ភ្នំពេញៈ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ត្រាស់បង្គាប់​ផ្តល់​គោរមងារ​ដល់​លោក ហ៊ុន ណេង ដែលជា​បងប្រុស​បង្កើត​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា «​សម្តេច ឧត្តម​ទេពញាណ ហ៊ុន ណេង​» ​ដែល​លោក​បានទទួល​មរណភាព ដោយ​ជំងឺ​បេះដូង​កាលពី​រសៀល​ថ្ងៃទី​ ៥ ខែឧសភា ក្នុង​ជន្មាយុ ៧២ ​ឆ្នាំ ខណៈ​ដែល​បណ្ដា​អង្គទូត​នានា​បាន​ផ្ញើ​សារ​រំលែក​ទុក្ខ​ជា​បន្តបន្ទាប់​ចំពោះ​មរណភាព​នេះ​។

នេះ​បើ​យោងតាម​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​ ៧ ខែឧសភា ឆ្នាំ​ ២០២២ ដែល​ឡាយព្រះហស្តលេខា​ដោយ​ព្រះ​ករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ​នរោត្តម សីហមុនី​។

បន្ទាប់ពី​ព្រះមហាក្សត្រ​បាន​ផ្តល់នូវ​គោរមងារ​ជូន​លោក ហ៊ុន ណេង​, លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសេរ​សារ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់លោក​នៅ​យប់​ថ្ងៃទី​ ៧ ខែ​​ឧសភា ថា​៖ «​បងប្រុស​ទោះបី​បង​បាន​ចែក​ឋាន​ទៅហើយ​ក្តី តែ​កេរ្តិ៍ឈ្មោះ​​របស់​បង​បាន​ស្ថិតនៅ​ជាមួយ ជាតិ សាសនា និង​ព្រះមហាក្សត្រ ជានិច្ច​។ មុននេះ​បន្តិច​ព្រះមហាក្សត្រ​ជាទីគោរព​សក្ដារៈ​របស់​យើង​បាន​ប្រោស​ប្រទាន​នូវ​គោរមងារ​សម្រាប់​បង​គឺជា​សម្តេច​ឧត្តម​ទេពញាណ​ ហ៊ុន ណេង​»​។

លោក​ ហ៊ុន សែន បាន​សរសេរ​រៀបរាប់​ពី​រឿងរ៉ាវ​ដែល​លោក​ និង​បងប្រុស​របស់លោក​បាន​ឆ្លងកាត់ ដោយ​លោក​បាន​លើកឡើងថា នៅក្បែរ​កន្លែង​សព​របស់​បងប្រុស​លោក​តម្កល់​​ជា​កន្លែង​ដែល​លោក​ និង​បងប្រុស​លោក​បាន​ចូលរួម​ធ្វើបាតុកម្ម​ប្រឆាំង​ពួក​ធ្វើ​រដ្ឋប្រហារ​ និង​ទាមទារ​ប្រគល់​តំណែង​ថ្វាយ​អតីតព្រះមហាក្សត្រ​ (​សម្តេចឪ​) ​វិញ​កាលពី​ថ្ងៃ​ ២៣ ខែមីនា ឆ្នាំ​ ១៩៧០ ដែល​ពេលនោះ​លោក ហ៊ុន ណេង មាន​អាយុ​ ២០ ​ឆ្នាំ ឯ លោក ហ៊ុន សែន មាន​អាយុ​ ១៨ ​ឆ្នាំ​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បន្ថែមថា​៖ «​ត្រកូល​ហ៊ុន​របស់​យើង​គ្រប់​ជំនាន់​តាំងពី​ជីដូន​ជីតា ឪពុកម្តាយ​យើង​រហូត​ដល់​ខ្លួន​យើង​តែងមាន​ការស្មោះត្រង់​ចំពោះ​ព្រះមហាក្សត្រ ចំពោះ​រាជបល្ល័ង្ក និង​របប​រាជានិយម​។ ប្អូន​ជឿជាក់ថា កូនចៅ​យើង​ទាំងអស់​នឹង​ដើរ​តាមផ្លូវ​ដែល​យើង​បាន​ដើរ​កន្លងមក​ដោយ​ធានា​ដល់​កិច្ចការពារ​របបរាជានិយម​ការពារ​ព្រះមហាក្សត្រ និង​ព្រះរាជ​បល្ល័ង្ក​ដោយ​ការស្មោះត្រង់​»​។

