​កំពង់ធំៈ លោក Vincent Eblé សមាជិក​ព្រឹទ្ធសភា​បារាំង និង​ជា​ប្រធាន​ក្រុម​មិត្តភាព​ព្រឹទ្ធសភា​បារាំង​-​កម្ពុជា នា​ថ្ងៃទី​៧ ខែឧសភា បាន​ដឹកនាំ​គណៈប្រតិភូ​ព្រឹទ្ធសភា​បារាំង ធ្វើ​ទស្សនកិច្ច​នៅ​រមណីយដ្ឋាន​ប្រាសាទសំបូរព្រៃគុក ខេត្តកំពង់ធំ​ដើម្បី​សិក្សា​ស្វែងយល់​អំពី​ទីតាំង​បុរាណ​ដ្ឋា​ន កិច្ច​អភិរក្ស និង​ការងារ​ជួសជុល​ប្រាសាទបុរាណ​។

​អាជ្ញាធរ​ជាតិ​សំបូរ​ព្រៃ​គុក​បានឱ្យដឹង​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​កនា​ថ្ងៃទី​៧ ខែឧសភា ថា គណៈប្រតិភូ​ព្រឹទ្ធសភា​បារាំង ត្រូវបាន​អមដំណើរ​ដោយ​មន្ត្រី​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា ព្រមទាំង​មានការ​ចូលរួម​ពី​ភាគី​កម្ពុជា និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើនរូប និង​ត្រូវ​បានទទួល​ស្វាគមន៍ និង​បង្ហាញជូន​ពី​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ជាតិ​សំបូរ​ព្រៃ​គុក​។​

​អាជ្ញាធរ​ជាតិ​សំបូរ​ព្រៃ​គុក​បញ្ជាក់ថា​៖ «​ដំណើរ​ទស្សនកិច្ច​នេះ​គឺ​ក្នុង​គោលបំណង​លើកស្ទួយ​វិស័យ​វប្បធម៌ ក៏ដូចជា​ដើម្បី​សិក្សា​ស្វែងយល់​អំពី​ទីតាំង​បុរាណ​ដ្ឋា​ន កិច្ច​អភិរក្ស និង​ការងារ​ជួសជុល​ប្រាសាទបុរាណ​មួយចំនួន នៅក្នុង​រមណីយដ្ឋាន​ប្រាសាទសំបូរព្រៃគុក​»​។​

​គួរ​បញ្ជាក់ថា លោក Vincent Eblé បាន​ដឹកនាំ​គណៈ​ប្រភូ​ព្រឹទ្ធសភា​បារាំង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល​១០​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​៦ ដល់​ថ្ងៃទី​១៥ ខែឧសភា​៕​