មណ្ឌលគិរីៈ លោក​ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង​នគរបាលជាតិ​តំណាង​លោកនាយ​ឧត្តមសេនីយ៍ នេត វឿន អគ្គស្នងការ​នគរបាល​ជាតិ​កាលពី​ថ្ងៃ​សុក្រ​ទី​ ៦ ​ខែឧសភា​នេះ​បាន​ណែនាំ​ដល់​មន្ត្រីនគរបាល​ខេត្តមណ្ឌលគិរី​ឱ្យ​ពង្រឹងសមត្ថភាព​លើ​ការងារ​ជំនាញ និង​ចូលរួម​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​ក្នុងពេល​បោះឆ្នោត​ខាងមុខ​ឱ្យ​ប្រព្រឹត្ត​ទៅដោយ​រលូន ត្រឹមត្រូវ តម្លាភាព យុត្តិធម៌ គ្មាន​អំពើហិង្សា និង​គ្មាន​ការគំរាមកំហែង​។ នេះ​បើ​យោងតាម​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី​។

លោក​បាន​ណែនាំ​ឱ្យ​យកចិត្ត​ទុកដាក់​ និង​ជំរុញ​លើ​ការងារ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ត្រូវ​សិក្សា​ស្រាវជ្រាវ និង​បង្កើន​គុណភាព​ដល់​នគរបាល ប៉ុស្តិ៍ រដ្ឋបាល​ធ្វើយ៉ាងណា​កុំឱ្យ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ខ្វះខាត​កម្លាំង​បន្តទៅទៀត​។ បើ​មានការ​ខ្វះខាត ត្រូវបំពេញ​បន្ថែម​ឱ្យបាន​គ្រប់គ្រាន់ ពីព្រោះ​ប៉ុស្តិ៍​រដ្ឋបាល​ជា​កម្លាំង ស្នូល​មួយ​ដ៏​សំខាន់​ជាងគេ​ក្នុងការ​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​។

លោក​ ឆាយ គឹមខឿន ​បាន​បញ្ជាក់ថា ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី បាន​រៀបចំ​សន្តិសុខ​ និង​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​បានល្អ​ប្រសើរ​។ ម្យ៉ាងវិញទៀត​លោក​ពិនិត្យឃើញថា ដើមឆ្នាំ​ ២០២២ ​នេះ សភាពការណ៍​បទល្មើស​ព្រហ្មទណ្ឌ​ក៏មាន​ការថយចុះ ដែល​នេះ​គឺជា​ការបង្ហាញ​ឱ្យឃើញ​ពី​ការយកចិត្ត​ទុកដាក់​ប្រឹងប្រែង​របស់​កងកម្លាំង​នគរបាល​ទាំងអស់ ក្រោម​ការដឹកនាំ​របស់​លោក​ឧត្តមសនីយ៍ទោ ឡោ សុខា ស្នងការ​ខេត្ត​។

លោក​ក៏បាន​ណែនាំ​ដល់​ថ្នាក់ដឹកនាំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ផងដែរ​នូវ​កិច្ចការងារ​មួយចំនួន​ទាក់ទិន​នឹង​ដំណើរការ​បោះឆ្នោត ថ្ងៃទី​ ០៥ ខែមិថុនា ឆ្នាំ​ ២០២២ ខាងមុខនេះ​។ ក្នុងនោះ​រួមមាន​រៀបចំ​ប្រព័ន្ធ​សន្តិសុខ និង​ដាក់ពង្រាយ​កម្លាំង​សម្រាប់​ការពារ​ដំណើរការ​បោះឆ្នោតក្រុមប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​ទី​ ៥ ឆ្នាំ​ ២០២២ នាពេល​ខាងមុខនេះ​។ បើ​ខ្វះ​កម្លាំង​នគរបាល​ត្រូវ​បញ្ចូល​កម្លាំង​ប្រជា​ការពារ​បន្ថែម ដើម្បី​រក្សាបាន​សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុង​ដំណើរការ​បោះឆ្នោត​នោះ​ប្រព្រឹត្ត​ទៅដោយ​រលូន ត្រឹមត្រូវ តម្លាភាព យុត្តិធម៌ គ្មាន​អំពើហិង្សា​គ្មាន​ការគំរាម​កំហែង ចាប់ដំណើរការ​បោះឆ្នោត​រហូតដល់​រាប់​សន្លឹកឆ្នោត​ និង​ដឹកជញ្ជូន​សន្លឹកឆ្នោត​។

ក្រៅពីនោះ​ក៏ត្រូវ​ពង្រឹង​សមត្ថភាព​បន្ថែម​ និង​បង្កើន​ប្រសិទ្ធភាព​ការងារ​ដល់​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទាំង​ ២១ ​ឃុំ សង្កាត់​នៅក្នុង​ខេត្តមណ្ឌលគិរី ហើយក៏​ត្រូវបង្កើត​ក្រុមការងារ​ប្រមូល​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​ ដើម្បី​បកស្រាយ ​និង​ឆ្លើយតប​នឹង​ការវាយប្រហារ​ណាមួយ​ដែល​បាន​កើតឡើង​។

លោក​ក៏​មិន​ភ្លេច​ផ្តាំផ្ញើ​ដល់​ថ្នាក់ដឹកនាំ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី ពង្រឹង​នូវ​ស្មារតី​សាមគ្គីភាព​ផ្ទៃក្នុង​ឱ្យបាន​ល្អប្រសើរ និង​ពិនិត្យ​ពិ​ច្ច័​យ​ឡើងវិញ​ទៅតាម​ការងារ​ជំនាញ​របស់ខ្លួន ដើម្បី​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម​នៅក្នុង​ខេត្តមណ្ឌលគិរី​ឱ្យបាន​ល្អប្រសើរ​បន្ថែម​ទៀត​ដើម្បី​ធានាបាន​នូវ​បរិយាកាស​ក្នុងការ​ឃោសនាការ​បោះឆ្នោត​ជ្រើសរើស ឃុំ​សង្កាត់​៕