
រូបភាព នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ
ភ្នំពេញៈ អគ្គិភ័យមួយកន្លែងបានកើតឡើងនៅចំណុច ភូមិ ២ ក្រុម ៤ សង្កាត់ច្រាំងចំរេះ ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅវេលាម៉ោង ២៣ យប់ ថ្ងៃទី ០៦ ខែឧសភា ឆ្នាំ ២០២២ បណ្តាលឱ្យខូចខាតផ្ទះថ្មក្រោមឈើលើចំនួន ១៨ ខ្នង ប៉ុន្តែមិនមានមនុស្សរងរបួស ឬស្លាប់នោះទេ ខណៈមូលហេតុនៃការឆេះនេះសមត្ថកិច្ចកំពុងស្រាវជ្រាវ។
នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានសរសេរនៅលើទំព័រហ្វេសប៊ុកនៅព្រឹកថ្ងៃទី ៧ ខែឧសភានេះឱ្យដឹងថា ក្នុងការពន្លត់អគ្គិភ័យនេះ កងកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះបានប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យចំនួន ២១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៤២ រថយន្ត ស្មើនឹង ១៦៨ ម៉ែត្រគុប។
នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យបានឲ្យដឹងថា ករណីអគ្គិភ័យនេះបានពន្លត់ចប់នៅវេលាម៉ោង ១ រំលងអាធ្រាត្រ ថ្ងៃទី ៧ ខែឆ្នាំដដែល។ ក្នុងនោះ រថយន្តជំនួយអន្តរាគមន៍ក្នុងការពន្លត់ រួមមាន រថយន្តសាលាខណ្ឌឫស្សីកែវ ចំនួន ១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២ រថយន្ត ស្មើនឹង ៨ ម៉ែត្រគុប។ រថយន្តក្រុមហ៊ុន OCIC ទីក្រុងជ្រោយចង្វារ ចំនួន ៧ គ្រឿង ប្រើប្រាស់អស់ចំនួន ៧ រថយន្ត ស្មើរនឹង ២៨ ម៉ែត្រគុប។ រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ១ គ្រឿង ប្រើប្រាស់ទឹកចំនួន ១ រថយន្ត ស្មើនឹង ៤ ម៉ែត្រគុប។
នាយកដ្ឋាននេះបញ្ជាក់ថា ហេតុការណ៍អគ្គិភ័យនេះមិនមាននរណាម្នាក់រងរបួស ឬស្លាប់នោះទេ ចំណែកមូលហេតុនៃការឆេះសមត្ថកិច្ចជំនាញកំពុងបន្តការស្រាវជ្រាវ។ រីឯការខូចខាតមានសំណង់ផ្ទះថ្មក្រោមឈើលើចំនួន ១៨ ខ្នង៕
វីដេអូ៖