លោកស្រី លាង វួចឆេង ភរិយា​​របស់​លោក ហ៊ុន ណេង បាន​ក្រាបបង្គំ​ទូលថ្វាយ​ថ្លែង​អំណរ​ព្រះរាជ​គុណ ព្រះមហាក្សត្រ​ដែល​ព្រះអង្គ​សព្វ​ព្រះរាជហឫទ័យ ប្រោស​ព្រះរាជទាន គោរមងារ​ដល់​ស្វាមី​លោកស្រី ជា «​សម្ដេច​ឧត្តម​ទេពញាណ ហ៊ុន ណេង​»​។

លោកស្រី​បាន​លើកឡើង​ថា៖ «​ព្រះរាជ​គោរមងារ «​សម្តេច ឧត្តម​ទេពញាណ ហ៊ុន ណេង​» ដែល​ព្រះករុណា​ជា​អម្ចាស់​ជីវិត​លើត្បូង ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ទ្រង់​​សព្វព្រះរាជ​ហឫទ័យ​ប្រោស​ប្រទាន​ជូន​នាឱកាស​នេះ ពិតជា​ស័ក្តិសម​នឹង​គុណបំណាច់​ដ៏​ឧត្តុង្គឧត្តម​របស់ សម្តេច ឧត្តម​ទេពញាណ ដែល​បាន​​ធ្វើ​ពលិកម្ម​គ្រប់បែបយ៉ាង ដើម្បី​បម្រើ​ឧត្តម​ប្រយោជន៍ ជាតិ សាសនា ព្រះមហាក្សត្រ​ក្នុង​បំណង​សុខសន្តិភាព​ទាំង​ផ្លូវកាយ ទាំង​ផ្លូវចិត្ត​ជានិច្ច​និរន្តរ៍​តរៀង​ទៅ​»​។

សព​របស់​លោក ហ៊ុន ណេង ប្រធាន​គណៈកម្មការ​ទី​ ៤ នៃ​រដ្ឋសភា ត្រូវបាន​តម្កល់​ធ្វើបុណ្យ​នៅ​គេហដ្ឋាន​របស់លោក​ក្នុងភូមិ​ទី​ ៧ សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម ខេត្តកំពង់ចាម ទៅតាម​ប្រពៃណី​ព្រះពុទ្ធសាសនា​។ នៅ​ថ្ងៃទី​ ៩ ខែឧសភា​នេះ សព​លោក ហ៊ុន ណេង នឹងត្រូវ​ដង្ហែ​ទៅ​បញ្ចុះ​នៅ​វត្ត​សុវណ្ណ​គិរីរតនៈ ភ្នំ​ប្រុស ភូមិ​ត្រពាំងចារ ឃុំ​ក្រឡា ស្រុក​កំពង់សៀម​។

នៅ​ព្រឹក​ថ្ងៃទី​ ៧ ខែឧសភា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចុះ​ពិនិត្យ​ទីតាំង​បញ្ចុះសព​របស់​បងប្រុស​របស់លោក​ដោយផ្ទាល់​ផងដែរ​។

ជាមួយ​គ្នានេះដែរ រដ្ឋបាលខេត្ត​កំពង់ចាម​នឹង​ផ្អាក​ការធ្វើ​ចរាចរណ៍​ជា​បណ្តោះអាសន្ន​នៅ​កំណាត់​ផ្លូវជាតិ​លេខ​ ៧ ចាប់ពី​រង្វង់​មូល​គល់ស្ពាន​គីហ្សូណា ដល់​រង្វង់​មូល​ព្រីង ឃុំ​អូរស្វាយ ស្រុក​កំពង់សៀម នៅ​ថ្ងៃទី​ ៩ ខែឧសភា​នេះ​ចាប់ពី​ម៉ោង​ ៦​ ព្រឹក ដល់​ម៉ោង ១០ ព្រឹក​ដើម្បី​សម្រួល​ដល់​ក្បួន​ដង្ហែ​សព​របស់លោក ហ៊ុន ណេង​។

នេះ​បើ​យោងតាម​សេចក្តី​ជូនដំណឹង​របស់​រដ្ឋបាលខេត្ត​កំពង់ចាម​នៅ​ថ្ងៃទី​ ៦ ​ទៅដល់​ប្រជាពលរដ្ឋ​សាធារណជន និង​ម្ចាស់​យានយន្ត​គ្រប់​ប្រភេទ និង​ក្រុមហ៊ុន​ដឹកជញ្ជូន​ពី​ការផ្អាក​ចរាចរណ៍​នេះ​។ ការ​ដង្ហែ​សព​លោក ហ៊ុន ណេង ​ទៅ​បញ្ចុះ​នៅ​វត្ត​សុវណ្ណគិរី​រតនៈ​ភ្នំ​ប្រុស នឹងមាន​វត្តមាន​លោក ហ៊ុន សែន​,​លោកស្រី ប៊ុន រ៉ានី​, សាច់ញាតិ​, កូនចៅ ក្មួយៗ រួម​នឹង​ឥស្សរជន​ជា​ថ្នាក់ដឹកនាំ​ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការ កងកម្លាំង​ប្រដាប់​អាវុធ និង​ប្រជាពលរដ្ឋ​ជាច្រើនរូប​។

