ភ្នំពេញៈ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ជូនដំណឹង​ពី​ការចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ និង​មោឃភាព​នៃ​ប័ណ្ណ​សម្គាល់​សិទ្ធិ កាន់កាប់​ប្រើប្រាស់​ដីធ្លី​ក្នុងភូមិ​ដើមចាន់ សង្កាត់​ពន្យាង ខណ្ឌ​ព្រែកព្នៅ​ចាប់ពី​ថ្ងៃទី​ ៤ ដល់​ថ្ងៃទី​ ១០ ខែឧសភា​ឆ្នាំ​ ២០២២​ នេះ​។

រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ជម្រាប​ជូន​ថា ម្ចាស់​ក្បាលដី​ក្នុង​តំបន់​វិនិច្ឆ័យ ភូមិ​ដើមចាន់ សង្កាត់​ពន្យាង មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី រាជធានី​ភ្នំពេញ​ធ្វើ​ការចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ (​ប័ណ្ណកម្មសិទ្ធិ​) ជូន​ដល់​ម្ចាស់​ក្បាលដី​ដែល​ស្ថិតនៅក្នុង​តំបន់​វិនិច្ឆ័យ​ខាងលើ​ចាប់ពី​ថ្ងៃទី​ ០៤ ខែឧសភា​ឆ្នាំ​ ២០២២​។

សេចក្តី​ជូនដំណឹង​បាន​បញ្ជាក់ថា​៖ «​ចំពោះ​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​ប្រើប្រាស់​ដីធ្លី (​ប័ណ្ណ​ស្លាបមាន់​) ឬ​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ត ដែល​ចេញ​ដោយ​រដ្ឋបាល​សុរិយោដី​កន្លងមក​ក្នុង​តំបន់​នេះ​នឹង​ត្រូវអស់​សុពលភាព​តាមផ្លូវ​ច្បាប់ ចាប់ពី​ថ្ងៃ​ចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ខាងលើនេះ​តទៅ​»​។ ហេតុនេះ ម្ចាស់​ក្បាលដី​ស្ថិតក្នុង​ទីតាំង​ខាងលើ ដែលមាន​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​ប្រើប្រាស់​ដីធ្លី ឬ ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលន​វត្ត​កន្លងមក មេត្តា​យក​ប័ណ្ណ​ទាំងនោះ មក​ប្រគល់ឱ្យ​មន្ត្រីរដ្ឋបាល​សុរិយោដី នៅ​ភូមិ​ដើម​ចាន់ សង្កាត់​ពន្យាង ខណ្ឌ​ព្រែកព្នៅ​ចាប់ពី​ថ្ងៃទី ០៤ ខែឧសភា ឆ្នាំ​ ២០២២ ដល់​ថ្ងៃទី​ ១០ ខែ ឧសភា ឆ្នាំ ២០២២ ​ជា​កំហិត​។

ចំពោះ​ម្ចាស់បំណុល​ដែល​បានទទួល​បញ្ចាំ ឬ​ដាក់​ធានា​ពាក់ព័ន្ធ​នឹង​ក្បាលដី​ក្នុង​តំបន់​វិនិច្ឆ័យ​ខាងលើ ត្រូវយក​ប័ណ្ណ​ទាំងនោះ​មក​ជូន​មន្ត្រីរដ្ឋបាល​សុរិយោដី​ធ្វើ​និយ័តកម្ម ដើម្បី​ការធានា​ប្រាក់​របស់​ពួកគេ​៕