បាត់ដំបងៈ លោក​ សុខ សារិន អធិការ នគរបាល​ស្រុក​បវេល​បាន​ដឹកនាំ​កម្លាំង​ជំនាញ​ប្រឆាំង​គ្រឿងញៀន កម្លាំង​អន្តរាគមន៍ និង​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ខ្នាចរមាស​ចុះ​ល្បាត​ក្នុង​ភូមិសាស្ត្រ ហើយ​បាន​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​ ២​ នាក់ ក្រោយពី​បាន​រកឃើញ​ថ្នាំញៀន​ចំនួន​ ៣០៦​ គ្រាប់ និង​វត្ថុតាង​ផ្សេងៗ​ទៀត​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​ ៥ ​ខែឧសភា​នេះ​។ នេះ​បើ​យោងតាម​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​។

ក្នុង​កិច្ចប្រតិបត្តិ​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ទី ​១ ​ជា​បុរស​មាន​អាយុ​ ២៣ ​ឆ្នាំ​រស់នៅ​ភូមិ​កោះ​រាម ឃុំ​ខ្នាចរមាស ស្រុក​បវេល ខេត្ត​បាត់ដំបង​។ វត្ថុតាង​ដែល​ចាប់​យកបាន​រួមមាន​៖ ​ម្សៅ​ក្រាម​ពណ៌​សថ្លា​ច្រក​ក្នុង​ថង់​ប្លាស្ទិក​ថ្លា​ចំនួន​ ៣ ​ថង់ ដែល​សង្ស័យ​មាន​សារធាតុញៀន និង​ទូរស័ព្ទដៃ​ចំនួន​ ១​ គ្រឿង​ផងដែរ​។

ឆ្លងតាម​ការស្រាវជ្រាវ​ និង​ដោយបាន​ការអនុញ្ញាត​ពី​សាលាដំបូង​ខេត្តបាត់ដំបង សមត្ថកិច្ច​បាន​បន្ត​កិច្ចប្រតិបត្តិការ​រហូត​ឈានដល់​ការចាប់ខ្លួន​ជនសង្ស័យ​ចំនួន​ ១​ នាក់​ទៀត​ក្នុងភូមិ​កោះរាម ឃុំ​ខ្នាចរមាស ស្រុក​បវេល នៅ​ថ្ងៃខែ​ឆ្នាំ​ដដែល​។ ជនសង្ស័យ​ជា​ស្ត្រី​អាយុ​ ៣៦ ​ឆ្នាំ រស់នៅ​ភូមិ​កោះ​រាម ឃុំ​ខ្នាចរមាស ស្រុក​បវេល​។ ក្នុងនោះ​វត្ថុតាង​ចាប់​យកបាន​រួមមាន​៖ ​ម្សៅ​ក្រាម​ពណ៌​សថ្លា​ច្រក​ក្នុង​ថង់​ប្លាស្ទិក​ថ្លា​ចំនួន​ ១៣ ​ថង់ ដែល​សង្ស័យ​មាន​សារធាតុ​ញៀន​, ថ្នាំ​គ្រាប់​រាង​មូល​សំប៉ែត​ពណ៌​ផ្កាឈូក​មាន​អក្សរ​បរទេស​ WY ​លើ ចំហៀង​គ្រាប់​ថ្នាំ​នីមួយៗ​ចំនួន​ ៣០៦ គ្រាប់​ដែល​សង្ស័យ​មាន​សារធាតុ​ញៀន​, ជញ្ជីង​សម្រាប់​ថ្លឹង​ចំនួន​ ០១ ​គ្រឿង​, ទូរសព្ទ​ដៃ​ចំនួន​ ២ ​គ្រឿង និង​ថង់​សម្រាប់​រំលែក​ថ្នាំញៀន​មួយចំនួន​។

ទាំង​វត្ថុតាង​ និង​ជនសង្ស័យ​ត្រូវបាន​នគរបាល​បាន​កសាង​សំណុំរឿង​បញ្ចូនទៅ​ការិយាល័យ​ជំនាញ​នៅ​ស្នងការដ្ឋាន ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី​ច្បាប់​៕