នា​ព្រឹក​ថ្ងៃទី ​៨ ខែឧសភា លោក កឹម សុខា អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដឹកនាំ​គណៈប្រតិភូ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ លោក ហ៊ុន ណេង និង​បាន​ចូលជួប​សម្តែង​ការរំលែក​មរណទុក្ខ​ផ្ទាល់​ជាមួយ​នឹង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុនសែន ផងដែរ​។

ជាមួយ​គ្នានេះដែរ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក អ៊ីស្មាអែល សាប្រ៊ីយ៉ាកុប ក៏បាន​ផ្ញើ​សារ​រំលែក​មរណទុក្ខ​ដ៏​ក្រៀមក្រំ​ជូន​ចំពោះ​លោក ហ៊ុន សែន ចំពោះ​មរណភាព​របស់លោក ហ៊ុន ណេង ដោយ​លោក​បានបង្ហាញ​ពី​ការ​សោកសង្រេង​ជា​ពន់ពេក​ចំពោះ​ការបាត់បង់​មួយ​នេះ​។

លោក​បានសរសេរ​ថា​ «​ក្រុមគ្រួសារ​របស់គាត់​ និង​ប្រជាជន​នៃ​ខេត្ត​កំពង់ចាម​បាន​បាត់បង់​ថ្នាក់ដឹកនាំ​ដ៏​ល្អ​មួយរូប​។ ភាព​សោកសៅ​នៃ​ការបាត់បង់​​ភ្លាមៗ​នូវ​សមាជិកគ្រួសារ​ដ៏​ជិតស្និទ្ធ​គឺជា​ការ​មួយ​ដែល​ពិបាក​ទទួលយកបាន​បំផុត​»​។

ចំណែក​នាយករដ្ឋមន្ត្រី​វៀតណាម លោក ផាម មិញជិញ នៅ​ថ្ងៃទី​ ៨ ខែ​​ឧសភា ក៏បាន​ផ្ញើលិខិត​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​មរណភាព​របស់លោក ហ៊ុន ណេង ​ផងដែរ ដោយ​លោក​បាន​លើកឡើងថា ជំនួសមុខ​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម និង​រូបលោក​ផ្ទាល់​លោក​សូម​ចូលរួម​រំលែក​ទុក្ខ​ដ៏សែន​ក្រៀមក្រំ​បំផុត​ជាមួយ​លោក ហ៊ុន សែន និង​ក្រុមគ្រួសារ​ទាំងអស់​នៃ​សព​។

លោក​ ផាម មិញជិញ ថា​៖ «​ខ្ញុំ​សង្ឃឹមថា សម្តេច​តេជោ នាយករដ្ឋមន្ត្រី និង​ក្រុមគ្រួសារ អាច​ជម្នះ​ការបាត់បង់​ដ៏​ធំធេង​នេះ​»​។

នា​រសៀល​ថ្ងៃទី​ ៨ លោក ថងឡន ស៊ីសូលីត ឯកអគ្គរដ្ឋទូត​ឡាវ​ប្រចាំ​កម្ពុជា​ក៏បាន​អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធសព លោក ហ៊ុន ណេង និង​បាន​នាំយក​សារលិខិត​រំលែក​ទុក្ខ​របស់​នាយករដ្ឋមន្ត្រី​ឡាវ ជូន​ដល់​តំណាង​ក្រុមគ្រួសារ​សព​ផងដែរ​។

រីឯ​អង្គទូត​នៃ​បណ្តា​ប្រទេស​មួយចំនួន​ប្រចាំ​នៅ​កម្ពុជា​ក៏បាន​ផ្ញើ​សារ​រំលែក​ទុក្ខ​ជា​បន្តបន្ទាប់​ជូន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ ក្នុងការ​បាត់បង់​លោក ហ៊ុន ណេង ដែលជា​បងប្រុស​បង្កើត​របស់លោក​។ ឯកអគ្គរាជទូត និង​ឯកអគ្គរដ្ឋទូត​ទាំងនោះ​រួមមាន​៖ ប្រទេស​ជប៉ុន សហរដ្ឋ​អាមេរិក ចិន រុស្ស៊ី និង​វៀតណាម ដោយបាន​សម្តែង​នូវ​សេចក្តី​ក្រៀមក្រំ​ជាទីបំផុត​ជាមួយ​នឹង​លោក ហ៊ុន សែន និង​ក្រុមគ្រួសារ​សព​៕