សៀមរាបៈ សួន​រុក្ខជាតិ​អង្គរ​ដែល​ត្រូវបាន​បង្កើតឡើង​នៅលើ​ផ្ទៃដី​ទំហំ​ប្រមាណ​ជិត​ ១៥ ​ហិកតា និង​បាន​ដាំ​កូនឈើ ចម្រុះ​ជាង ៥០០ ​ប្រភេទ​ដើម្បី​ធ្វើឱ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ​ដល់​ភ្ញៀវទេសចរ​នឹងត្រូវ​បើកសម្ពោធ​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នៅ​ថ្ងៃទី​ ៩ ​ខែឧសភា​។

បើតាម​អាជ្ញាធរ​ជាតិ​អប្សរា​នា​ព្រឹក​ថ្ងៃទី ​០៥ ខែឧសភា ឆ្នាំ​ ២០២២ លោកស្រី​ភឿង សកុណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​អាជ្ញាធរ​ជាតិ​អប្សរា​បាន​អញ្ជើញ​ចុះ​ពិនិត្យមើល​ស្ថានភាព​ទូទៅ​នៅ​សួន​រុក្ខជាតិ​អង្គរ មុនពេល​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ នា​ថ្ងៃទី​ ០៩ ខែឧសភា ឆ្នាំ​ ២០២២​។

អមដំណើរ​លោកស្រី​រដ្ឋ​មន្ត្រី​នាឱកាស​នោះ​មាន លោក ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា​អគ្គនាយករង មន្ត្រី និង​បុគ្គលិក​អាជ្ញាធរ​ជាតិ​អប្សរា​មួយចំនួនទៀត​។

សូមបញ្ជាក់ថា ដើម្បី​បង្កើន​កិច្ចអភិវឌ្ឍ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ និង​ដើម្បីឱ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ​ភ្ញៀវទេសចរ​ផង​នោះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​បង្កើត​សួន​រុក្ខជាតិ​អង្គរ ក្រោម​ទំហំ​ផ្ទៃដី​ប្រមាណ​ជិត ​១៥ ​ហិកតា ដោយ​មាន​រៀបចំ​ជា​សួន​សំខាន់ៗ​ជាច្រើន​។

ក្នុងនោះ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ដាំ​កូនឈើ និង​ប្រភេទ​រុក្ខជាតិ​ផ្សេងៗ​រាប់ម៉ឺន​ដើម​មាន​ប្រភេទ​រុក្ខជាតិ​សរុប​ជាង ៥០០ ​ប្រភេទ​ផ្សេងៗ​គ្នា​។

នៅ​ទីនោះ​ក៏មាន​សួនសត្វ និង​សួន​រុក្ខជាតិ​សំខាន់ៗ ចំនួន​ ៥ ​សួន​បាន​បង្កើតឡើង​ក្នុង​រចនាប័ទ្ម​បែប​ខ្មែរ រួមមាន សួន​ឱសថ​ និង​គ្រឿងទេស សួនផ្កា​ស្មៅ និង​ផ្កា​ចម្រុះ សួន​អំបូរ​ត្នោត សួន​ខ្មែរ សួន​ព្រៃឈើ​ និង​សត្វ​ព្រៃអង្គរ​ជាដើម​។

សួន​ទាំងនោះ មាន​ភាព​ទាក់ទាញ​ខុសប្លែក​ពីគ្នា ជាពិសេស​មាន​ដើមឈើ​ និង​រុក្ខជាតិ​កម្រៗ​ជាច្រើន​ប្រភេទ បម្រើ​ផលប្រយោជន៍​ខុសប្លែក​ពីគ្នា សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​បាន​ស្គាល់ និង​ការងារ​សិក្សា​ស្រាវជ្រាវ​៕