មណ្ឌលគិរីៈ អង្គភាព​រដ្ឋាករទឹក​ខេត្តមណ្ឌលគិរី​កាលពី​ថ្ងៃទី​៥​ខែឧសភា​បានចេញ​សេចក្តីជូនដំណឹង​ដល់​ពលរដ្ឋ​ក្នុង​ក្រុង​សែន​មនោ​រម្យ​ពី​ការផ្អាក​ការផ្គត់ផ្គង់​ទឹក​នៅ​ថ្ងៃ​សៅរ៍​ទី​៧ ខែឧសភា​នេះ ដើម្បី​ក្រុមការងារ​ធ្វើការ​ជួសជុល​បណ្តាញ​ទុយោ​ទឹក​។​

​អង្គភាព​រដ្ឋាករទឹក​ខេត្តមណ្ឌលគិរី​បាន​បញ្ជាក់ថា​៖«​នៅ​ថ្ងៃ​សៅរ៍ ទី​៧ ខែឧសភា ឆ្នាំ ២០២២ វេលា​ម៉ោង​៨:០០​នាទី​ព្រឹក​នេះ អង្គភាព​រដ្ឋាករទឹក​ខេត្តមណ្ឌលគិរី យើងខ្ញុំ​សុំ​ធ្វើ​ការផ្អាក​ការផ្គត់ផ្គង់ ប្រើប្រាស់​ទឹកជា​បណ្ដោះអាសន្ន នៅ​ទូទាំង​ក្រុង​សែន​មនោ​រម្យ​ដោយ​មូលហេតុ​៖ ក្រុមការងារ​ផ្នែក​បណ្តាញ​នឹងធ្វើ​ការអនុវត្តន៍​ជួសជុល​បណ្តាញ​ទុយោ​ទឹក​ឆៅ​នៅ​ស្ថានីយ​បូមទឹក​ឆៅ បឹង​ទំនប់​ក្រោម​។ អង្គភាព​នឹង​ដំណើរការ​ផ្គត់ផ្គង់​ប្រើប្រាស់​ឡើងវិញ​ក្រោយ​ការជួសជុល​រួចរាល់​»​។​

​អង្គភាព​រដ្ឋាករទឹក​ខេត្តមណ្ឌលគិរី​បាន​អំពាវនាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​មេត្តា​ត្រៀម​ស្តុក​ទុក​ទឹកស្អាត​សម្រាប់​ប្រើប្រាស់​ឱ្យបាន​គ្រប់គ្រាន់ ក្នុងអំឡុងពេល​នៃ​ដំណើរការ​អនុវត្តន៍​ជួសជុល​នេះ ហើយ​អង្គភាព​រដ្ឋាករទឹក​ខេត្ត​មណ្ឌល​គី​រី សង្ឃឹម​និង​ជឿជាក់​លើ​ស្មារតី​សហការ​យោគយល់ អធ្យាស្រ័យ​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​ដោយ​ក្តី​អនុគ្រោះ​៕​