ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ.ជ.ប​) ​នៅ​ថ្ងៃ​សុក្រ​ទី​ ៦ ​ខែឧសភា​នេះ​បានប្រកាស​ឱ្យដឹងថា ដំណើរការ​បោះពុម្ព​សន្លឹកឆ្នោត​នាពេលនេះ​នៅសល់តែ​ ៣ ​ខេត្ត​ទៀត​ទេ​នឹងត្រូវ​បញ្ចប់ ហើយ​ត្រូវ​វេច​ខ្ចប់រួច​យកទៅ​រក្សាទុក​នៅ​កន្លែង​មាន​សុវត្ថិភាព សម្រាប់​បញ្ជូន​ទៅ​ឱ្យ​គណៈកម្មការ រាជធានី​ខេត្ត​រៀបចំ​ការបោះឆ្នោត (​គធ.ខប​) ដើម្បី​ចាត់ចែង​បញ្ជូន​បន្តទៅ​គណៈកម្មការ​ឃុំ​សង្កាត់​រៀបចំ​ការបោះឆ្នោត​។

ការប្រកាស​របស់​គជប​ស្តីពី​ការបង្ហាញ​សង្វាក់​ផលិតកម្ម​នៃ​ការបោះពុម្ព​សន្លឹកឆ្នោត​ដល់​គណបក្ស​នយោបាយ​បានឱ្យដឹងថា លោក​ ប្រាជ្ញ ចន្ទ ប្រធាន​ គ.ជ.ប បាន​ទៅ​ពិនិត្យមើល​ដំណើរការ​បោះពុម្ព​សន្លឹកឆ្នោត សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​ ៥ ឆ្នាំ​ ២០២២ នៅ​រោង​ពុម្ព​ណាវីនព្រីនធីង ឯ.ក​ស្ថិតក្នុង​សង្កាត់​បឹងកក់​ទី​ ១ ខណ្ឌទួលគោក នា​ព្រឹក​ថ្ងៃ​សុក្រ​ទី​ ៦ ខែឧសភា​នេះ​។

លោក ប្រាជ្ញ ចន្ទ បាន​មានប្រសាសន៍​ក្នុង​ឱកាស​នោះ​ថា ថ្ងៃនេះ គ.ជ.ប បាន​អញ្ជើញ​គ្រប់ភាគី​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​ទាំងអស់​មក​ពិនិត្យ និង​សង្កេតមើល​ដំណើរការ​បោះពុម្ព​សន្លឹកឆ្នោត ដែល​ដូចគ្នា​នឹង​ការបោះឆ្នោត​កន្លងមក គឺ គ.ជ.ប តែងតែ​អញ្ជើញ​គ្រប់​គណបក្ស​នយោបាយ អ្នក​សង្កេតការណ៍ និង​អ្នកសារព័ត៌មាន​មក​ពិនិត្យ និង​សង្កេតមើល ដំណើរការ​បោះពុម្ព​សន្លឹកឆ្នោត ដល់ទី​កន្លែង​ផ្ទាល់​តែម្ដង​។

លោក​បាន​មានប្រសាសន៍​បញ្ជាក់ថា​៖ « ដំណើរការ​បោះពុម្ព​សន្លឹកឆ្នោត​នាពេលនេះ​នៅសល់តែ ៣ ខេត្ត​ទៀត​ទេ​នឹងត្រូវ​បញ្ចប់ ហើយ​ត្រូវ​វេចខ្ចប់​រួច​យកទៅ​រក្សាទុក​នៅ​កន្លែង​មាន​សុវត្ថិភាព សម្រាប់​បញ្ជូនទៅ​ឱ្យ​គណៈកម្មការ រាជធានី ខេត្ត​រៀបចំ​ការបោះឆ្នោត (​គធ.ខប​) ដើម្បី​ចាត់ចែង​បញ្ជូន​បន្តទៅ​គណៈកម្មការ​ឃុំ សង្កាត់ រៀបចំ​ការបោះឆ្នោត (​គឃ.សប​) និង​បន្តទៅ​គណៈកម្មការ​ការិយាល័យ​បោះឆ្នោត (​គ.ក.ប​) មិនឱ្យ ហួស​ពី ៣៦ (​សាមសិប​ប្រាំមួយ​) ម៉ោង មុន​ថ្ងៃ​បោះឆ្នោត (​ថ្ងៃអាទិត្យ ទី​ ៥ ខែមិថុនា ឆ្នាំ ​២០២២)»​។

