ភ្នំពេញៈ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានឱ្យដឹងថា នៅ​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០២២​នេះ ក្រសួង​នឹង​ចាប់ផ្តើម​ធ្វើការ​បន្ត​សុពលភាព​ប័ណ្ណ​ពលករ​កម្ពុជា​ទៅធ្វើ​ការ​នៅ​បរទេស (OCWC) និង​លិខិត​ធ្វើដំណើរ​ពលករ​កម្ពុជា​ធ្វើការ​នៅ​បរទេស (TD) ដល់​ពលករ​កម្ពុជា ដែល​កំពុងស្នាក់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ​។

​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ជា​ប្រធាន គណៈកម្មការ​ផ្តល់​ភាពស្របច្បាប់​ដល់​ពលក​រ​កម្ពុជា បានឱ្យដឹងថា សាធារណជន ជាពិសេស​បងប្អូន​ពល​ករ​កម្ពុជា​ទាំងអស់​ដែលមាន​ប័ណ្ណ​ពលករ​កម្ពុជា​ទៅធ្វើ​ការ​នៅ​បរទេស (OCWC) និង​លិខិត​ធ្វើដំណើរ​ពលករ​កម្ពុជា​ធ្វើការ​នៅ​បរទេស (TD) ដែល​បាន​ផុត​សុពលភាព ឬ សុពលភាព​នៅសល់​ក្រោម​រយៈពេល ៦​ខែ អាចមក​បន្ត​សុពលភាព​បាន ដោយ​ដាក់ពាក្យ​ស្នើសុំ និង​ទទួល​ឯកសារ​បន្ត​សុពលភាព OCWC និង TD តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម របស់​នាយកដ្ឋាន​មុខរបរ​នៃ​ក្រសួង​ការងារ​នៃ​ព្រះរាជាណាចក្រ​ថៃឡង់​ដ៍ តាម​គេហទំព័រ https://cambodia-doe.com តែមួយគត់​។

​លិខិត​ជូនដំណឹង​របស់លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ចុះ​ថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២២ បានឱ្យដឹងថា ការដាក់​ពាក្យស្នើសុំ​បន្ត​សុពលភាព OCWC និង TD តម្រូវឱ្យ​ភ្ជាប់​ឯកសារ​មួយចំនួន​ដូចជា​៖ ស្កែ​ន​រូបថត​ទំហំ ៤x៦ របស់​ពលករ​កម្ពុជា ស្កែ​ន OCWC ដែល​ផុត​សុពលភាព ចូលក្នុង​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម ស្កែ​ន TD ដែល​បាន​ផុត​សុពលភាព ឬ​សុពលភាព​នៅសល់​ក្រោម​រយៈពេល ៦​ខែ​ចូលក្នុង​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​។ និង ផ្តល់​ឯកសារ​សំណៅ​ដើម OCWC និង TD ដល់​មន្ត្រី​នាយកដ្ឋាន​មុខរបរ​នៃ​ក្រសួង​ការងារ នៃ​ព្រះរាជាណាចក្រ​ថៃឡង់​ដ៍​តែមួយគត់ ដែលមាន​អាសយដ្ឋាន Mitmaitri Road, Dindaeng, Bangkok 10400, Thailand ។

​ចំពោះ​ការ​ដំណើរការ​ឯកសារ នាយកដ្ឋាន​មុខរបរ​នៃ​ក្រសួង​ការងារ​នៃ​ព្រះរាជាណាចក្រ​ថៃឡង់​ដ៍ នឹង​បញ្ជូន​ទិន្នន័យ​ពាក្យស្នើសុំ​បន្ត​សុពលភាព​របស់​ពលក​រ​កម្ពុជា មក​ប្រព័ន្ធ​ទិន្នន័យ OCWC និង TD របស់​គណៈកម្មការ​ផ្តល់​ភាពស្របច្បាប់ តាមរយៈ API​។ ព្រមទាំង​ប្រគល់​ឯកសារ​សំណៅ​ដើម OCWC និង TD មក​ការិយាល័យ​តំណាង​របស់​អនុព័ន្ធ​ការងារ​កម្ពុជា​ដែលមាន​ទីតាំង​នៅក្នុង​នាយកដ្ឋាន​មុខរបរ​នៃ​ក្រសួង​ការងារ​នៃ​ព្រះរាជាណាចក្រ​ថៃឡង់​ដ៍ ដើម្បី​បញ្ជូន​បន្តទៅ​ស្ថានទូត​ព្រះរាជាណាចក្រ​កម្ពុជា​​ប្រចាំ​ព្រះរាជាណាចក្រ​ថៃឡង់​ដ៍​។

