាន​លើកឡើង​អំពី​ប្រវត្តិ​សកម្មភាព​ការងារ ក៏ដូចជា​ការប្រែប្រួល​នៃ​រចនាសម្ព័ន្ធ​នៃ​ការដឹកនាំ​របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​។ លើសពីនោះ លោកនាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ក៏បាន​លើកឡើង​អំពី​សមិទ្ធផល​ធំៗ​ជាច្រើន ដែល​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​ខិតខំ​សម្រេចបាន និង​បញ្ហា​ប្រឈម ព្រមទាំង​ដំណោះស្រាយ​នានា​ក្នុង​ការបញ្ជា​ដឹកនាំ និង​ការគ្រប់គ្រង​ការងារ​អន្តោប្រវេសន៍​ក្នុង​រយៈពេល​ ២៧​ ឆ្នាំ កន្លងមកនេះ​។ លោក​ក៏បាន​លើកឡើង​នូវ​ទស្សនវិស័យ និង​ផែនការ​យុទ្ធសាស្ត្រ សម្រាប់​កិច្ចការ​គ្រប់គ្រង​ការងារ​អន្តោប្រវេសន៍​នៅពេល​អនាគត​ខាងមុខ​ផងដែរ​។

លោក​សាស្ត្រាចារ្យ នួន វិទ្យាស័ក ​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោកនាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ដែល​បាន​អនុញ្ញាត​ឱ្យ​ក្រុមការងារ​ចូលជួប​សម្តែង​ការគួរសម និង​ផ្តល់​បទសម្ភាស​ផ្ទាល់​ដោយបាន​ផ្តល់នូវ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ដំណើរការ​នៃ​ការងារ​គ្រប់គ្រង​កិច្ចការ​អន្តោប្រវេសន៍​ក្នុង​រយៈពេល​ ២៧​ ឆ្នាំកន្លងមក និង​ទស្សនវិស័យ​សម្រាប់​កំណែទម្រង់​នៅពេល​អនាគត​ផងដែរ​៕