មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​សុខាភិបាល​បាន​ជំរុញ​ឱ្យមាន​ការទប់ស្កាត់​ និង​ប្រយុទ្ធប្រឆាំង​ជាមួយនឹង​ឱសថ​ដែល​អន់​គុណភាព និង​ឱសថ​ក្លែងក្លាយ និង​គ្រឿង​បរិក្ខារ​ទាក់ទង​នឹង​ផ្នែក​សុខាភិបាល ខណៈ​ដែល​ប្រជាពលរដ្ឋ​ភាគច្រើន​មិនមាន​ការយល់ដឹង​ពី​បញ្ហា​ឱសថ​នេះ​។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​បាន​ថ្លែង​ឱ្យដឹង​កាលពី​ថ្ងៃទី​ ០៥ ខែឧសភា ថា ក្រសួង​សុខាភិបាល​មិនដែល​ព្រងើយកន្តើយ​នោះឡើយ​ទាក់ទង​នឹង​បញ្ហា​ឱសថ​ក្លែងក្លាយ ​និង​ឱសថ​អន់​គុណភាព​នេះឡើយ ដោយ​ក្រសួង​តែងតែ​ធ្វើការ​ផ្សព្វផ្សាយ​នូវ​រាល់​ព័ត៌មាន​ដែល​ពាក់ព័ន្ធ​ទៅនឹង​វិស័យ​ឱសថ​នេះ​។

លោកស្រី​មានប្រសាសន៍​ថា៖ «​យើង​មាន​ក្រុមការងារ​អធិការកិច្ច ក្រុមនគរបាល​យុត្តិធម៌​ដែល​ពួកគាត់​បាន​បំពេញភារកិច្ច​ចុះ​ត្រួតពិនិត្យ​នៅតាម​ទីផ្សារ​ ឬ​កន្លែង​ចែកចាយ​ឱសថ គ្រឿងសំអាង និង​បរិក្ខារពេទ្យ​របស់​យើង​ផងដែរ ហើយ​កន្លងមកនេះ​យើង​ក៏បាន​រកឃើញ​ផងដែរ​នូវ​ផលិតផល​ណា​ដែលមាន​បញ្ហា​ដល់​សុខភាព​»​។

លោកស្រី ឱ វណ្ណឌីន បាន​បន្តថា ក្រសួង​សុខាភិបាល​បានស្នើ​ និង​អំពាវនាវ​ទៅដល់​ប្រជាពលរដ្ឋ​ឱ្យ​ឈប់​ប្រើប្រាស់​ឱសថ​ ឬ​ផលិតផល​ណា​ដែល​មិនមាន​បញ្ជិកា​ត្រឹមត្រូវ​និង​មិនមាន​ការទទួលស្គាល់​ច្បាស់លាស់​ពី​ក្រសួង​សុខាភិបាល​៕

វីដេអូ៖