យោងតាម​ច្បាប់​ស្តីពី​ការការពារ​រុក្ខជាតិ​ និង​ភូតគាម​អនាម័យ ដែល​ត្រូវបាន​ព្រះមហាក្សត្រ​សម្តេច​ព្រះបាទ​នរោត្តម សីហមុនី ឡាយព្រះហស្ថលេខា​ដាក់ឱ្យ​ប្រើប្រាស់​កាលពី​ថ្ងៃទី​ ០៣ ខែឧសភា បានចែង​ក្នុង​បទ​ប្បញ្ញត្តិ​ដាក់ទោស​ប្បញ្ញតិ្ត​នៃ​ច្បាប់​មាន​ទណ្ឌកម្ម​រដ្ឋបាល និង​ទណ្ឌកម្ម​ព្រហ្មទណ្ឌ ដែល​អាច​ឈានដល់​ពិន័យ​ជា​ប្រាក់​ និង​ដាក់ពន្ធនាគារ​ផងដែរ​។

យោងតាម​មាត្រា ​១០៦ ជំពូក​ទី​ ១៣ នៃ​ច្បាប់​ស្តីពី​ការការពារ​រុក្ខជាតិ​ និង​ភូតគាម​អនាម័យ​បាន​ចែងថា ចំពោះ​រូបវន្តបុគ្គល​ ឬ​នីតិបុគ្គល​ដែល​គ្មាន​សៀវភៅ​កំណត់ត្រា​សេវាកម្ម​ការពារ​រុក្ខជាតិ​ និង​ភូតគាម​អនាម័យ​ ឬ​គ្មាន​កំណត់ត្រា​អំពី​សកម្មភាព​ ឬ​ទិន្នន័យ​ពាក់ព័ន្ធ​នឹង​ប្រតិបត្តិការ​សេវាកម្ម​ដែល​តម្រូវ​ដោយ​ច្បាប់​នេះ នឹងត្រូវ​ពិន័យ​អន្តរការណ៍​ពី​ ១ ​លាន​រៀន​ទៅ ​៥ ​លាន​រៀល​។

ពិន័យ​ជា​ប្រាក់​ដូចគ្នានេះដែរ ក៏ត្រូវ​អនុវត្ត​ចំពោះ​ជន​ណា​ដែល​មិន​អនុវត្ត​កាតព្វកិច្ច​ជា​ប្រតិបត្តិករ​ដូចជា មិន​អនុវត្ត​លក្ខខណ្ឌ បទបញ្ជា និង​រយៈពេល​សុពលភាព​ដែល​កំណត់​ក្នុង​វិញ្ញាបនត្រ​ ឬ​លិខិតអនុញ្ញាត​, មិនបាន​ស្នើសុំ​ការយល់ព្រម​ជាមុន​ចំពោះ​ការផ្ទេរសិទ្ធិ​កាន់កាប់​វិញ្ញាបនបត្រ​ ឬ​លិខិតអនុញ្ញាត​ពាក់ព័ន្ធ​។

ក្នុង​ជំពូក​ដែល​និយាយ​ពី​ការកំណត់​ទោសប្បញ្ញតិ្ត​ដដែល​នេះ​បាន​បញ្ជាក់ថា៖ «​ត្រូវ​ពិន័យ​អន្តរការណ៍​ពី​ ៥​ លាន​រៀល​ទៅ​ ១០ ​លាន​រៀល​ចំពោះ​រូបវន្តបុគ្គល​ ឬ​នីតិបុគ្គល​ណា​ដែល​ធ្វើ​សេវាកម្ម​ការពារ​រុក្ខជាតិ​ ឬ​សេវាកម្ម​ភូតគាម​អនាម័យ​ដោយ​គ្មាន​លិខិតអនុញ្ញាត​ក្រោម​បទប្បញ្ញត្តិ​នៃ​ច្បាប់​នេះ កាន់កាប់​ផលិតផល​ ឬ​ធ្វើ​សេវាកម្ម​ដោយ​ប្រើ​ផលិតផល​ដែល​មិនបាន​ឆ្លងកាត់​ដំណើរការ​សិក្សា វាយតម្លៃ​ ឬ​គ្មាន​សេចក្តី​វាយតម្លៃ​របស់​អង្គភាព​ជំនាញ​»​។

ក្នុង​មាត្រា​ ១០៨ ​នៃ​ច្បាប់​ដដែល​នេះ​បាន​ចែងថា ត្រូវ​ពិន័យ​អន្តរការណ៍​ពី​ ១០ ​លាន​រៀល​ទៅ​ ២០ ​លាន​រៀល​ចំពោះ​ជន​ណា​ដែល​ជួល ប្រើ​សេវាកម្ម ឬ​ធ្វើការ​ផ្សព្វផ្សាយ​ដោយផ្ទាល់​នូវ​ព័ត៌មាន​អំពី​សមាសភាព​ចង្រៃ​គ្រប់​ប្រភេទ​, ធ្វើការ​នាំចូល នាំចេញ​រុក្ខជាតិ ផលិតផល​រុក្ខជាតិ និង​ទំនិញ​ជា​កម្មវត្ថុ​នៃ​ការត្រួតពិនិត្យ​ភូតគាម​អនាម័យ ដោយ​គ្មាន​វិញ្ញាបនបត្រ​។

ទាក់ទង​នឹង​ការដាក់ទោសទណ្ឌ​រហូត​ដល់​ជាប់​ពន្ធនាគារ​វិញ​នៅក្នុង​មាត្រា​ ១០៩ បាន​ចែងថា ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​ ១ ​ឆ្នាំ​ដល់ ​៥​ ឆ្នាំ និង​ត្រូវ​ពិន័យ​ជា​ប្រាក់​ចំនួន​ពី​ ២៥​ លាន​រៀល ដល់​ ៥០ ​លាន​រៀល ចំពោះ​រូបវន្តបុគ្គល​ ឬ​នីតិបុគ្គល​ណា​ដែល​ធ្វើ​ការដាំដុះ ការនាំ​ចូល ការកាន់កាប់ ឬ​ការចែកចាយ​នូវ​សព៌ាង្គកាយ​បង្ក​គ្រោះថ្នាក់​រុក្ខជាតិ​ចង្រៃ​ និង​ប្រភេទ​ចំណូល​ថ្មី​ឈ្លានពាន​នៃ​រុក្ខជាតិ​ ឬ​សត្វ​ដែល​បង្ក​ហានិភ័យ​រាតត្បាត​ចំពោះ​រុក្ខជាតិ ផលិតផល​រុក្ខជាតិ និង​ប្រព័ន្ធ​ក្សេត្រ​បរិស្ថាន​នៅក្នុង​ប្រទេស​កម្ពុជា​។

ច្បាប់​ពី​ការការពារ​រុក្ខជាតិ​ និង​ភូតគាម​អនាម័យ​នេះ​កំណត់​ពី​ការគ្រប់គ្រង​សុខភាព​រុក្ខជាតិ ការអនុវត្ត​វិធានការ​ការពារ​រុក្ខជាតិ​ និង​វិធានការ​ភូតគាម​អនាម័យ ការការពារ​ធនធាន​រុក្ខជាតិ​គ្រប់​ប្រភេទ ការទប់ស្កាត់​ការបង្ក ការ​រាលដាល​ឆ្លង និង​ការ​រាតត្បាត​ពី​សំណាក់​សមាសភាព​ចង្រៃ ការលើកកម្ពស់​ផលិតភាព​កសិកម្ម សន្តិសុខ​ស្បៀង អនាម័យ គុណភាព​ និង​សុវត្ថិភាព​ផលិត​កសិកម្ម​៕