
អគ្គិភ័យដែលកើតឡើងនៅសង្កាត់ច្រាំងចំរេះ ១ ខណ្ឌឫស្សីកែវ កាលពីយប់ថ្ងៃទី ៦ ឧសភា។ រូបថត នាយកដ្ឋាននគរបាលបង្ការ-ពន្លត់អគ្គិភ័យ
ភ្នំពេញៈ អគ្គិភ័យបានកើតឡើងនៅចំណុចភូមិ ២ ក្រុម ៤ សង្កាត់ច្រាំងចំរេះ ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅវេលាម៉ោង ២៣ យប់ ថ្ងៃទី ៦ ខែឧសភា បណ្តាលឱ្យខូចខាតផ្ទះថ្មក្រោម ឈើលើចំនួន ១៨ ខ្នង ប៉ុន្តែមិនមានមនុស្សរងរបួសឬស្លាប់នោះទេ។ មន្ត្រីការិយាល័យបង្ការ-ពន្លត់អគ្គិភ័យ រាជធានីភ្នំពេញអះអាងថាមូលហេតុនៃការឆេះនេះដោយសារឆ្លងចរន្តអគ្គិសនី។
នាយកដ្ឋាននគរបាលបង្ការ-ពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានសរសេរនៅលើទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី ៧ ខែឧសភា ថា ក្នុងការពន្លត់អគ្គិភ័យនេះ កងកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យចំនួន ២១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៤២ រថយន្ត ស្មើនឹង ១៦៨ ម៉ែត្រគុប។
ប្រភពដដែលឱ្យដឹងថា ករណីអគ្គិភ័យនេះបានពន្លត់ចប់នៅវេលាម៉ោង១រំលងអាធ្រាត្រ ថ្ងៃទី ៧ ខែឆ្នាំដដែល។ ក្នុងនោះ រថយន្តជំនួយអន្តរាគមន៍ក្នុងការពន្លត់ រួមមាន រថយន្តសាលាខណ្ឌឫស្សីកែវ ចំនួន ១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២ រថយន្ត ស្មើនឹង ៨ ម៉ែត្រគុប។ រថយន្តក្រុមហ៊ុន OCIC ទីក្រុងជ្រោយចង្វារ ចំនួន ៧ គ្រឿង ប្រើប្រាស់អស់ចំនួន ៧ រថយន្ត ស្មើនឹង ២៨ ម៉ែត្រគុប។ រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ១ គ្រឿង ប្រើប្រាស់ទឹកចំនួន ១ រថយន្ត ស្មើនឹង៤ម៉ែត្រគុប។
លោក ពុង ថូ មន្ត្រីការិយាល័យនគរបាលបង្ការ-ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ៨ ឧសភាថា ហេតុការណ៍អគ្គិភ័យនេះ មិនមាននរណាម្នាក់រងរបួសឬស្លាប់នោះទេ។ រីឯការខូចខាតមានផ្ទះថ្មក្រោម ឈើលើចំនួន ១៨ ខ្នង។ មូលហេតុនៃការឆេះនេះ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។ លោកបា្រប់ថា ការឆាបឆេះដំបូងកើតឡើងចេញពីផ្ទះឈ្មោះ សា អែល ដែលមានជីដូននិងចៅស្នាក់នៅជាមួយគ្នា។ ប៉ុន្តែជីដូនមិននៅផ្ទះ ដោយជាប់រវល់ចេញទៅខេត្តកំពង់ធំ ដើម្បីយកត្រីទៅលក់ ហើយបានទុកចៅម្នាក់នៅផ្ទះ ដែលចៅនោះទៀតសោតមានសតិមិនគ្រប់។
លោកថ្លែងថា៖ «ក្មេងដែលជាចៅគាត់នៅនឹងផ្ទះហ្នឹង ប៉ុន្តែជីដូនគាត់ចាក់សោចំណុចណាយើងវាមិនដឹងទេ ហើយគាត់ទុកឱ្យគ្នាដេកនៅចំណុចណានោះក៏យើងមិនអាចសន្និដ្ឋានបានដែរ។ ព្រោះក្រុមគ្រួសារគេ គ្រាន់តែមានគេប្រាប់ថា ជីដូនហ្នឹង គឺគាត់អត់នៅផ្ទះទេ គាត់ទៅរកស៊ីប្រហែលម្សិលមិញ[ថ្ងៃទី ៧ ឧសភា] ម៉ោង ១២ ម៉ោង ១ បានគាត់មកដល់វិញ»។
លោក ពុង ថូ បន្តថា នៅយប់ថ្ងៃកើតហេតុ ប្រជាពលរដ្ឋដែលនៅជិតខាងបានឮសំឡេងផ្ទុះ ដូចការឆ្លងចរន្តអគ្គិសនី ផ្ទុះដាច់ខ្សែភ្លើង ក្រោយមកមានអណ្តាតភ្លើងឆាបឆេះឡើងទើបប្រជាពលរដ្ឋនៅជិតខាងស្រែកហៅគ្នាដើម្បីជួយពន្លត់ និងបានរាយការណ៍មក កម្លាំងសមត្ថកិច្ចបង្ការ-ពន្លត់អគ្គិភ័យ។ ភ្លាមៗក្រោយពេលទទួលព័ត៌មានពីប្រជាពលរដ្ឋ កម្លាំងសមត្ថកិច្ចដុតដៃដុតជើង ចេញរថយន្តពន្លត់អគ្គិភ័យទៅជួយពន្លត់។
លោកថ្លែងថា៖ «មានអ្នកជិតខាងហ្នឹងគេឮសំឡេងផ្ទុះ ដូចទុស្សេអ៊ីចឹង។ គ្នាក៏ស្រែកហៅ ប៉ុន្តែម៉ោងហ្នឹងវាចូលលក្ខណៈថា ទាំងគេទាំងយើង បានលង់លក់ទៅហើយ ព្រោះកណ្តាលយប់ហើយ ទម្រាំឆ្លើយឆ្លងបាន វាទំហំនៃការឆេះហ្នឹង បានរាលដាលបាត់ទៅហើយ»។
មន្ត្រីនគរបាលរូបនេះ បានឱ្យដឹងថា ការខូចខាតសម្ភារប្រើប្រាស់ក្នុងផ្ទះប្រចាំថ្ងៃក្នុងចំនួនខ្នងផ្ទះដែលបានឆេះចំនួន ១៨ ខ្នងនោះ សមត្ថកិច្ចមិនអាចធ្វើការសរុបបានទេ៕