មណ្ឌលគិរីៈ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អគ្គ​ស្នងការរង​នគរបាលជាតិ បាន​ជំរុញ​ឱ្យ​នគរបាល​ការិយាល័យ​ជំនាញ​នៅ​ខេត្តមណ្ឌលគិរី ត្រូវ​សិក្សា​ស្រាវជ្រាវ និង​បង្កើន​គុណភាព​ដល់​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល ធ្វើយ៉ាងណា​កុំឱ្យ​ប៉ុស្តិ៍នគរបាល​រដ្ឋបាលរ​បស់​ខ្លួន​ខ្វះខាត​កម្លាំង ព្រោះ​ប៉ុស្តិ៍​រដ្ឋបាល​ជា​កម្លាំង​ស្នូល​មួយ​ដ៏​សំខាន់​ក្នុងការ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​។

​ការ​ថ្លែង​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន បែបនេះ​ធ្វើឡើង ក្នុងពេល​ជួប​សំណេះសំណាល និង​ពង្រឹងសមត្ថភាព​លើ​ការងារ​ជំនាញ​ការិយាល័យ​ទាំង​បួន​នៅតាម​បណ្តា​ផែន​នីមួយៗ​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី នៅ​ថ្ងៃទី​៦ ខែឧសភា​។

​លោក​ឆាយ គឹម ខឿន ថ្លែងថា​៖«​បើ​មានការ​ខ្វះខាត​កម្លាំង​ត្រូវបំពេញ​បន្ថែម​ឱ្យបាន​គ្រប់គ្រាន់​ពីព្រោះ​ប៉ុស្តិ៍​រដ្ឋបាល​ជា​កម្លាំង​ស្នូល​មួយ​ដ៏​សំខាន់​ជាងគេ​ក្នុងការ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​»​។​

​ជាមួយគ្នា​នោះ​លោក​អគ្គ​ស្នងការរង​នគរបាលជាតិ បាន​ណែនាំ ដល់​ការិយាល័យ​ជំនាញ​ទាំង​បួន​នៅ​ខេត្តមណ្ឌលគិរី ត្រូវ​យកចិត្តទុកដាក់​បង្កើន​សម្ថ​ភាព​ទៅតាម​បណ្តា​ការិយាល័យ​ជំនាញ​នីមួយៗ ជាពិសេស​ការងារ​ព្រហ្មទណ្ឌ ត្រូវ​ត្រួតពិនិត្យ​ការងារ និង​វាយតម្លៃ​ការងារ​ឡើងវិញ​ឱ្យបាន​ច្បាស់លាស់ និង​ស៊ីជម្រៅ​។ ចំណែក​ការងារ​សន្តិសុខ​ត្រូវ​ក្តាប់​ព័ត៌មាន ស្តីពី​សន្តិសុខ​សណ្តាប់ធ្នាប់ នៅតាម​បណ្តា​មូលដ្ឋាន​ក្នុង​យុទ្ធនាការ​បោះឆ្នោត​ឃុំ សង្កាត់ អាណត្តិ​ទី ៥ ដែល​នឹង​ឈានចូល​មកដល់​នាពេល​ខាងមុខនេះ​។​

​លោក​បាន​លើកឡើងថា ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី បានរៀបចំ​សន្តិសុខ និង​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​បានល្អ​ប្រសើរ ម្យ៉ាងវិញទៀត​ពិនិត្យឃើញថា ដើមឆ្នាំ ២០២២​នេះ សភាពការណ៍​បទល្មើស​ព្រហ្មទណ្ឌ​ក៏មាន​ការថយចុះ ផងដែរ​។ នេះ​គឺជា​ការបង្ហាញឱ្យឃើញ​ពី​ការយកចិត្តទុកដាក់​ប្រឹងប្រែង​របស់​កងកម្លាំង​នគរបាល​ទាំងអស់ ដែល​បាន​ខិតខំ​យកចិត្តទុកដាក់​បំពេញ​តួនាទី​របស់ខ្លួន​ក្នុង​កិច្ចការ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត បានល្អ​ប្រសើរ​គួរ​ជាទី​មោទនភាព​។​

​លោក​អគ្គ​ស្នងការរង ក៏បាន​ណែនាំ​ដល់​ថ្នាក់ដឹកនាំ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី ត្រូវ​រៀបចំ​ប្រព័ន្ធ​សន្តិសុខ និង​ដាក់ពង្រាយ​កម្លាំង​សម្រាប់​ការពារ​ដំណើរការ​បោះឆ្នោតក្រុមប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ នាពេល​ខាងមុខនេះ បើ​ខ្វះ​កម្លាំង​នគរបាល​ត្រូវ​បញ្ចូល​កម្លាំង​ប្រជា​ការពារ​បន្ថែម ដើម្បី​រក្សាបាន​សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុង​ដំណើរការ​បោះឆ្នោត​នោះ ប្រព្រឹត្ត​ទៅដោយ​រលូន ត្រឹមត្រូវ តម្លាភាព យុត្តិធម៌ គ្មាន​អំពើហិង្សា គ្មាន​ការគំរាមកំហែង ចាប់ដំណើរការ​បោះឆ្នោត​រហូតដល់​រាប់​សន្លឹកឆ្នោត និង​ដឹកជញ្ជូន​សន្លឹកឆ្នោត​។ ជាមួយគ្នា​នោះ ត្រូវបង្កើត​ក្រុមការងារ​ប្រមូល​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​ដើម្បី​បកស្រាយ និង​ឆ្លើយតប​នឹង​ការវាយប្រហារ​ណាមួយ​ដែល​បាន​កើតឡើង​ផងដែរ​៕​