កែបៈ ផ្លូវ​បេតុង​ប្រវែង​ ៦​ គីឡូម៉ែត្រ​ស្ថិតនៅ​ភ្នំ​កែប​ធំ​នៃ​ឧទ្យាន​ជាតិ​កែប​ប្រសិទ្ធ​នាម​ថា «​រុក្ខវិថី​បុប្ជា​ប្រសិទ្ធ​» ដែលជា​ការវិនិយោគ​ទៅលើ​សេដ្ឋកិច្ច​មូលដ្ឋាន និង​ទាក់ទាញ​ភ្ញៀវទេសចរ​មក​លម្ហែ​កម្សាន្ត​បែប​ធម្មជាតិ​ផង​នោះ​ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​ ៤ ​ខែឧសភា​នេះ​។

ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នេះ​ត្រូវបាន​ធ្វើឡើង​ក្រោម​អធិបតីភាព​លោក​ សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​,​លោកស្រី ចម និម្មល រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​, លោក​ សោម ពិសិដ្ឋ អភិបាលខេត្ត​កែប ព្រមទាំង​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយិកា ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត តំណាង​កងកម្លាំង​ប្រដាប់អាវុធ​ទាំងបី មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត រដ្ឋបាល ក្រុង ស្រុក បងប្អូន​ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស សរុប​ ៤៤០ ​នាក់​។

លោក​រដ្ឋមន្ត្រី​មិន​ត្រឹមតែ​បានចាត់ទុក​រុក្ខវិថី​បុប្ជា​ប្រសិទ្ធ​ថា​ជា​មធ្យោបាយ​សម្រាប់​ធ្វើដំណើរ​ប៉ុណ្ណោះ​ទេ តែ​ផ្លូវ​នេះ​គឺជា​ការវិនិយោគ​ទៅលើ​សេដ្ឋកិច្ច​មូលដ្ឋាន​របស់​ខេត្ត​កែប ទាក់ទាញ​ភ្ញៀវទេសចរ​មក​លម្ហែ​កម្សាន្ត​បែប​ធម្មជាតិ ស្រូប​ខ្យល់អាកាស​បរិសុទ្ធ គយគន់​រុក្ខជាតិ​ពណ៌​បៃតង​ជាច្រើន​នៅក្នុង​ព្រៃ​ឧទ្យាន​ជាតិ​នេះ​។

លោក​បាន​មានប្រសាសន៍​ថា រុក្ខវិថី​នេះ​ត្រូវបាន​ស្តារ​ និង​សាងសង់ឡើង​ដោយ​ប្រើប្រាស់​ថវិកា​បានមកពី​ការលក់​ឥណទាន​កាបូន និង​ទុកជា​ប្រយោជន៍​សម្រាប់​ការប្រើប្រាស់​របស់​ប្រជាពលរដ្ឋ​។

លោក​បាន​បញ្ជាក់ថា​៖ «​អ្វីដែល​សំខាន់ យើង​ចង់​ប្រែក្លាយ​ផ្លូវ​ និង​ឧទ្យាន​ជាតិ​នេះ​ទៅជា​ផ្នែក​មួយ​នៃ​សេដ្ឋកិច្ច​របស់​ខេត្ត​កែប ជា​ផ្នែក​មួយ​ដែល​ចូលរួម​លើកស្ទួយ​ជីវភាព​របស់​ប្រជាជន មន្ត្រីរាជការ កងកម្លាំង​ប្រដាប់អាវុធ​នៅ​ខេត្ត​កែប​។ រុក្ខវិថី​នេះ​មិន​ត្រឹមតែ​ជា​មធ្យោបាយ​សម្រាប់​ធ្វើដំណើរ​ប៉ុណ្ណោះ​ទេ តែ​ផ្លូវ​នេះ​គឺជា​ការវិនិយោគ​ទៅលើ​សេដ្ឋកិច្ច​មូលដ្ឋាន​របស់​ខេត្ត​កែប​»​។

លោក​បាន​បន្ថែមថា ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​នេះ​ក៏​ស្ថិតក្នុង​គោលបំណង​ជំរុញ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​ខេត្ត​កែប បង្កើត​ការងារ និង​បង្កើន​ចំណូល​ជូន​ប្រជាពលរដ្ឋ​។ អ្វីដែល​ក្រសួងបរិស្ថាន​ធ្វើ​នៅទីនេះ មិនមែន​ជំរុញ​លើ​ការការពារ​ និង​អភិរក្ស ឧទ្យាន​ជាតិ​នេះ​ឱ្យមាន​សោភ័ណភាព​ស្អាត​ទេ តែ​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យមក​ទស្សនា​ខេត្ត​កែប​ឱ្យ​កាន់តែច្រើន​បន្ថែមទៀត និង​ដើរ​កម្សាន្ត​នៅ​ជុំវិញ​ភ្នំ​កែប​ធំ​នេះ​។

