
រូបភាព Cambo Times
កំពង់ចាមៈ រដ្ឋបាលខេត្តកំពង់ចាមប្រកាសផ្អាកការធ្វើដំណើររយៈពេល ៤ ម៉ោង ចាប់ពីម៉ោង ៦ ដល់ម៉ោង ១០ ព្រឹក ថ្ងៃទី ៩ ខែឧសភា លើកំណាត់ផ្លូវជាតិលេខ ៧ ចាប់ពីរង្វង់មូលគល់ស្ពានគីហ្សូណាដល់រង្វង់មូលត្រីង ឃុំអូរស្វាយ ស្រុកកំពង់សៀម ដើម្បីដង្ហែសពរបស់ លោក ហ៊ុន ណេង។
តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ចាម ចុះថ្ងៃទី ៦ ខែឧសភា ដែលភ្នំពេញប៉ុស្តិ៍ទទួលបាននៅថ្ងៃនេះបានឱ្យដឹងថា ដើម្បីសម្រួលដល់ក្បួនដង្ហែសពរបស់លោក ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាមពីគេហដ្ឋានសព ស្ថិតនៅភូមិទី ៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ទៅបញ្ចុះនៅវត្តសុវណ្ណគីរីរតនៈភ្នំប្រុស ភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ៩ ខែឧសភា នេះរដ្ឋបាលខេត្តកំពង់ចាមនឹងផ្អាកចរាចរណ៍បណ្តោះអាសន្នលើកំណាត់ផ្លូវជាតិលេខ ៧ រយៈពេល ៤ ម៉ោង។
រដ្ឋបាលខេត្តកំពង់ចាមបញ្ជាក់ថា៖ «រដ្ឋបាលខេត្តកំពង់ចាម សូមផ្អាកចរាចរណ៍ជាបណ្តោះអាសន្នកំណាត់ផ្លូវជាតិលេខ ៧ ចាប់ពីរង្វង់មូលគល់ស្ពានគីហ្សូណា ដល់ រង្វង់មូលត្រីង ឃុំអូរស្វាយ ស្រុកកំពង់សៀម ចាប់ពីម៉ោង ៦ ព្រឹក ដល់ម៉ោង ១០ នាទីព្រឹក»។
ការដង្ហែក្បួននេះនឹងមានការចូលរួមពីលោកនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងភរិយារួមនឹងឥស្សរជនជាថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋចូលរួមដង្ហែសពពីគេហដ្ឋានសព ឆ្ពោះទៅវត្តសុវណ្ណគីរី រតនៈភ្នំប្រុស ចេញពីគេហដ្ឋានកាត់តាមផ្លូវព្រះមុនីវង្ស កាត់តាមគល់ស្ពានគីហ្សូណា ឆ្ពោះទៅវត្តសុវណ្ណគីរីរតនៈ ភ្នំប្រុស តាមបន្ទាយផ្លូវជាតិលេខ ៧។
រដ្ឋបាលខេត្តកំពង់ចាមបានឱ្យដឹងថា ចំពោះបងប្អូនប្រជាពលរដ្ឋ សាធារណជន និងបងប្អូនម្ចាស់យានយន្តគ្រប់ប្រភេទ ដែលនឹងធ្វើដំណើរចូលមកក្រុងកំពង់ចាម តាមផ្លូវជាតិលេខ ៧ ឬផ្លូវជាតិ ៧១ ត្រូវវាងតាមផ្លូវលេខ ៧០ តាមផ្សារព្រៃទទឹង និង ផ្លូវខេត្តលេខ ២៧០ ឆ្លងកាត់តាមពាមជីកង ស្រុកកងមាស។ សម្រាប់បងប្អូនដែលធ្វើដំណើរពីខេត្តត្បូងឃ្មុំ ឆ្ពោះទៅចូលមកកាន់ក្រុងកំពង់ចាម ឬទៅរាជធានីភ្នំពេញ ខេត្តកំពង់ធំ និងខេត្តសៀមរាប ត្រូវឆ្លងតាមផ្លូវបេតុង ឃុំជីរោទិ៍ ស្រុកត្បូងឃ្មុំឆ្ពោះទៅស្ពានស្ទឹងត្រង់ក្រូចឆ្មារ កាត់តាមស្រុកចំកាលើ ឬត្រូវបង្វែរទិសដៅទៅតាមផ្លូវជាតិ លេខ ១១ ឆ្ពោះទៅផ្លូវជាតិលេខ ៨ វិញ ៕