កណ្ដាលៈ សម្ដេចព្រះ​ឧត្តមមុនី ជា សំអាង សមាជិក​ថេរសភា ព្រះអគ្គារធិការង និង​ជា​ព្រះ​មេគណ​ខេត្តកណ្ដាល​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ សូមជួយ​បង្កលក្ខណៈ​ងាយស្រួល​ដល់​ព្រះសង្ឃ ជាពិសេស​ញាតិ​ញោម​ពុទ្ធបរិស័ទ សូម​បន្ត​ចូលរួមចំណែក​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​ព្រះសង្ឃ​ដែល​កំពុង​សិក្សា​រៀនសូត្រ​ទៅតាម​សទ្ធា​ជ្រះថ្លា និង​តាម​លទ្ធភាព​ដែល​អាចធ្វើ​ទៅបាន ដើម្បីឱ្យ​ព្រះសង្ឃ​មានលទ្ធភាព​ក្នុងការ​សិក្សា​រៀនសូត្រ​។

ព្រះអង្គ​បន្តថា ការជួយ​ឧបត្ថម្ភ​ដល់​ព្រះសង្ឃ​នេះ គឺជា​បុណ្យ​កុសល​ដ៏ធំធេង ហើយ​នេះ​ក៏​ជាការ​ឧបត្ថម្ភ និង​ផ្ដល់ឱកាស​ទៅដល់​កូន​កសិករ ខ្វះខាត​ដែល​លោក​បាន​បួស និង​មក​រៀន​ដើម្បី​មាន​សមត្ថភាព​មាន​ចំណេះដឹង ចូលរួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​សង្គមជាតិ​ផងដែរ​។ នេះ​បើតាម​រដ្ឋបាល​ខេត្តកណ្តាល​។

សម្ដេចព្រះ​ឧត្តមមុនី ជា សំអាង បាន​មាន​សង្ឃដីកា​បែបនេះ​នៅ​ព្រឹក​ថ្ងៃទី ​៦ ខែឧសភា ឆ្នាំ​ ២០២២ ក្នុងពេលដែល​ព្រះអង្គ​បាន​និមន្ត​ជា​អធិបតី​ក្នុង​ពិធី​បើក​បវេសនកាល​នៃ​ពុទ្ធិកវិទ្យាល័យ «​ប៊ុន រ៉ានី ហ៊ុន សែន ក្រពើ​ហា​» ​ស្ថិតនៅ​សង្កាត់​ព្រែកឫស្សី ក្រុង​តាខ្មៅ ក្នុង​ឆ្នាំ​សិក្សា​ថ្មី ២០២២-២០២៣​។

ពិធី​នេះ ក៏មាន​ការអញ្ជើញ​ចូលរួម​ផងដែរ​ពី​សំណាក់ លោកស្រី​ ហ៊ុន កុសនី អភិបាលរង​ខេត្តកណ្ដាល និង​មន្ត្រី សង្ឃ ព្រះថេរានុថេរៈ លោកគ្រូ សមណ​សិស្ស​ជាង ៤០០ ​អង្គ-​នាក់​។

ជាមួយ​គ្នានេះ សម្ដេចព្រះ​ឧត្តមមុនី ជា សំអាង បាន​ណែនាំ​ដល់​សមណ​សិស្ស​ទាំងអស់​ត្រូវ​ស្រឡាញ់​ការសិក្សា​រៀនសូត្រ កុំ​បោះបង់ចោល​ការសិក្សា និង​កុំ​ខ្ជិលច្រអូស ត្រូវ​ឧស្សា​ព្យាយាម​ ដើម្បី​សម្រេចប្រយោជន៍ ដែល​ខ្លួន​មាន​សេចក្តីប្រាថ្នា​ចង់​ចេះ​ចង់ដឹង ដើម្បី​ទទួលបាន​ជោគជ័យ​ក្នុងការ​សិក្សា​រៀនសូត្រ​។

ជាងនេះ​ទៅទៀត​ត្រូវគោរព​ឱ្យបាន​ហ្មត់ចត់​នូវ​ម៉ោង​បង្រៀន និង​ម៉ោង​សិក្សា​របស់ខ្លួន ក្នុង​ទិសដៅ​សម្រេច​ឱ្យបាន​ចប់​តាម​កម្មវិធីសិក្សា​ប្រកប​ដោយ​គុណភាព និង​មានចំណេះដឹង​ពិតប្រាកដ​។

ថ្លែង​ក្នុង​ពិធី​នេះដែរ លោកស្រី​ ហ៊ុន កុសនី បាន​ចូលរួម​អបអរសាទរ​ចំពោះ​ការបើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ២០២២- ២០២៣ ព្រមទាំង​បាន​ថ្លែង​អំណរ​ព្រះគុណ និង​អរគុណ​ដល់​ថ្នាក់ដឹកនាំ​គ្រប់ លំដាប់ថ្នាក់ មន្ទីរ​ធម្មការ និង​សាសនា ក្រសួង ស្ថាប័ន មន្ទីរ​-​អង្គភាព​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី គណៈ​គ្រប់គ្រង​សាលា ពុទ្ធិកសិក្សា​គ្រប់​ភូមិ​សិក្សា ព្រះចៅអធិការ សប្បុរសជន ជាពិសេស សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ ដែល​បាន​ពុះពារ គ្រប់​ឧបសគ្គ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ និង​មាន​សាមគ្គីភាព​ក្នុង​ការចូលរួម​ជាមួយ​រដ្ឋបាលខេត្ត ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩ និង​ធានាបាន​នូវ​និរន្តរភាព​នៃ​ការសិក្សា​រៀនសូត្រ​របស់​សមណ​និស្សិត សមណ​សិស្ស និស្សិត សិស្ស តាម​គ្រប់​រូបភាព​អស់​រយៈកាល​ជាង ២ ​ឆ្នាំ​កន្លងមកនេះ​។

ព្រះឃោស​មុនីវង្ស វ័ន្ត វណ្ណោ ព្រះនាយក​ពុទ្ធិកវិទ្យាល័យ «​ប៊ុន រ៉ានី ហ៊ុនសែន ក្រពើ​ហា​» និង​ជា​ព្រះចៅអធិការ​វត្ត​ប្រជុំនទី ហៅ​វត្ត​ក្រពើហា បានឱ្យដឹងថា ក្នុង​ឆ្នាំ​សិក្សា​ ២០២២-២០២៣​ នេះ ពុទ្ធិកវិទ្យាល័យ «​ប៊ុន រ៉ានី ហ៊ុនសែន ក្រពើហា​» មាន​សមណ​សិស្ស​សរុប​ចំនួន ៣៤១ ​អង្គ​។

ពុទ្ធិកវិទ្យាល័យ​មាន​ចំនួន ១៥ មុខវិជ្ជា​សម្រាប់​សមណ​សិស្ស​សិក្សា​រៀនសូត្រ​រួមមាន ភាសាបាលី ភាសាសំស្ក្រឹត ព្រះធម៌ ពុទ្ធវិន័យ ពុទ្ធសាសនា ភាសា​ខ្មែរ ភាសា​អង់គ្លេស គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ផែនដីវិទ្យា ប្រវត្តិវិទ្យា ភូមិវិទ្យា ពលរដ្ឋវិទ្យា និង​ជីវវិទ្យា​៕