
ការប្រឡងជ្រើសរើសពលទាហាន កាលពីឆ្នាំ ២០១៩។ រូបថត HUN MANET PAGE
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអនុញ្ញាតឱ្យក្រសួងការពារជាតិ ជ្រើសរើស ពលទាហានថ្មីចំនួន ៤០២ នាក់ ដើម្បីរៀបចំកងកាំជ្រួចការពារដែនអាកាស រយៈកម្ពស់មធ្យម ចំណុះបញ្ជាការដ្ឋានការពារអាកាស ខណៈការជ្រើសរើសមន្ដ្រីក្របខ័ណ្ឌរដ្ឋនេះ រដ្ឋាភិបាលផ្ដល់អាទិភាពខ្ពស់ដល់វិស័យអប់រំ និងសុខាភិបាល។
យោងតាមសេចក្ដីសម្រេចស្ដីពីការជ្រើសរើសពលទាហានចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ដ្រីកាលពីថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២២ បានឱ្យដឹងថា រាជរដ្ឋាភិបាលសម្រេចអនុញ្ញាតឱ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហានថ្មីចំនួន ៤០២ នាក់ដើម្បីរៀបចំកងកាំជ្រួច ការពារអាកាសរយៈកម្ពស់មធ្យម ចំណុះបញ្ជាការដ្ឋានការពារអាកាស។
លោកនាយករដ្ឋមន្ត្រី បញ្ជាក់តាមសេចក្ដីសម្រេចនេះថា៖ «រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ រដ្ឋមន្ដ្រី រដ្ឋលេខាធិការ គ្រប់ក្រសួងស្ថាប័នដែលពាក់ព័ន្ធត្រូវអនុវត្ដសេចក្ដីសម្រេចនេះចាប់ពីថ្ងៃ ចុះហត្ថលេខាតទៅ»។
លោក ហ៊ុន សែន ថ្លែងពេលជួបសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សប្រឡងសញ្ញាបត្រទុតិយភូមិ (បាក់ឌុប) ដែលទទួលបាននិទ្ទេស A ក្នុងឆ្នាំសិក្សា ២០-២០-២០២១ សរុប ១ ៧៥៣ នាក់ កាលពីថ្ងៃទី ៣ ខែឧសភាថា លោកចុះហត្ថលេខាលើអនុក្រឹត្យឱ្យជ្រើសរើសកងទ័ពខាងលើនេះគឺសម្រាប់តែផ្នែកបំពេញបន្ថែមឱ្យការពារអាកាស។
រាជរដ្ឋាភិបាលបានផ្ដល់អាទិភាពសម្រាប់វិស័យអប់រំវិស័យសុខាភិបាល។ មានតែវិស័យ ២ នេះទេ ដែលរាជរដ្ឋាភិបាលផ្ដល់ឱកាសឱ្យជ្រើសរើសគ្រូបង្រៀន និងគ្រូពេទ្យបន្ថែម។
លោកថ្លែងថា៖ «ដោយឡែកខាងសុខាភិបាល ខ្ញុំទើបនឹងអនុម័តជ្រើសរើសគ្រូពេទ្យជាង ៣ ៥០០ នាក់ទៀត ដើម្បីគ្រប់គ្រងសភាពការណ៍ ព្រោះមន្ទីរពេទ្យដែលយើងត្រូវពង្រីកគឺមានច្រើន ដូច្នេះតម្រូវការពេទ្យក៏មានធំ។ គ្រូបង្រៀនក៏យើងបានផ្ដល់ឱកាសឱ្យមានការជ្រើសរើសក្នុងពេលដែលក្របខ័ណ្ឌដទៃទៀត គឺមិនផ្ដល់ការឱ្យជ្រើសរើស»។
លោកនាយករដ្ឋមន្ដ្រីលើកឡើងថា បើជ្រើសរើស បើចូលនិវត្ដន៍ ១ នាក់ ឱ្យជ្រើសរើស ១ នាក់ មកជំនួសប៉ុណ្ណោះ។ ប៉ុន្ដែពេលខ្លះមន្ដ្រីចូលនិវត្ដន៍ ៥ នាក់ គឺឱ្យជ្រើសរើសតែ ៣ នាក់ ត្រឡប់មកវិញទេ ដើម្បីសន្សំសំចៃក្របខ័ណ្ឌ ព្រោះទាក់ទងនឹងបញ្ហាបុគ្គលិក គឺជាបញ្ហា។
លោកបន្តថា៖ «នៅពេលដែលចាប់ផ្ដើមចូល យើងត្រូវគិតថា គេត្រូវទទួលនូវផលប្រយោជន៍តាំងពីថ្ងៃដែលគេចាប់ផ្ដើមចូលធ្វើការរហូតទៅដល់ថ្ងៃដែលគេស្លាប់ នោះជាបន្ទុកចំណាយទៅលើបុគ្គលិក»។
ក្នុងឆ្នាំ ២០២២ នេះ រាជរដ្ឋាភិបាលបានយល់ព្រមជាគោលការណ៍ឱ្យជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាជិត ៤៦ ០០០ នាក់ សម្រាប់បម្រើការងារនៅតាមក្រសួង ស្ថាប័ននានា ប៉ុន្តែមិនអនុញ្ញាតឱ្យជ្រើសរើសក្របខ័ណ្ឌថ្មីជំនួសអ្នកចូលនិវត្តន៍ឡើយ លើកលែងតែក្រសួងស្ថាប័នដែលមានគោលការណ៍ ដោយឡែកពីប្រមុខរាជរដ្ឋាភិបាល។ នេះបើតាមលិខិតចុះថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២២ ចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈលោក ព្រុំ សុខា៕