លើសពី​នោះ លោក​រដ្ឋមន្ត្រី​ក៏បាន​គូសបញ្ជាក់ថា ទន្ទឹមនឹង​ការគ្រប់គ្រង​អភិរក្ស​ឱ្យបាន​ល្អប្រសើរ ក្រសួង​បរិស្ថាន​បាន​គិតគូរ​ក្នុងការ​ប្រែក្លាយ​តំបន់​អភិរក្ស​ធម្មជាតិ​មួយចំនួន​ដូចជា​ឧទ្យាន​ជាតិ ដែនជម្រក​សត្វព្រៃ​ដែលមាន​សក្តានុពល​ទេសចរណ៍ មិន​ត្រឹមតែ​ជា​កន្លែង​ថែរក្សា​អភិរក្ស​ធនធាន​ធម្មជាតិ សត្វព្រៃ និង​ជីវៈចម្រុះ តែ​ក៏​ជា​កន្លែង​ទេសចរណ៍​ធម្មជាតិ​សម្រាប់​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ដើរ​កម្សាន្ត​។

ការរៀបចំ​នេះ​ដើរ​ទន្ទឹមគ្នា​នឹង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន​របស់​ខេត្ត​នីមួយៗ​។

លោក​រដ្ឋមន្ត្រី​ក៏បាន​អំពាវនាវ​ដល់​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ ប្រជាពលរដ្ឋ​ត្រូវ​រួមគ្នា​ជួយ​ថែរក្សា​ផ្លូវ​មួយ​ខ្សែ​នេះ​ឱ្យបាន​យូរអង្វែង ព្រោះ​ការកសាង​សមិទ្ធផល​នីមួយៗ​ពិបាក ព្រមទាំង​នឹង​ចំណាយពេល​យូរណាស់ ទម្រាំ​លេចចេញ​ជា​រូបរាង សម្រាប់​ជា​ប្រយោជន៍​ដល់​កូនចៅ​ជំនាន់​ក្រោយៗ​ទៀត​។

លោក​ សោម ពិសិដ្ឋ អភិបាលខេត្ត​កែប​បាន​មានប្រសាសន៍​ក្នុង​ឱកាស​នោះ​ថា រដ្ឋបាលខេត្ត​បាន​ខិតខំ​យកចិត្តទុកដាក់​ចំពោះ​ការ​គាំពារ​បរិស្ថាន ការអភិរក្ស​ជីវៈចម្រុះ​ប្រកបដោយ​ចីរភាព ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ជា​រូបវន្ត​ជាដើម​។ ជាក់ស្តែង​ដូច​ថ្ងៃនេះ ខេត្ត​កែប​បាន​ជួសជុល ស្ថាបនា​ឡើងវិញ និង​សម្ពោធ​ឱ្យប្រើ​ប្រាស់​នូវ​ផ្លូវ​បេតុង​ជុំវិញ​ឧទ្យាន​ជាតិ​កែប ដែលជា​ផ្លូវ​ចាស់​ក្នុង​សម័យ​សង្គមរាស្ត្រ​និយម​។ ផ្លូវ​នេះ​ត្រូវបាន​ជួសជុល​ជា​បន្តបន្ទាប់ ដែល​លើក​ទី​ ១ ឆ្នាំ​ ១៩៩៨, លើក​ទី​ ២ ឆ្នាំ​ ២០០៤ , លើក​ទី​ ៣ ឆ្នាំ​ ២០០៩-២០១០ ជួសជុល​ពង្រីក​ឱ្យ​ធំ និង​លើក​ទី​ ៤ ជួសជុល ស្ថាបនា ចាក់​បេតុង មាន​ទទឹង​ ៣ ​ម៉ែត្រ បណ្តោយ ៦០០០ ​ម៉ែត្រ​។

គម្រោង​នេះ​ប្រើប្រាស់​ថវិកា​របស់​ក្រសួង​បរិស្ថាន​ដោយ​ចាប់ផ្តើម​ជួសជុល នៅ​ថ្ងៃទី​ ២៧ ខែមករា និង​បញ្ចប់​នៅ​ថ្ងៃទី​ ៣០ ខែមេសា ឆ្នាំ​ ២០២២​។

ក្រៅពី​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​មាន​ផ្លូវ​កៅស៊ូ ផ្លូវ​បេតុង កំពង់ផែ​កោះទន្សាយ ផ្លូវ​គ្រួស​ក្រហម រដ្ឋបាលខេត្ត​កែប​ក៏មាន​សមិទ្ធផល​ផ្សេងទៀត​ដែរ ក្នុងការ​ថែរក្សា​បរិស្ថាន មានដូចជា ទីលាន​ចាក់សំរាម ទំហំ ១៣,៣៩ ហិកតា អាង​ប្រព្រឹត្តិកម្ម​ចម្រោះ​ទឹក​កខ្វក់ និង​ឡដុត​សំរាម​តាម​លក្ខណៈ​បច្ចេកទេស ផងដែរ​៕