ភ្នំពេញៈ អូស្ដ្រាលី​ប្រកាស​ជាថ្មី​នឹង​បន្ត​ផ្តល់ជំនួយ​ដល់​កម្ពុជា​ ដើម្បី​គាំទ្រ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម អប់រំ និង​សុខាភិបាល ហើយនឹង​ពិចារណា​ផ្ដល់​អាហារូបករណ៍​បន្ថែមទៀត ដើម្បី​រួមចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​កម្ពុជា​។

ការប្រកាស​ពី​ការប្តេជ្ញាចិត្ត​ឡើងវិញ​នេះ​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់​ឧត្តម​មន្ត្រី លើក​ទី ​៣ រវាង​កម្ពុជា និង​អូស្ដ្រាលី កាលពី​ថ្ងៃទី​ ៥ ខែឧសភា នៅ​ទីក្រុង​កង់បេរ៉ា ប្រទេស​អូស្ត្រាលី ដោយ​លោកស្រី ទួត បញ្ញា រដ្ឋលេខាធិការ​ក្រសួង​ការបរទេស​កម្ពុជា និង​លោកស្រី កាទ្រីណា ឃូបភើ (Katrina Cooper) អនុរដ្ឋលេខាធិការ​ក្រសួង​ការបរទេស និង​ពាណិជ្ជកម្ម​អូស្ដ្រាលី ធ្វើជា​សហប្រធាន​ដឹកនាំ​កិច្ចប្រជុំ​។

ក្រសួងការបរទេស​កម្ពុជា​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នា​ថ្ងៃទី​ ៦ ខែឧសភា ថា​៖ «​ចំពោះ​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍ ភាគី​អូស្ដ្រាលី​បានបញ្ជាក់​ឡើងវិញ​នូវ​ការប្ដេជ្ញាចិត្ត​ក្នុង​ការ​ផ្ដល់ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​ដល់​កម្ពុជា ដើម្បី​គាំទ្រ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម អប់រំ និង​សុខាភិបាល ដែល​ចូលរួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​កម្ពុជា​»​។

ភាគី​កម្ពុជា​ក៏បាន​អរគុណ​ដល់​រដ្ឋាភិបាល​អូស្ត្រាលី​ចំពោះ​ការផ្ដល់​ជំនួយ​កម្ពុជា ជាពិសេស ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ បច្ចេកទេស និង​ប្រតិបត្តិការ ក៏ដូចជា​ការផ្តល់​វ៉ាក់សាំង និង​សម្ភារ​សុខាភិបាល​ផ្សេងៗ ដើម្បី​ជួយ​កម្ពុជា​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩​។

បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល កម្ពុជា និង​អូស្ត្រាលី​បាន​ទទួលស្គាល់ថា អាហារូបករណ៍​រយៈពេល​វែង​ដែល​បាន​ផ្ដល់ជូន​និស្សិត​កម្ពុជា បាន​ចូលរួមចំណែក​ដល់​ការអភិវឌ្ឍ​ដោយ​ចីរភាព​នៅ​កម្ពុជា​។ អូស្ដ្រាលី​នឹង​ពិចារណា​ផ្ដល់​អាហារូបករណ៍​បន្ថែមទៀត​ក្នុង​វិស័យ​ពាក់ព័ន្ធ​នឹង​បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ទី ៤ សន្ដិសុខ​ប្រព័ន្ធ​អ៊ីនធឺណិត និង​សេដ្ឋកិច្ច​ឌីជីថល​ស្របតាម​តម្រូវការ​របស់​កម្ពុជា​។

ភាគី​ទាំង​ ២ ​ក៏បាន​ឯកភាព​បន្ដ​លើកកម្ពស់​ការប្រាស្រ័យ​ទាក់ទង​រវាង​ប្រជាជន និង​ប្រជាជន តាមរយៈ​ផែនការ​ញូវ​កូឡុំបូ​ថ្មី (New Colombo Plan) និង​កម្មវិធី​អ្នកស្ម័គ្រចិត្ត​អូស្ដ្រាលី (Australian Volunteers Program) ដែល​ពង្រឹង​ឱ្យមាន​ការយល់ដឹង​ពីគ្នា និង​ផ្លាស់ប្ដូរ​បទពិសោធ​ទៅវិញ​ទៅមក​។

ប្រភព​ដដែល​បន្តថា ដោយ​ទទួលស្គាល់​ថា​កម្ពុជា​គឺជា​ទិសដៅ​ពេញនិយម​សម្រាប់​និស្សិត​អូស្ដ្រាលី​មក​ហាត់​ការ និង​ដោយ​ទទួលស្គាល់ថា​អូស្ដ្រាលី​គឺជា​ទិសដៅ​ពេញនិយម​សម្រាប់​និស្សិត​កម្ពុជា​ទៅ​បន្ដ​ការសិក្សា ភាគី​ទាំង​ ២​ បាន​ឯកភាព​លើកទឹកចិត្ត​ឱ្យមាន​ទំនោរ​បែបនេះ​បន្ថែមទៀត​៕