សៀមរាបៈ ក្មេង​​​សង្ស័យ​ម្នាក់​ ក្នុងចំណោម ​៦ ​នាក់ ​នឹង​ត្រូវ​កងរាជ​អាវុធហត្ថ​ខេត្តសៀមរាប​ បញ្ជូនទៅ​សាលា​ដំបូង​ខេត្ត នៅ​ថ្ងៃទី ៩ ឧសភា បន្ទាប់​ពី​ចាប់ខ្លួន​បាន ២ ថ្ងៃ​ ពាក់ព័ន្ធ​ករីណី​​​​វាយ​សម្លាប់​ក្មេង​ប្រុស​សិស្ស​សាលា​​អាយុ​ ១៦ ​ឆ្នាំ​ម្នាក់​ ប្រព្រឹត្ត​នៅ​ភូមិ​ទ្រាក សង្កាត់-ក្រុង​សៀម​រាប។

លោក សៀក សោភា នាយ​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​ កង​រាជអាវុធ​ហត្ថ ខេត្ត​សៀម​រាប​ ឱ្យ​ដឹង​នៅ​ថ្ងៃទី ​៨ ឧសភា ថា ជន​សង្ស័យ​ឈ្មោះ សឿន ជីវ័ន អាយុ ១៦ ​ឆ្នាំ ជា​កម្មករ​សំណង់ រស់នៅ​ភូមិ​ភ្នំ​ក្រោម សង្កាត់-ក្រុង​សៀមរាប។

រីឯ​ជនរងគ្រោះ​ឈ្មោះ ធរ សុធា​រិ​ទ្ធ អាយុ ១៦ ឆ្នាំ ជា​សិស្ស​រៀន​នៅ​ថ្នាក់​ទី ១១ J នៃ​វិទ្យា​ល័យ​អង្គរ រស់នៅ​ភូមិ-សង្កាត់ សាលា​កំរើក ក្រុង សៀម​រាប។

ជន​សង្ស័យ​នឹង​ត្រូវ​សមត្ថកិច្ច​អាវុធ​ហត្ថ​ខេត្ត សៀមរាប​ បញ្ជូន​ទៅ​សាលា​ដំបូង​នៅ​ថ្ងៃទី​ ៩ ​ឧសភា។

លោក​ថ្លែង​ថា៖ « នៅ​ថ្ងៃ​នេះ (ថ្ងៃទី​ ៨ ​ឧសភា) សមត្ថ​កិច្ច​ជំនាញ​របស់ខ្ញុំ​ កំពុង​ធ្វើ​សំណុំ​រឿង​ហើយ​បញ្ជូន​ជន​សង្ស័យ​នៅ​ថ្ងៃ​ស្អែក​នេះហើយ (ថ្ងៃទី ​៩ ​ឧសភា)។ ប៉ុន្តែ​យើង​កំពុង​ស្វែងរក​ចាប់​បក្ខ​ពួក​គេ ៥​ នាក់​ទៀត»។

លោក​បាន​ប្រាប់ថា បើតាម​ពាក្យ​បណ្តឹង​របស់​ឪពុក​ក្មេងរង​គ្រោះ​ បាន​រៀបរាប់​ថា កាលពី​វេលា​ម៉ោង១រសៀល​ថ្ងៃទី​ ៦ ឧសភា ឆ្នាំ ២០២២ ក្មេង​រងគ្រោះ​ បាន​ជិះ​កង់​ទៅ​រៀន​ នៅ​សាលា​វិទ្យាល័យ​អង្គរ​សៀម​រាប។

ប៉ុន្តែ​នៅ​ពេល​ល្ងាច​មិនឃើញ​ក្មេង​រងគ្រោះ​ត្រឡប់​មក​ផ្ទះ​វិញ ក្រុម​គ្រួសារ​បាន​ទូរស័ព្ទចូល​តែគ្មាន​អ្នក​ទទួល។ លុះ​ព្រឹក​ឡើង​ថ្ងៃទី ៦ ឧសភា អ្នក​ភូមិ​ប្រទះ​ឃើញ​ដេក​ស្លាប់​ ហើយ​បាន​រាយ​ការណ៍​ប្រាប់​សមត្ថ​កិច្ច។

លោក សៀក សោភា ​បន្ត​ទៀត​ថា ក្រោយ​ទទួល​បាន​សេចក្តីរាយ​ការណ៍​ពី​ប្រជាព​លរដ្ឋ និង​ក្រោយ​ពី​សមត្ថកិច្ច​របស់​អា​វុ​ធ​ហត្ថ​ ​ចុះ​ប្រមូល​ព័ត៌មាន​នៅ​កន្លែងកើតហេតុ និង​ពី​ការបំភ្លឺ​របស់​សាក្សី​មក សមត្ថកិច្ច​បាន​បើក​ការ​ស្រាវ​ជ្រាវ​ហើយ​បាន​ចុះទៅ​ភូមិ​ដែល​ជនសង្ស័យ​រស់នៅ ​តែ​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ ១​ គ្រឿង​ ឌុប​គ្នា ២ នាក់​គេចខ្លួន​ហើយ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​របស់លោក​ដេញ​តាម​ចាប់បាន​ម្នាក់ ​ចំណែក​ម្នាក់​ទៀត​រត់គេច​ខ្លួន​បាត់។

លោក​បញ្ជាក់​ថា ជន​សង្ស័យ​បាន​ឆ្លើយ​ប្រាប់​សមត្ថ​កិច្ច​ថា នៅវេលា​ម៉ោង​ប្រហែលជា​ ៩ ទៅ​ ១០ យប់​ថ្ងៃទី ៦ ​ឧសភា ដែល​ពួកគេ​មាន​គ្នា ៦ នាក់​ ជិះ​ម៉ូតូ២​គ្រឿង ​បានឃើញ​ក្មេងរង​គ្រោះ ​ជិះ​កង់​មកពី​ភ្នំ​ក្រោម​សំដៅ​មក ក្រុង សៀម​រាប។

តែ​ត្រូវ​ពួកគេ​ស្ទាក់​វាយ​ នឹង​ឈើ​ជ្រុង​ស្លាប់ និង​យកបាន​ទូរស័ព្ទដៃ​ម៉ាក​អូ​ប៉ូ១គ្រឿង​ នាំគ្នា​គេចខ្លួន​ តែ​ស្អែក​ឡើង​រូបគេ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​អាវុធហត្ថ​ចាប់ខ្លួនបាន ​នៅ​ម្តុំ​វត្ត​អាត់​ទ្វារ ​ក្នុងភូមិ​ទ្រាក សង្កាត់-ក្រុង សៀមរាប។

បើតាម​លោក សោភា ជន​សង្ស័យ​ម្នាក់​ដែល​សម​ត្ថ​កិច្ច ចាប់​បាន​នោះ ហាក់​ឆ្លើយ​ពង្វាង​អំពីសាវ​តា និង​ឈ្មោះ​បក្ខពួក​របស់​គេ ដែល​កំពុង​រត់​គេច​ខ្លួន​។

ប៉ុន្តែ​យ៉ាង​ណាក្តី កម្លាំង​ជំនាញ​ព្រហ្ម​ទណ្ឌ នៃ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​សៀមរាប កំពុង​បន្ត​ធ្វើការ​ស្រាវ​ជ្រាវ​បន្ត​ទៀត​ ដើម្បី​ស្វែង​រក​ចាប់​ខ្លួន​ក្រុម​ជន​សង្ស័យ​នៅ​សេស​សល់​៕