បន្ទាប់ពី​ភាគី​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​ទាំងអស់​បាន​ពិនិត្យ​សង្វាក់​ផលិតកម្ម​នៃ​ភាព​ការបោះពុម្ព​សន្លឹកឆ្នោត​រួចមក លោក​ ហង្ស ពុទ្ធា សមាជិក គ.ជ.ប និង​ជា​ប្រធាន​ក្រុម​អ្នកនាំពាក្យ​ គជប បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា សន្លឹកឆ្នោត​ត្រូវបាន​បោះពុម្ភ​ចំនួន​ ១៦៥២ ​ប្រភេទ ស្មើនឹង​ចំនួន ១៦៥២ ឃុំ សង្កាត់ ពីព្រោះថា ឃុំ សង្កាត់​នីមួយៗ​មាន​ចំនួន​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះឆ្នោត​មិន​ដូចគ្នា​ទេ​។

លោក​បាន​បន្តថា គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះឆ្នោត​មាន​ ១៧ ​គណបក្ស​។ ក្នុងចំណោម ១៧ ​គណបក្ស​នយោបាយ​នេះ គណបក្ស​ខ្លះ​ចុះបញ្ជី​បេក្ខជន​ជាង​ ១៦០០ ឃុំ សង្កាត់ ហើយ​គណបក្ស​ខ្លះ​ចុះបញ្ជី​បេក្ខជន​មិន​ដល់ ១០០០ ​ឃុំ សង្កាត់​ផង​។ ដូច្នេះហើយ សន្លឹកឆ្នោត​មាន​ប្រភេទ​ខុសៗ​គ្នា អាស្រ័យ​តាម​ចំនួន​គណបក្ស​នយោបាយ ដែល​បាន​ចុះបញ្ជី បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត និង​តាម​លទ្ធផល​នៃ​ការចាប់​ឆ្នោត​កំណត់​លំដាប់​លេខ​រៀង​គណបក្ស​នយោបាយ​ដាក់​លើ​សន្លឹកឆ្នោត​។

លោក​បាន​បន្ថែមថា អ្នកមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ផ្លូវការ​មាន​ចំនួន ៩ ២០៥ ៦៨១ (​ប្រាំបួន​លាន​ពីររយ​ប្រាំពាន់​ប្រាំមួយ​ប៉ែតសិប​មួយ​) ​នាក់​ចំនួន​ការិយាល័យ បោះឆ្នោត​មាន ២៣ ៦០២ ការិយាល័យ ហើយ​សន្លឹកឆ្នោត​ត្រូវ​បោះពុម្ព​មាន​ប្រមាណ​ ១១ ​លាន​សន្លឹក រួម​នឹង​សន្លឹកឆ្នោត​បម្រុង​ប្រមាណ​ ១​ លាន​សន្លឹក​។ សន្លឹកឆ្នោត​ត្រូវបាន​បោះពុម្ព​ចងក្រង​ជា​ក្បាល​ដោយ​ក្នុង​ ១​ ក្បាល មាន​ចំនួន​ ៥០ ​សន្លឹក​។

លោក​ ហង្ស ពុទ្ធ បានបញ្ជាក់​ជូន​ទៀតថា​៖ «​សន្លឹកឆ្នោត​ដែល​បោះពុម្ព​នេះ មាន​លក្ខណពិសេស និង​មាន​ភាពសម្ងាត់ ដែល​គ្មាន​ជនណាម្នាក់​អាច​យកទៅ​បោះពុម្ព​ក្លែងបន្លំ​បាន​ឡើយ ហើយ​ក្រុមហ៊ុន​ដែល​ដេញថ្លៃ​បាន​តាម​នីតិវិធី​ហិរញ្ញវត្ថុ ត្រូវ​ធានា​សុវត្ថិភាព​ចំពោះ គ.ជ.ប ក្នុង​ការ​បោះពុម្ព​សន្លឹកឆ្នោត​»​។

គជប ​បានឱ្យដឹងថា ក្នុង​ពិធី​នេះ​តំណាង​គណបក្ស​នយោបាយ​ចំនួន​ ៨ ​គណបក្ស បាន​ចូលរួម​ពិនិត្យ និង​សង្កេតមើល​សង្វាក់​នៃ​ការបោះពុម្ព​សន្លឹកឆ្នោត​នៅ​រោងពុម្ព​។ ក្នុងនោះ​រួមមាន គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ហ៊្វុនស៊ិនប៉ិច គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ គណបក្ស​សញ្ជាតិ​កម្ពុជា គណបក្ស​យុវជន​កម្ពុជា គណបក្ស​ឆន្ទៈ​ខ្មែរ គណបក្ស​កម្ពុជា​និយម គណបក្ស​រស្មី​ខេមរា និង​តំណាង​អង្គការ​សមាគម​ចំនួន​ ៩ ​ព្រមទាំង​អ្នកសារព័ត៌មាន​ជាច្រើន​អង្គភាព​សរុប​ប្រមាណ​ ៤០ ​នាក់​ផងដែរ​៕