ភ្នំពេញៈ មូលនិធិ​សហប្រជាជាតិ​សម្រាប់​ប្រជាជន (UNFPA) និង​រាជរដ្ឋាភិបាល​ជប៉ុន នៅ​ថ្ងៃទី​ ៦ ខែឧសភា បានប្រកាស​ដាក់ឱ្យ​ដំណើរការ​គម្រោង​ថ្មី​ដែល​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការកសាង​ប្រព័ន្ធ​សុខាភិបាល​ដែលមាន​ភាព​ធន់ និង​ឆ្លើយតប​ទៅតាម​តម្រូវការ​ដើម្បី​ធានាថា ​ប្រជាជន​ដែល​ងាយ​រងគ្រោះ​ក្នុង​តំបន់​គោលដៅ​នៅតែ​បន្ត​ទទួលបាន​សេវា​សុខភាព​ផ្លូវភេទ សុខភាព​បន្ត​ពូជ សុខភាព​មាតា​និង​ទារក ប្រកបដោយ​គុណភាព និង​ព័ត៌មាន​ចាំបាច់​ក្នុងអំឡុងពេល​រាតត្បាត​នៃ​ជំងឺ​កូ​វីដ ​១៩​។​

UNFPA បញ្ជាក់​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​កនា​ថ្ងៃទី​៧ ខែឧសភា ថា ជាមួយនឹង​មូលនិធិ​ប្រមាណ ១,១៧ លាន​ដុល្លារ​ពី​រាជរដ្ឋាភិបាល​ជប៉ុន​តា​មរយៈ UNFPA ប្រចាំ​នៅ​កម្ពុជា គម្រោង​នេះ​បង្កើត​ឱកាស​ទាន់ពេលវេលា ដើម្បី​បន្តធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​មួយចំនួន រួមមាន ក្រសួងសុខាភិបាល ក្រសួង​កិច្ចការនារី និង​ក្រសួង​អប់រំ យុវជន និង​កីឡា​។​

​គម្រោង​នេះ​ផ្ដោតជាសំខាន់​លើ​ការលើកកម្ពស់​សេវា​សង្គ្រោះបន្ទាន់​ផ្នែក​សម្ភព​និង​ការថែទាំ​ទារក​ទើបនឹង​កើត នៅក្នុង​ខេត្ត​ភាគ​ឦសាន តាមរយៈ​ការផ្តល់​ឧបករណ៍​សង្គ្រោះ​ជីវិត និង​មធ្យោបាយ​បញ្ជូន​ដែលមាន​ដូចជា រថយន្ត​សង្គ្រោះបន្ទាន់ ជាដើម​។​

​គម្រោង​នេះ​ផ្តោត​ផងដែរ​លើ​ការពង្រឹង​សមត្ថភាព​អ្នកផ្តល់​សេវា​សុខាភិបាល និង​ការលើកកម្ពស់​ការផ្ដល់​សេវា​សុខភាព​ផ្លូវភេទ សុខភាព​បន្ត​ពូជ សុខភាព​មាតា​និង​ទារក សំខាន់ៗ​តាមរយៈ​ការពង្រីក​វេទិកា​សិក្សា​តាម​ប្រព័ន្ធ​អេឡិចត្រូនិក និង​សេវា​ថែទាំ​សុខភាព​ពី​ចម្ងាយ​។

​គម្រោង​នេះ​ថែមទាំង​ផ្តោតលើ​ការធ្វើឱ្យ​កាន់តែ​ប្រសើរឡើង​នូវ​លទ្ធភាព​ទទួលបាន​ព័ត៌មាន​ចាំបាច់ និង​សេវា​សុខភាព​ផ្លូវភេទ សុខភាព​បន្ត​ពូជ សុខភាព​មាតា​និង​ទារក​សម្រាប់​ប្រជាជន​ងាយ​រងគ្រោះ​រួមទាំង យុវជន និង​ជនរងគ្រោះ​ដោយសារ​អំពើហិង្សា​ផ្អែកលើ​យេនឌ័រ តាមរយៈ​ការប្រើប្រាស់​វេទិកា​ឌីជីថល​ន​វា​នុ​វត្ត​។

UNFPA បញ្ជាក់ថា​៖ «UNFPA បាន​គាំទ្រ និង​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល​ដែល​ធន់​នឹង​រោគរាតត្បាត​ដែល​កំពុង​បន្ត​កើតមាន និង​ត្រៀមខ្លួន​ឱ្យ​កាន់តែ​ប្រសើរឡើង​សម្រាប់​គ្រោះមហន្តរាយ​នាពេលខាងមុខ​»៕