ភ្នំពេញៈ លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា​ថ្លែងថា ក្រុមការងារ​មីយ៉ាន់ម៉ា​សម្រាប់​ការសម្របសម្រួល​ជំនួយ​មនុស្សធម៌​នឹង​ធ្វើការ​ជាមួយ​គណៈកម្មាធិការ​សាមគ្គី​ជាតិ និង​កសាង​សន្តិភាព​របស់​មីយ៉ាន់ម៉ា​ ដើម្បី​ធានាថា​ជំនួយ​មនុស្សធម៌​នឹង​ចែកចាយ​ទៅដល់​តំបន់​នានា ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​អង្គការ​ប្រដាប់អាវុធ​ជនជាតិភាគតិច​ប្រកបដោយ​សុវត្ថិភាព និង​ប្រសិទ្ធភាព​។

លោក​ថ្លែង​ដូច្នេះ​ក្នុង​សន្និសីទ​កាសែត​ បន្ទាប់ពី​បិទ​បញ្ចប់​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ស្តីពី​ជំនួយ​មនុស្សធម៌​របស់​អាស៊ាន​ សម្រាប់​មីយ៉ាន់ម៉ា ដែល​លោក និង​លោក លឹម ចុក ហ៊ុយ (Lim Jock Hoi) អគ្គលេខាធិការ​អាស៊ាន ធ្វើជា​សហប្រធាន​នៅ​ថ្ងៃទី ៦ ខែឧសភា នៅ​រាជធានី​ភ្នំពេញ និង​តាម​ប្រព័ន្ធ​វីដេអូ​។

លោក ប្រាក់ សុខុន ដែលជា​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ថ្លែង​បន្តថា​៖ «​មជ្ឈមណ្ឌល​សម្របសម្រួល​អាស៊ាន​សម្រាប់​ជំនួយ​មនុស្សធម៌ ស្តីពី​ការគ្រប់គ្រង​គ្រោះមហន្តរាយ (AHA Centre) ដោយមាន​ការពិគ្រោះ​យោបល់​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រុមការងារ​មីយ៉ាន់ម៉ា​សម្រាប់​ការសម្របសម្រួល​ជំនួយ​មនុស្សធម៌​នឹង​កំណត់​ទីតាំង ​ដើម្បី​ដឹកជញ្ជូន​ការផ្តល់​ជំនួយ​មនុស្សធម៌​អាស៊ាន​នេះ​»​។

លោក​ថ្លែងថា ក្រុមការងារ​មីយ៉ាន់ម៉ា​សម្រាប់​ការសម្របសម្រួល​ជំនួយ​មនុស្សធម៌​នឹង​ពិចារណា​ទៅលើ​ទីតាំង​ចំនួន​ ២ ឬ​ ៣ ក្នុងចំណោម​តំបន់​ទាំង ​៥​ ដែល​បាន​ឯកភាព​គ្នា ក្នុងនោះ​តំបន់​ដែលមាន​ជនភៀសខ្លួន​ក្នុងស្រុក និង​សហគមន៍​រងគ្រោះ​។

លោក ប្រាក់ សុខុន ថ្លែងថា​៖ «​ដោយមាន​ការឯកភាព​ពី​ក្រុមការងារ​មីយ៉ាន់ម៉ា​សម្រាប់​ការសម្របសម្រួល​ជំនួយ​មនុស្សធម៌ មជ្ឈមណ្ឌល AHA ក្នុងនាម​ជា​អ្នកសម្របសម្រួល​ចម្បង​នឹង​សម្របសម្រួល​រាល់​សំណើ​នានា​ពី​សំណាក់​ប្រទេស​សមាជិក​អាស៊ាន ដៃគូ​ខាងក្រៅ និង​អង្គការ​អន្តរជាតិ​លើ​ការសុំចូល​តំបន់​ណាមួយ​ដោយ​ប្រើប្រាស់​យន្តការ​នេះ​»៕