ភ្នំពេញៈ មន្ត្រី​ជំនាញ​បន្ត​រកឃើញ​ដេប៉ូ​ប្រេងឥន្ធនៈ​ចំនួន​ ៩​ ទីតាំង​បន្ថែមទៀត​ដែល​រកស៊ី​មិន​សុចរិត និង​បាន​ចាត់វិធានការ​លើ​ម្ចាស់​ដេប៉ូ ក្រោយ​ចុះ​ត្រួតពិនិត្យ​តាម​ស្ថានីយ និង​ដេប៉ូ​ប្រេងឥន្ធនៈ​ចំនួន​ ៣១ ​ទីតាំង​ក្នុង​រាជធានី ខេត្ត​ចំនួន​ ៥​។

កាលពី​ថ្ងៃទី ​៥ ខែឧសភា មន្ត្រី​ជំនាញ​នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក.ប.ប​) ប្រចាំ​សាខា​រាជធានី ខេត្ត​ចំនួន​ ៥ គឺ​ខេត្តកំពង់ចាម ខេត្ត​ឧត្តរមានជ័យ ស្វាយរៀង កណ្ដាល និង​រាជធានី​ភ្នំពេញ​បាន​ចុះ​ត្រួតពិនិត្យ​ដើម្បី​ការពារ​ផលប្រយោជន៍​អ្នកប្រើប្រាស់ ក៏ដូចជា​ទប់ស្កាត់​អំពើ​មិន​សុចរិត​ក្នុង​វិស័យ​ប្រេងឥន្ធនៈ​។

ក.ប.ប បញ្ជាក់​តាមរយៈ​ហ្វេសប៊ុក​នា​ថ្ងៃទី​ ៦ ខែឧសភា​ថា​៖ «​ដេប៉ូ​ប្រេងឥន្ធនៈ​ចំនួន ៩ ​ទីតាំង​ត្រូវបាន​មន្ត្រី​ជំនាញ​ធ្វើការ​ពិន័យ​ទៅតាម​នីតិវិធី​ក្រោយ​រកឃើញថា​មិនមាន​អនុលោមភាព​។ ការចាត់វិធានការ​ច្បាប់​គឺធ្វើឡើង​ខណៈពេល​ដែល​មន្ត្រី​ជំនាញ ក.ប.ប. ចុះ​ត្រួតពិនិត្យ​ប្រេងឥន្ធនៈ​នៅតាម​បណ្ដា​ស្ថានីយ​/​ដេប៉ូ​»​។

ក.ប.ប នៃ​ក្រសួងពាណិជ្ជកម្ម បន្តថា​៖ «​តាម​លទ្ធផល​ត្រួតពិនិត្យ​របស់​មន្ត្រី​ជំនាញ គឺ​បាន​រកឃើញ​ដេប៉ូ​ប្រេងឥន្ធនៈ​ចំនួន ៩ ​ទីតាំង​មិនមាន​អនុលោមភាព ក្នុង​ចំណោម​ស្ថានីយ​/​ដេប៉ូ​ចំនួន ៣១ ​ទីតាំង​ដែល​បាន​ត្រួតពិនិត្យ​សរុប​»៕