ភ្នំពេញៈ ក្រសួងបរិស្ថាន​គ្រោង​នឹង​រៀបចំ​វេទិកា​កេសរកូល​ជាតិ​លើក​ទី​ ២ ​នៅ​ថ្ងៃទី​ ១១ ខែឧសភា​សប្តាហ៍​ក្រោយនេះ ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ឱ្យ​សាធារណជន​បាន​ស្គាល់​ពី​ប្រភេទ​កេសរកូល​ព្រៃ​របស់​កម្ពុជា​។

យោងតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ស្តីពី វេទិកា​កេសរកូល​ជាតិ​លើក​ទី​ ២ ​បាន​ឱ​ដឹងថា​វេទិកា​នេះ​នឹង​ចាប់ផ្តើម​ពី​ម៉ោង​ ៨:៣០ ​នាទី ដល់​ម៉ោង​ ១៧:០០ នាទី នៅ​អគារ​ខេមរានី សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស.ស.យ.ក​.) ក្នុង​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​លោក​ សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​ជា​ប្រធាន​ក្រុម​ប្រឹក្សាជាតិ អភិវឌ្ឍន៍​ដោយ​ចីរភាព ​(​ក.ជ.អ.ច​.) ​។ វេទិកា​នេះ​នឹងមាន​ការអញ្ជើញ​ចូលរួម​ពី​តំណាង​ក្រសួង ស្ថាប័ន ស្ថានទូត អង្គការ ដៃគូ វិស័យ​ឯកជន អ្នកជំនាញ​ជាតិ និង​អន្តរជាតិ សិស្ស និស្សិត និង​អ្នកពាក់ព័ន្ធ​ផងដែរ​។

វេទិកា​នេះ​រៀបចំ​ឡើង​ក្នុង​គោលបំណង​ ដើម្បី​ផ្សព្វផ្សាយ​ឱ្យ​សាធារណជន​បាន​ស្គាល់​ពី​ប្រភេទ កេសរកូល​ព្រៃរបស់​កម្ពុជា​, ចែករំលែក​ព័ត៌មាន​ស្ដីពី​វឌ្ឍនភាព​នៃ​ការរៀបចំ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង អភិរក្ស​កេសរកូល សុខ អាន ភ្នំ​គូលែន​, ចូលរួមចំណែក​លើកកម្ពស់​វិស័យ​ទេសចរណ៍​ធម្មជាតិ និង ដើម្បី​ផ្សារភ្ជាប់​បណ្តាញ​អ្នកសិក្សា​ស្រាវជ្រាវ និង​ពង្រឹង​ការអភិរក្ស​កេសរកូល​ព្រៃ​នៅ​កម្ពុជា​។

នៅក្នុង​វេទិកា​នេះ ក៏​នឹងមាន​ការតាំង​បង្ហាញ​ពី​ប្រភេទ​កេសរកូល​ព្រៃ កេសរកូល​ពូជ​បង្កាត់ រុក្ខជាតិ​កម្រ រុក្ខជាតិ លម្អ និង​ផលិតផល​ធម្មជាតិ​ជាច្រើន​ប្រភេទ ដែល​អនុញ្ញាត​ឱ្យ​សិស្ស និស្សិត ភ្ញៀវ​ជាតិ​-​អន្តរជាតិ និង​សាធារណជន​អាច​ចូល​ទស្សនា​ដោយ​សេរី ចាប់ពី​ម៉ោង​ ១៣:៣០ ​នាទី ដល់​ម៉ោង ​១៧:០០​ នាទី​៕