ភ្នំពេញៈ ឯកអគ្គរាជទូត​ថ្មី​ក្រូអាស៊ី និង ព្រឹទ្ធសភា​កម្ពុជា​ប្តេជ្ញាចិត្ត​រួមគ្នា ដើម្បី​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ ២ ឱ្យ​កាន់តែ​ជិតស្និទ្ធ​បន្ថែមទៀត ដើម្បី​នាំមក​នូវ​ផលប្រយោជន៍​ទៅវិញ​ទៅមក​ជូន​ប្រជាជន និង​ប្រទេស​ទាំង​ ២​។

កាលពី​ថ្ងៃទី​ ៥ ខែឧសភា លោក អ៊ីវ៉ាន វឺលីមៀរ ស្តាសឺវ៉ិច (Ivan Velimir Starčević) ឯកអគ្គរាជទូត​តែងតាំង​ថ្មី​នៃ​ប្រទេស​ក្រូ​អាស៊ី​ប្រចាំ​កម្ពុជា​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​នៅ​វិមាន​ព្រឹទ្ធសភា​។

ព្រឹទ្ធសភា​កម្ពុជា​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នា​ថ្ងៃទី​ ៦ ខែឧសភា​ថា នៅក្នុង​ជំនួប​នោះ លោក Starčević បាន​រំឭក​ពី​ជំនួប​ជា​ប្រវត្តិសាស្ត្រា​រវាង​អតីត​ថ្នាក់ដឹកនាំ​ក្រូអាស៊ី និង ព្រះករុណា ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ ព្រះ​បរមរតនកោដ ដែល​បានរួម​ចំណែក​ដ៏សំខាន់ ដើម្បី​បង្កើត និង​រឹតចំណង មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ ២ ​តាំងពី​ទស្សវត្សរ៍​ទី​ ៥០​។

លោក Starčević ជឿជាក់​ថា ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ ២ ​នឹង​កាន់តែ​រីកចម្រើន​ថែមទៀត​តាមរយៈ​បេសសកម្ម​ការទូត​របស់​លោក​នៅ​កម្ពុជា​។

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់ថា​៖ «​ឯកឧត្តម​ឯកអគ្គរាជទូត​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត ក្នុង​ការពង្រឹងពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ ២ ​បន្ថែមទៀត​»​។

លោក សាយ ឈុំ បានបង្ហាញ​ការជឿជាក់​ថា ក្នុង​អាណត្តិ​បេសកកម្ម​ការទូត​នៅ​កម្ពុជា លោក Starčević នឹង​ខិតខំ​លើកកម្ពស់ ទំនាក់ទំនង​ និង​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ ២​ ឱ្យ​កាន់តែ​ល្អ​ថែមទៀត ដើម្បី​ប្រយោជន៍​ប្រជាជន​កម្ពុជា និង​ប្រជាជន​ក្រូអាស៊ី​។

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់ថា​៖ «​ក្នុងនាម​ព្រឹទ្ធសភា សម្តេច ប្រធានព្រឹទ្ធសភា​បាន​ត្រៀមខ្លួន​ជានិច្ច ដើម្បី​ធ្វើ​កិច្ចសហប្រតិបត្តិការ​ដ៏ជិតស្និទ្ធ​ជាមួយនឹង​ឯកឧត្តម​ឯកអគ្គរាជទូត ដើម្បី​រួមចំណែក​ពង្រឹងពង្រីក​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​នាំ​មក​នូវ​ផលប្រយោជន៍​ទៅវិញទៅមក​ជូន​ប្រជាជន និង​ប្រទេស​ទាំង​ ២»៕