
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានថ្លែងថា អ្នកសារព័ត៌មានមាននាទីសំខាន់ណាស់ក្នុងការផ្សព្វផ្សាយកន្ត្រាក់អារម្មណ៍ ឱ្យប្រជាពលរដ្ឋបានយល់ដឹងអំពីសារៈសំខាន់នៃការរៀបចំព្រឹត្តិការណ៍ SEA-Games & ASEANPARA-Games ឆ្នាំ ២០២៣ ហើយក៏ជាអ្នកដែលត្រូវតាមដាន និងលើកពីកីឡានេះចាប់ពីពេលនេះតទៅផងដែរ។
ក្នុងសន្និសីទសារព័ត៌មាន ស្តីពីដំណើរឆ្ពោះទៅព្រឹត្តិការណ៍ SEA-Games & ASEANPARA-Games ឆ្នាំ២០២៣ ដែលធ្វើឡើងនៅសាលប្រជុំនៃពហុកីឡដ្ឋានជាតិមរតកតេជោនាថ្ងៃ ទី៧ ខែឧសភានេះលោក ខៀវ កាញារីទ្ធ បានឱ្យដឹងថា ចាប់ពីថ្ងៃទី ៨ ខែឧសភានេះតទៅ ក្រុមមន្ត្រីក្រសួងព័ត៌មាននឹងចុះទៅតាមបណ្តាខេត្តដើម្បីពិនិត្យមើលអំពីតម្រូវការ ព្រោះព្រឹត្តិការណ៍ SEA-Games មិនធ្វើតែនៅរាជធានីភ្នំពេញនោះទេ គឺធ្វើទាំងនៅតាមបណ្តាខេត្តផងដែរ។
លោកថ្លែងថា៖«យើងនឹងទៅពិន្យិដើម្បី ទី១យើងដឹងថាតើយើងនឹងត្រូវការផ្គុំកម្លាំងទូរទស្សន៍ វិទ្យុរបស់យើងទាំងអស់យ៉ាងណាដើម្បីធ្វើការជាមួយគ្នា។ ប៉ុន្តែទី២ ចង់ឱ្យអស់លោកពិធីករពិធីការិនីឧស្សាហ៍លើកអំពីកីឡានេះ យើងហៅថា ប្រជាជនម្នាក់កីឡាម្នាក់ ដូចច្នេះយើងអាចសរសេរអំពីការប្រឹងប្រែងរបស់កីឡានេះឬលើកពីកីឡានោះ ដើម្បីប្រជាជនយើងយល់»។
លោករដ្ឋមន្ត្រីក្រសួងព័ត៌មានបានគូសបញ្ជាក់ថា ការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំព្រឹត្តិការណ៍ SEA-Games & ASEANPARA-Games ឆ្នាំ២០២៣ នេះគឺសំខាន់ណាស់ ហើយព្រឹត្តិការណ៍នេះរយៈ៦៤ឆ្នាំទើបកម្ពុជាបានធ្វើម្តង។ នេះអាចនិយាយបានថា មួយជីវិតស្គាល់បានតែម្តងប៉ុណ្ណោះនៅក្នុងប្រទេសកម្ពុជាដូចច្នេះព្រឹត្តិការណ៍នេះជាប្រវត្តិសាស្ត្រប្រចាំជីវិតដែលទាមទារធ្វើឱ្យបានល្អបំផុត។
លោកថ្លែងថា៖«បើអត់មានប្រព័ន្ធផ្សព្វផ្សាយទេជោគជ័យបានត្រឹម៥០ភាគរយទេ ហើយបើប្រព័ន្ធផ្សព្វផ្សាយយើងផ្សាយមិនល្អ ជោគជ័យក៏វាបានតិច ប៉ុន្តែបើយើងចេះផ្សាយគឺវាល្អទៅតាមហ្នឹង។អ៊ីចឹងការជួបជុំថ្ងៃនេះគឺចង់ជម្រាបអំពីបញ្ហាដែលត្រូវលើកគឺទី១ បំផុសប្រជាជនឱ្យយល់អំពីទម្លាប់ថ្មី ទី២បំផុសកីឡា និងទី៣រើសរកមើលពន្លកថ្មីដើម្បីយើងដឹកនាំ»។
ក្នុងសន្និសីទសារព័ត៌មាននោះ លោកខៀវ កាញារីទ្ធបានស្នើសុំឱ្យប្រព័ន្ធផ្សព្វផ្សាយជួយបំផុសពីកីឡាឱ្យបានកាន់តែផុសផុលឡើងពីព្រោះកីឡាធ្វើឱ្យមានសុខភាពល្អ និងធ្វើឱ្យមនុស្សមួយចំនួនងាកចេញអំពីរឿងអបាយមុខ ដូចជាគ្រឿងញៀនជាដើម។ លោកថ្លែងថា៖«ប្រទេសមួយៗប្រឹងណាស់ កីឡាហ្នឹងហើយវានាំមុខ លេចមុខលេចមាត់ជាងគេ អត់គិតប្រទេសតូចប្រទេសធំទេ ហើយអ្នកដែលមានភារកិច្ចធំគឺយើង ប្រព័ន្ធផ្សព្វផ្សាយរបស់យើង យើងលើកទឹកចិត្តគាត់សប្បាយរីករាយ ហើយជួនកាលវាធ្វើឱ្យជីវិតមនុស្សនិងគ្រួសារទាំងមូលប្រែប្រួល» ៕