បន្ទាយមានជ័យៈ លោក​ កែ គឹមយ៉ាន ​ឧបនាយករដ្ឋមន្ត្រី​បាន​សម្ពោធ​ដាក់​ប្រើប្រាស់​ក្នុងពេល​តែមួយ​នូវ​អគារសិក្សា​ចំនួន​ ៩ ​ខ្នង ដែល​ចំណាយ​ថវិកា​ ៤៦​ ម៉ឺន​ដុល្លារ​កាលពី​ថ្ងៃទី ​៥ ខែឧសភា​នេះ​នៅ​សាលាបឋមសិក្សា​ចក ឃុំ​រហាត់ទឹក ស្រុក​មង្គលបូរី​។

លោក​ឧបនាយករដ្ឋមន្ត្រី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ ប្រឆាំង​គ្រឿងញៀន និង​ជា​ប្រធាន​ក្រុម ការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​បន្ទាយមានជ័យ​បាន​មានប្រសាសន៍​ក្នុង​ឱកាស​នោះ​ថា វិស័យ​អប់រំ​មានការ​រីកចម្រើន​ក្រោម​ការដឹកនាំ​របស់លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​។ ជាក់ស្តែង​នៅ​ស្រុក​មង្គលបូរី​មាន​វិទ្យាល័យ​ចំនួន​ ៥ ​កន្លែង អនុវិទ្យាល័យ​ ១០ ​កន្លែង សាលាបឋមសិក្សា​ចំនួន ​៨៣ ​កន្លែង និង​មត្តេយ្យ​សិក្សា​ចំនួន​ ៩​ កន្លែង​ហើយ​ពេលនេះ​ត្រូវ​បានដាក់​សម្ពោធ​អគារសិក្សា​ចំនួន​ ៩ ​អគារ​ស្មើ​ ៤៣ ​បន្ទប់ និង​ទីចាត់ការ​ចំនួន​ ២ ​ខ្នង ដែល​ស្មើនឹង ​២ ​បន្ទប់​ផងដែរ​។

លោក​ក៏បាន​កោតសរសើរ​ចំពោះ​សិស្សានុសិស្ស ស្រុក​មង្គលបូរី សម្រាប់​ឆ្នាំ​សិក្សា ​២០២០-២០២១ ​នេះ​ការប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​សិស្សានុសិស្ស​បាន​ប្រឡង​ជាប់​សរុប​ ៥៦០ ​នាក់​ស្មើ​ ៦២%​។ ក្នុងនោះ​មាន​និទ្ទេស​ A​ មាន​ចំនួន​ ៣២ ​នាក់ និទ្ទេស​ B​ មាន​ចំនួន​ ៧៩​ នាក់ និទ្ទេស​ C​ មាន​ចំនួន​ ១១៦​ នាក់ និទ្ទេស​ D ​មាន​ចំនួន​ ១៥៥ ​នាក់ និង​និទ្ទេស​ E​ មាន​ចំនួន​ ១៧៨ ​នាក់​។ ចំពោះ​សិស្ស​និទ្ទេស ​A បើ​ប្រៀបធៀប​មាន​កើនឡើង​ជាង​ឆ្នាំមុន​។

លោក ​រ័ត្ន ដាស៊ីណង់ អភិបាលស្រុក​មង្គលបូរី​បាន​ជម្រាបជូន​អង្គពិធី​ថា ពិធី​សម្ពោធ​អគារសិក្សា​ចំនួន ​៩ ​ខ្នង​នេះ ដែល​ចំណាយ​ថវិការ​សរុប​ចំនួន​ ៤៦០.០០០ ​ដុល្លារ​សហរដ្ឋអាមេរិក​នៅ​ស្រុក​មង្គលបូរី​នោះ រួមមាន​ ១. ​សាលាបឋមសិក្សា​ស្រៈឈូក​ឃុំ​សំបួរ អគារ​ ១​ ខ្នង​ស្មើ ​៥​ បន្ទប់​ និង​ទីចាត់ការ​ ១ ​ខ្នង​ ១ ​បន្តប់​។ ២. ​សាលាបឋមសិក្សា​សង់ប្រាសាទ ឃុំ​ភ្នំតូច អគារ​ ១​ ខ្នង​ស្មើ​ ៥ ​បន្ទប់​។ ៣. ​សាលាបឋមសិក្សា​ត្នោត ឃុំ​សឿ អគារសិក្សា ​១​ ខ្នង​ស្មើ​ ៥​ បន្ទប់​។ ៤.​ សាលាបឋមសិក្សា​បន្ទាយនាង ឃុំ​បន្ទាយនាង អគារសិក្សា​ ១ ​ខ្នង​ ៥​ បន្ទប់​។ ៥.​ សាលាបឋមសិក្សា​ឫស្សី​ក្រោក ឃុំ​ឫស្សីក្រោក អគា​សិក្សា ២ ​ខ្នង​ស្មើ​ ៨​ បន្ទប់ កសាង​រួច​ ១ ​ខ្នង​។ ៦.​ សាលាបឋមសិក្សា​រហាត់ទឹក ឃុំ​រហាត់ទឹក អគារសិក្សា​ ១ ​ខ្នង​ស្មើ​ ៦​ បន្ទប់​។ ៧.​ សាលាបឋមសិក្សា​ចក ឃុំ​រហាត់ទឹក អគារសិក្សា ​១ ​ខ្នង​ស្មើ​ ៥ ​បន្ទប់​។ ៨. សាលាបឋមសិក្សា​ពង្រ ឃុំ​បន្ទាយនាង ទីចាត់ការ​ ១​ ខ្នង ស្មើ​ ១​ បន្ទប់ និង​ ៩.​ អនុវិទ្យាល័យ​អូរស្ងួត ឃុំ​អូរប្រាសាទ អគារសិក្សា ​១ ​ខ្នង​ ៣ ​បន្ទប់​៕