ភ្នំពេញៈ អភិបាលខេត្ត​ពោធិ៍សាត់​លោក ជាវ តាយ ស្នើ​អាជ្ញាធរ​ក្រុង និង​ស្រុក​ទាំងអស់​ឱ្យ​បង្កើត​ក្រុម​ព័ត៌មាន ដើម្បី​ផ្សព្វផ្សាយ​ពី​សម្មភាព​ថ្នាក់ដឹកនាំ ការអភិវឌ្ឍ​នៅក្នុង​មូលដ្ឋាន និង​សក្តានុពល​របស់​ខេត្ត​នេះ​ឱ្យបាន​ទូលំទូលាយ​។

លោក​ស្នើ​បែបនេះ​ក្នុង​កិច្ចប្រជុំ​ឆ្លង​របាយការណ៍​ប្រចាំ​ខែមេសា ឆ្នាំ​ ២០២២ របស់​រដ្ឋបាល​ខេត្តពោធិ៍សាត់ នា​ថ្ងៃទី​ ៥ ខែឧសភា​។

សាលាខេត្ត​ពោធិ៍សាត់​បញ្ជាក់​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​នា​ថ្ងៃទី​ ៦ ខែឧសភា ថា​៖ [​លោក ជាវ តាយ​] បានស្នើ​ដល់​រដ្ឋបាល​ក្រុង​ស្រុក​ទាំងអស់​ទូទាំង​ខេត្ត ត្រូវបង្កើត​ឱ្យមាន​ក្រុម​ព័ត៌មាន និង​រៀបចំ​សេចក្តី​សម្រេច​ផ្ញើមក​រដ្ឋបាលខេត្ត ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ គាំទ្រ​អំពី​សកម្មភាព​សំខាន់ៗ​របស់​ថ្នាក់ដឹកនាំ ការអភិវឌ្ឍ​នៅក្នុង​មូលដ្ឋាន និង​សក្តានុពល​ដែលមាន​នៅក្នុង​ខេត្ត​ឱ្យបាន​ទូលំទូលាយ​»​។

លោក ជាវ តាយ បាន​ថ្លែងថា មន្ទីរ​ព័ត៌មាន​ត្រូវខិតខំ​ជំរុញ​ការផ្សព្វផ្សាយ និង​ផលិត​ព័ត៌មាន​អំពី​សក្តានុពល​អភិវឌ្ឍន៍​ដែលមាន​នៅក្នុង​ខេត្ត កិច្ចការងារ​ទេសចរ​ណ៍ សកម្មភាព​ថ្នាក់ដឹកនាំ​ខេត្ត និង​សកម្មភាព​សំខាន់ៗ​ផ្សេងៗ​ទៀត ឱ្យបាន​ដល់​មហាជន ពិសេស​ជំរុញ​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​គ្រប់ៗ​គ្នា​៕