
បាត់ដំបងៈ សមត្ថកិច្ចនគរបាលខេត្តបាត់ដំបងឃាត់ខ្លួនជនសង្ស័យ ២ នាក់ ជាមុខសញ្ញាគ្រឿងញៀននៅចំណុចភូមិតាកុយ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នៅថ្ងៃទី ៦ ខែឧសភា ឆ្នាំ២០២២ ដកហូតបានគ្រឿងញៀនប្រភេទម៉ាទឹកកក ៨ថង់និងអាវុធខ្លី២ដើម។
លោកវរសេនីយ៍ឯក សុខ និមល នាយការិយាល័យប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា កម្លាំងក្នុងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយ កម្លាំងក្រុមអន្តរាគមន៍ ប្រឆាំងបទល្មើស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះប្រតិបត្តិការបង្ក្រាបបានករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ១ករណី ក្នុងបទល្មើសជាក់ស្ដែង និងឃាត់ខ្លួនជនសង្ស័យបានចំនួន ១នាក់ ឈ្មោះ ហូត សាវី ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិសួសអី ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកក ICE) ចំនួន ០៨ថង់ ទម្ងន់ ២៣៣,៧២ក្រាម (ទាំងសំបក) ទូរស័ព្ទដៃចំនួន ០១គ្រឿង (ចាស់) ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនលក់ចំនួន ០១គ្រឿង
ថង់សម្រាប់រំលែកច្រកថ្នាំញៀនលក់ និងសម្ភារសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន។
លោកបន្តថា ឆ្លងតាមរយៈការស្រាវជ្រាវនិងដោយបានការសម្របសម្រួលនីតិវិធីពីលោក កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផង។ នៅថ្ងៃដដែលនោះសមត្ថកិច្ចបានបន្តឃាត់ខ្លួនមុខសញ្ញាជាបក្ខពួកម្នាក់ទៀតឈ្មោះសេង សុវណ្ណារ៉ា ហៅទូ ភេទប្រុសអាយុ៣៣ឆ្នាំ ស្នាក់នៅបណ្តោះអាសន្ននៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយដកហូតបាន អាវុធខ្លី(បាញ់គ្រាប់ជ័រប្រើហ្គាស)ចំនួន ២ដើម ទូរសព្ទដៃចំនួន០១គ្រឿងនិងសម្ភារសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន៕