ភ្នំពេញៈ អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន (NACD) បានស្នើ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​គ្រឿងញៀន និង​ឧក្រិដ្ឋកម្ម (UNODC) និង​នគរបាល​សហព័ន្ធ​អូស្ត្រាលី (AFP) បន្ត​ផ្តល់ជំនួយ​ដល់​កម្ពុជា​ថែមទៀត​ទាំង​ផ្នែក​បច្ចេកទេស និង​សម្ភារ​ដើម្បី​ពង្រឹង​កិច្ចការ​ស៊ើបអង្កេត​បទ​ល្មើស​សម្អាត​ប្រាក់​។​

​អគ្គលេខាធិការដ្ឋាន​នៃ NACD បញ្ជាក់​ក្នុង​ហ្វេ​ស​ប៊ុ​កនា​ថ្ងៃទី​៧ ខែឧសភា ថា​៖ «​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ មាស វិ​រិ​ទ្ធ អគ្គលេខាធិការ នៃ​អគ្គលេខាធិការដ្ឋាន​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​កម្ពុជា​បានស្នើ​ឱ្យដល់ UNODC និង​AFP បន្ត​ជួយ​គាំទ្រ​ដល់​កម្ពុជា​បន្ថែម ទាំង​បច្ចេកទេស និង​សម្ភារ ពិសេស​ជូន​ដល់​ស្ថាប័ន​អនុវត្ត​ច្បាប់​របស់​កម្ពុជា ដើម្បី​លើកកម្ពស់ និង​ពង្រឹងសមត្ថភាព​លើ​កិច្ចការ​ស៊ើបអង្កេត​បទ​ល្មើ​សម្អាត​ប្រាក់​»​។​

​លោក​ស្នើ​បែបនេះ​ក្នុង​ពិធី​បិទ​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការស៊ើបអង្កេត​បទល្មើស​សម្អាត​ប្រាក់ ដែលជា​ផល​នៃ​បទល្មើស​ដែល​ធ្វើឡើង​រយៈពេល​៥​ថ្ងៃ ចាប់ពី​ថ្ងៃទី​២ ដល់​ថ្ងៃទី​៦ ខែឧសភា នៅ​រាជធានី​ភ្នំពេញ​។​

​នៅ​ចំពោះមុខ​តំណាង​អង្គការ UNODC និង​តំណាង AFP ប្រចាំ​កម្ពុជា លោក មាស វិ​រិ​ទ្ធ​ថ្លែងថា កន្លងមក UNODC តែងតែ​គាំទ្រ​ដល់​អគ្គលេខាធិការដ្ឋាន NACD ដើម្បី​រួមចំណែក​លើកកម្ពស់​សម​ត្ថ​ភាព ចំណេះដឹង​មន្ត្រី​អនុ​វ​តុ្ត​ច្បាប់​គ្រឿងញៀន​នៅ​កម្ពុជា និង​ចូលរួម​សហ​ប្រតិ​ប​តិ្ត​ការល្អ​ក្នុង​ការបង្ការ​ទប់ស្កាត់​រាល់​សកម្មភាព​ចរាចរ​ជួញដូរ​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់ និង​ទប់ស្កាត់​រាល់​សកម្មភាព​បង្វែរ​សារធាតុ​គីមី​ផ្សំ​យកទៅ​សំយោគ​លួចលាក់​កែច្នៃ​ផលិត​គ្រឿងញៀន​ខុសច្បាប់ ទាំង​នៅក្នុង​តំបន់ និង​សកលលោក​។​

​លោក​ថ្លែងថា វគ្គ​បណ្តុះបណ្តាល​នេះ​គឺជា​ចំណេះដឹង​ថ្មី​មួយទៀត​សម្រាប់​មន្ត្រី​អនុវត្ត​ច្បាប់​កម្ពុជា ដែល​កន្លងមក​សិក្ខាកាម​មួយចំនួន​មិនដែល​ធ្លាប់ ឬ​បានឮ​នូវ​អ្វី​ជា​បទល្មើស​សម្អាត​ប្រាក់ ដែលជា​ភារកិច្ច​បន្ថែម​ក្នុងចំណោម​ភារកិច្ច​នានា​របស់​មន្ត្រី​សម្អាត​ប្រាក់​៕​