The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ក្រសួង​បរិស្ថាន​កំពុង​ពន្លឿន​អនុក្រឹត្យ​ ២ ​ដើម្បី​ទាញយក​ផលប្រយោជន៍​សេដ្ឋកិច្ច​ជាតិ

ក្រសួង​បរិស្ថាន​កំពុង​ពន្លឿន​អនុក្រឹត្យ​ ២ ​ដើម្បី​ទាញយក​ផលប្រយោជន៍​សេដ្ឋកិច្ច​ជាតិ

Content image - Phnom Penh Post
រូបភាព Ministry of Environment

ក្រសួង​បរិស្ថាន​កំពុង​ពន្លឿន​អនុក្រឹត្យ​ ២ ​ដើម្បី​ទាញយក​ផលប្រយោជន៍​សេដ្ឋកិច្ច​ជាតិ

ភ្នំពេញៈ ក្រសួង​បរិស្ថាន​ជំរុញ​ឱ្យ​មន្ត្រី​ជំនាញ​ពន្លឿន​ការរៀបចំ​សេចក្តីព្រាង​អនុក្រឹត្យ​ចំនួន​ ២ ឱ្យបាន​ឆាប់​រហូត​ទទួលបាន​ការអនុម័ត ដើម្បី​ទាញ​ផលប្រយោជន៍​ដល់​សេដ្ឋកិច្ច​ជាតិ និង​បង្កើន​ជីវភាព​រស់នៅ​របស់​សហគមន៍​មូលដ្ឋាន​។

សេចក្តី​ព្រាង​អនុក្រឹត្យ​ទាំង​ ២ ​នេះ​រួមមាន សេចក្តី​ព្រាង​អនុក្រឹត្យ​ស្ដីពី​ការគ្រប់គ្រង​យន្តការ​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់ (GHG) និង​សេចក្តីព្រាង​អនុក្រឹត្យ​ស្តីពី​ការប្រមូល​ និង​ការបែងចែក​ផលប្រយោជន៍​ពី​ការប្រើប្រាស់​ធនធាន​ពន្ធុ (ABS)​។

នា​ថ្ងៃទី​ ៦ ខែឧសភា លោក ទិន ពន្លក អនុប្រធាន​ទី​ ២ ​នៃ​ក្រុម​ប្រឹក្សាជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព និង​ជា​រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​បាន​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ និង​ពិភាក្សា​លើ​សេចក្តី​ព្រាង​អនុក្រឹត្យ​ទាំង​ ២ ​នេះ​។

ការរៀបចំ​សេចក្តី​ព្រាង​អនុក្រឹត្យ ABS មាន​គោលបំណង​ ដើម្បី​ទាញយក​ផលប្រយោជន៍​ពី​អ្នកប្រើប្រាស់​ធនធាន​ពន្ធុ​សម្រាប់​គាំទ្រ​ដល់​សេដ្ឋកិច្ច​-​សង្គម និង​ថែរ​រក្សា​ការពារ និង​អភិរក្ស​ធនធាន​ពន្ធុ​នៅ​កម្ពុជា រួមទាំង​ចំណេះដឹង​ជា​ប្រពៃណី​ពាក់ព័ន្ធ​។

ក្រុមមន្ត្រី​បាន​ជំរុញ​ដល់​ការរៀបចំ​សម្រាប់​សេចក្តីព្រាង​អនុក្រឹត្យ​ស្តីពី GHG ដែល​ចូលរួមចំណែក​ក្នុងការ​លើកកម្ពស់​ការ​វិនិយោគ​ថាមពល​ស្អាត​ និង​ថាមពល​កកើត​ឡើងវិញ ការស្រាវជ្រាវ និង​ការផ្ទេរ​បច្ចេកវិទ្យា​មេត្រី​បរិស្ថាន ការកាត់បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ដើម្បី​ឆ្លើយតប​នឹង​ការប្រែប្រួល​អាកាសធាតុ​សកល ក្រោម​អនុសញ្ញា​ក្របខ័ណ្ឌ​សហប្រជាជាតិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​។

ក្រសួង​បរិស្ថាន​បញ្ចាក់​ក្នុង​ហ្វេសប៊ុក​នា​ថ្ងៃទី​ ៦ ខែឧសភា ថា​៖ «​មិនតែប៉ុណ្ណោះ​អនុក្រឹត្យ​ស្តីពី GHG នឹងចូលរួម​ចំណែក​ដល់​ការលើក​កម្ពស់​ជីវភាព​សហគមន៍​មូលដ្ឋាន តាមរយៈ​ការអនុវត្ត​គម្រោង​នានា និង​បង្កើន​ភាព​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ សំដៅ​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព​របស់​រាជរដ្ឋាភិបាល​»​។

ក្រសួង​បរិស្ថាន​បញ្ចាក់​ថា​៖ «​អង្គប្រជុំ​ក៏បាន​ឯកភាព​ជាគោលការណ៍​ទៅលើ​ខ្លឹមសារ​នៃ​សេចក្តីព្រាង​អនុក្រឹត្យ​ទាំង​ ២ និង​ជំរុញ​លើក​ទឹកចិត្ត​ឱ្យ​បន្ត​ការរៀបចំ​សេចក្តីព្រាង​អនុក្រឹត្យ​នេះ​ឱ្យបាន​ឆាប់​រហូត​ទទួលបាន​ការអនុម័ត ដើម្បី​ទាញយក​ថវិកា និង​ផលប្រយោជន៍​នានា​សម្រាប់​គាំទ្រ​ដល់​សេដ្ឋកិច្ចជាតិ និង​បង្កើន​ជីវភាព​រស់នៅ​របស់​សហគមន៍​មូលដ្ឋាន​»៕

អត្ថបទគួរចាប់អារម្មណ៍