​លោក រដ្ឋមន្ត្រីក្រសួង​ការងារ​បានឱ្យដឹងថា គណៈកម្មការ​ផ្តល់​ភាពស្របច្បាប់ នឹង​ផ្ទៀងផ្ទាត់​ទិន្នន័យ និង​អនុម័ត​បន្ត​សុពលភាព OCWC និង ID​។ ទទួល​ឯកសារ​សំណៅ​ដើម OCWC និង TD ពី​នាយកដ្ឋាន​មុខរបរ នៅ​ការិយាល័យ តំណាង​របស់​អនុព័ន្ធ​ការងារ​កម្ពុជា ដែលមាន​ទីតាំង​នៅក្នុង​នាយកដ្ឋាន​មុខរបរ​នៃ​ក្រសួង​ការងារ​នៃ​ព្រះរាជាណាចក្រ​ថៃឡង់​ដ៍​តែមួយគត់​។​

​លោក​បន្តថា គណៈកម្មការ​ផ្តល់​ភាពស្របច្បាប់ និង​ស្ថានទូត​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ព្រះរាជាណាចក្រ​ថៃឡង់​ដ៍ សហការ​ជាមួយ​នាយកដ្ឋាន​មុខរបរ និង​មន្ទីរ​ការងារ នៃ​ក្រសួង​ការងារ​នៃ​ព្រះរាជាណាចក្រ​ថៃឡង់​ដ៍​ដើម្បី​ចែក OCWC និង TD ដែល​បាន​បន្ត​សុពលភាព​រួចរាល់ ជូន​ពលករ​កម្ពុជា​/​និយោជក នៅ​ការិយាល័យ​តំណាង របស់​អនុព័ន្ធ​ការងារ​កម្ពុជា ដែលមាន​ទីតាំង​នៅក្នុង​នាយកដ្ឋាន​មុខរបរ​នៃ​ក្រសួង​ការងារ​នៃ​ព្រះរាជាណាចក្រ​ថៃឡង់​ដ៍​។

​ការពិនិត្យ​ពាក្យស្នើសុំ​បន្ត​សុពលភាព និង​អនុម័ត OCWC និង TD មាន​រយៈពេល ៥​ថ្ងៃ​នៃ​ថ្ងៃ​ធ្វើការ​ក្នុងករណី​ឯកសារ​បញ្ជូនមក​ត្រឹមត្រូវ​។ ចំណែក​តម្លៃ​បន្ត​សុពលភាព OCWC និង TD ចំនួន ១ ៤០០ (​មួយ​ពាន់​បួន​រយ​) បាត ក្នុង​ពលករ​ម្នាក់​។

​លោក​បញ្ជាក់ថា​៖ «​បងប្អូន​ពលករ​កម្ពុ​ជា​/​និយោជក​អាចមក​ទទួល​ឯកសារ​បន្ត​សុពលភាព OCWC និង TD ទៅតាម​ការ​ណាត់​នៅ​ការិយាល័យ​តំណាង​របស់​អនុព័ន្ធ​ការងារ​កម្ពុជា ដែលមាន​ទីតាំង​នៅក្នុង​នាយកដ្ឋាន​មុខរបរ​នៃ​ក្រសួង​ការងារ នៃ ព្រះរាជាណាចក្រ​ថៃឡង់​ដ៍​ដែលមាន​អាសយដ្ឋាន Mitmaitri Road, Dindaeng, Bangkok 10400, Thailand»៕

វីដេអូ៖