​ភ្នំពេញៈ រថយន្ត​ដឹក​សំរាម សំណល់​រឹង​ចំនួន​១៩​គ្រឿង​ត្រូវបាន​ក្រសួងបរិស្ថាន​ប្រគល់ជូន​មន្ទីរ​បរិស្ថាន​ក្នុង​ខេត្ត​ចំនួន​១២​កាលពី​ថ្ងៃទី​៦​ខែ ឧសភា​នេះ​សម្រាប់​គាំទ្រ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ក្នុងការ​គ្រប់គ្រង​សំរាម​ក្នុង​ទីប្រជុំជន​ប្រកបដោយ​ប្រសិទ្ធភាព និង​មាន​និរន្តរភាព​បន្ថែមទៀត​។​

​លោក​ផៃ ប៊ុន​ឈឿន រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងបរិស្ថាន​បានធ្វើ​ជា​អធិបតីភាព​ក្នុងការ​ប្រគល់​រថយន្ត​ដឹក​សំរាម សំណល់​រឹង​ទាំង​១៩​គ្រឿង ដល់​មន្ទីរ​បរិស្ថាន សម្រាប់​គាំទ្រ​ដល់​រដ្ឋបាល​ក្រុង ស្រុក ចំនួន​១៨ មកពី​ខេត្ត ចំនួន​១២​។​

​លោក​បាន​ថ្លែង​ក្នុងឱកាស​នោះ​ថា​៖«​ការប្រគល់​រថយន្តរ​បស់​ក្រសួងបរិស្ថាន​នេះ​បាន​ធ្វើឡើង ក្នុង​គោលបំណង​ផ្តល់​ការគាំទ្រ ជំរុញ​លើកទឹកចិត្ត​ឱ្យមាន​ភាពជា​ម្ចាស់​ក្នុងការ​គ្រប់គ្រង​សំរាម​សំណល់​រឹង ព្រមទាំង​ធ្វើការ​ពង្រីក​សេវា​សម្អាត ប្រមូល ដឹកជញ្ជូន និង​ទុកដាក់​សំរាម​ឱ្យបាន​គ្រប់​ទីប្រជុំជន ដើម្បី​រួមចំណែក​ធ្វើឱ្យ​ភូមិ ឃុំ សង្កាត់​កាន់តែ​មាន​អនាម័យ សោភ័ណ​ភាពល្អ និង​បរិស្ថាន​ស្អាត ការរស់នៅ​ប្រកបដោយ​ផាសុកភាព និង​ភាព​ទាក់ទាញ​»​។​

​យោងតាម​ក្រសួងបរិស្ថាន​បានឱ្យដឹងថា រដ្ឋបាល​ក្រុង​ស្រុក​ចំនួន​១៨ មកពី​ខេត្ត​ចំនួន​១២ ដែល​បានទទួល​រថយន្ត​ដឹក​សំរាម​សំណល់​រឹង ពី​ក្រសួងបរិស្ថាន​រួមមាន​៖​ខេត្តកំពត​ចំនួន​១​គ្រឿង​(​ក្រុង​បូកគោ​), ខេត្តកោះកុង ចំនួន ២​គ្រឿង (​ស្រុក​មណ្ឌលសីមា​), ខេត្ត​ក្រចះ ចំនួន ១​គ្រឿង (​ស្រុក​ស្នួល​), ខេត្តមណ្ឌលគិរី ចំនួន ២​គ្រឿង​(​ក្រុង​សែន​មនោ​រម្យ និង​ស្រុក​ពេ​ជ្រា​ដា​), ខេត្តព្រះវិហារ ចំនួន ១​គ្រឿង (​ក្រុង​ព្រះវិហារ​), ខេត្តពោធិ៍សាត់ ចំនួន ១​គ្រឿង (​ក្រុង​ពោធិ៍សាត់​), ខេត្តរតនគិរី ចំនួន ១​គ្រឿង (​ស្រុក​បរ​កែវ​), ខេត្តសៀមរាប ចំនួន ១​គ្រឿង (​ស្រុក​ក្រឡាញ់​), ខេត្តស្វាយរៀង ចំនួន ២​គ្រឿង (​ក្រុង​ស្វាយរៀង និង​ស្រុក​រមាសហែក​), ខេត្ត​ត្បូងឃ្មុំ ចំនួន ២​គ្រឿង (​ស្រុក​ត្បូងឃ្មុំ និង​ស្រុក​ពញាក្រែក​), ខេត្តកំពង់ស្ពឺ ចំនួន ៣​គ្រឿង (​ស្រុក​ភ្នំស្រួច ស្រុក​សំរោង​ទង និង​ស្រុក​បរសេដ្ឋ​) និង​ខេត្ត​ព្រះសីហនុ ចំនួន ២​គ្រឿង (​ក្រុង​កោះរ៉ុង និង​ស្រុក​ព្រៃនប់​)៕