
ភ្នំពេញៈ កម្លាំងជំនាញគ្រាប់យុទ្ធភណ្ឌសង្គ្រាមរបស់អង្គភាពស៊ីម៉ាក់បានប្រទះឃើញគ្រាប់បែកទម្លាក់ពីយន្តហោះ ប្រភេទ AN-M66 (ឬ AN-M34) ទម្ងន់ជិត ១ តោនស្ថិតនៅទន្លេបួនមុខក្បែរសណ្ឋាគារសុខាភ្នំពេញ និងទល់មុខព្រះបរមរាជវាំងកាលថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២២។
លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានឱ្យដឹងថា ក្រោយប្រទះឃើញគ្រាប់បែក កម្លាំងជំនាញគ្រាប់យុទ្ធភណ្ឌសង្គ្រាមរបស់អង្គភាពស៊ីម៉ាក់ បានធ្វើការត្រួតពិនិត្យ និងបោសសម្អាតគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទ AN-M66 (ឬAN-M34) នោះ។
លោកអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាបានឱ្យដឹងថា គ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទ AN-M66 នេះមានទម្ងន់ជិត ១ ០០០ គីឡូក្រាម មានជាតិផ្ទុះជាង ៥០០ គីឡូក្រាម ដែលមានថាមពលបង្កគ្រោះថ្នាក់ខ្ពស់ ជាគ្រាប់បែកផលិតនៅសហរដ្ឋអាមេរិក និងជាសំណល់ពីសង្គ្រាម។
លោកថ្លែងថា៖ «ប្រសិនជាករណីអាក្រក់បំផុតកើតឡើងដោយការផ្ទុះគ្រាប់បែកនេះ អាចបង្កការខូចខាតធ្ងន់ធ្ងរដល់សណ្ឋាគារ លំនៅឋានប្រជាពលរដ្ឋ និងព្រះបរមរាជវាំង មិនខានឡើយ! នេះជាសំណាងមួយល្អណាស់សម្រាប់កម្ពុជា» ។
លោក ហេង រតនា បន្តថា តាមទិន្នន័យព័ត៌មានមានគ្រាប់បែកប្រភេទ AN-M66 នេះចំនួន ១១ គ្រាប់ក្នុងចំណោមគ្រាប់រាប់លានគ្រាប់ ដែលបានទម្លាក់នៅកម្ពុជា។ លោកបានថ្លែងអំណរគុណដល់អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ ដែលបានសហការយ៉ាងជិតសិ្នទ្ធជាមួយកម្លាំងអង្គភាពស៊ីម៉ាក់ ក្នុងការជម្លៀសគ្រាប់បែកដ៏ធំមួយនេះចេញពីទីតាំងរាជធានីភ្នំពេញទៅរកកន្លែងសុវត្ថិភាព ដើម្បីកម្លាំងជំនាញអង្គភាពស៊ីម៉ាក់ធ្វើការដោះបន្សាប ធានាសុខសុវត្ថិភាពជូនសង្គមជាតិ៕