ភ្នំពេញៈ ប្រមុខ​រាជរដ្ឋាភិបាល​ប្រកាសថា កម្ពុជា​មិនមាន​ការរកឃើញ​ករណី​ឆ្លង​មេរោគ​កូវីដ​ ១៩ ​ឡើយ ក្នុង​របាយការណ៍​សរុប​ពី​ស្ថានភាព​ជំងឺ​កូវីដ ​១៩ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​ថ្ងៃទី​ ៧ ខែឧសភា ឆ្នាំ​ ២០២២ ដែល​អាច​ចាត់ទុក ជា​ប្រវត្តិសាស្ត្រ ចាប់​តាំងពី​ថ្ងៃទី​ ២០ កុម្ភៈ ឆ្នាំ​ ២០២១​ មក​។

តាមរយៈ​សារ​សំឡេង​ពិសេស​នាយប់ ថ្ងៃទី ​៧ ខែឧសភា លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​លើកឡើងថា នេះ​ជា​លើកដំបូង​ដែល​ព្រះរាជាណាចក្រ​កម្ពុជា ពុំមាន​ករណី​កូវីដ​ ១៩ ​កើតមាន​ឡើង​នោះឡើយ គឺ​សូន្យ​ករណី​។

លោក​បញ្ជាក់ថា​៖ «​រឿងនេះ​បាន​កើតឡើង បន្ទាប់ពី​ការសាកល្បង​ដ៏​ខ្លាំង​មួយ​នៅក្នុង​ដំណាក់កាល​នៃ​ការបើកឱកាស​ឱ្យ​ប្រជាជន​បាន​ដើរលេង​ចូលឆ្នាំ ដែលជា​ការសាកល្បង​បើកទូលាយ​ដ៏ធំធេង ហើយ​ដែល​ពុំ​ធ្លាប់មាន​នៅក្នុង​ប្រវត្តិសាស្ត្រ​ដែលមាន​អ្នក​ដើរលេង​យ៉ាងច្រើន​កុះករ​»​។

លោក​ ហ៊ុន សែន បន្តថា លទ្ធផល​នេះ ដោយសារតែ​ការខិតខំ​ថែទាំ​សុខភាព​របស់​ជនរួមជាតិ​ជាមួយនឹង​កិច្ចខិតខំ​របស់​មន្ត្រី​សុខាភិបាល ក៏ដូចជា​មន្ត្រី​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ កងកម្លាំង​ប្រដាប់អាវុធ ជាពិសេស​ប្រជាពលរដ្ឋ​ផ្ទាល់ខ្លួន​ដែល​ធ្វើឱ្យ​កម្ពុជា​សម្រេចបាន​ជោគជ័យ​ជា​បន្តបន្ទាប់​។ ករណី​ឆ្លង​មាន​ត្រឹម​ ១ ​ខ្ទង់ រហូត​មកដល់​មិនមាន​ការរកឃើញ​ផងដែរ​។

លោកនាយក​រដ្ឋមន្ត្រី​ថ្លែងថា​៖ «​នេះ​គឺជា​ជោគជ័យ​ដ៏ធំ ដែល​យើង​បាន​រួមគ្នា​ប្រយុទ្ធ​យកឈ្នះ​លើ​សមរភូមិ​កូវីដ​ ១៩ ហើយ​ខ្ញុំព្រះករុណាខ្ញុំ សុំ​យក​ឱកាស​នេះ ដើម្បី​ថ្លែងអំណរគុណ​ដល់​ព្រះសង្ឃ​គ្រប់​ព្រះអង្គ បងប្អូន​ជនរួមជាតិ​ដែល​បាន​ចូលរួម​ប្រឆាំងនឹង​កូវីដ​ ១៩ ដែល​ធ្វើឱ្យ​អត្រា​ឆ្លង​មានការ​ថយចុះ​ជា​លំដាប់​រហូត​មកដល់​ថ្ងៃនេះ​ជា​លើកដំបូង​ក្នុង​រយៈពេល​ជាង​ ១ ​ឆ្នាំ ដែល​យើង​ដល់​ចំណុចសូន្យ​»​។

ទោះជា​យ៉ាងណា លោក​ ហ៊ុន សែន បញ្ជាក់ដែរថា ការរកឃើញ​ករណី​ឆ្លង​កូវីដ​ ១៩ ​នេះ​អាច​នឹង​រកឃើញ​មាន​ការកើតឡើង​វិញ​នៅ​ថ្ងៃ​បន្តបន្ទាប់​។ ប៉ុន្តែ​យ៉ាងហោច​ណាស់​នៅ​ថ្ងៃទី​ ៧ ឧសភា ពុំមាន​ករណី​ឆ្លង​សូម្បីតែ​ ១ ​ករណី​។

លោក​មានប្រសាសន៍​ថា​៖ «​បើ​ទោះបី​ជា​ថ្ងៃស្អែក​មាន​ករណី​ឆ្លង​ឡើងវិញ ក៏​យើង​មាន​ ១​ ថ្ងៃ​ក្នុងចំណោម​ប៉ុន្មាន​រយថ្ងៃ​ដែល​យើង​គ្មាន​ករណី​ឆ្លង​ដែរ​»​។

លោក​ ហ៊ុន សែន ក៏បាន​បន្ត​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​យកចិត្ត​ទុកដាក់​ការពារ​ខ្លួន​បន្តទៀត​ជាមួយ​នឹង​វិធានការ​សុខាភិបាល​ដែល​បានដាក់​ចេញ​នាពេល​កន្លងមក​។ បើទោះបីជា​ការលើកលែង​កាតព្វកិច្ច​ពាក់​ម៉ាស់​ក៏ដោយ ប៉ុន្តែ​រាជរដ្ឋាភិបាល​ក៏​នៅតែ​បន្ត​លើកទឹកចិត្ត​ឱ្យ​ប្រជាពលរដ្ឋ​ពាក់​ម៉ាស់​។

លោក​ថ្លែងថា​៖ «​សូម​ប្រជាពលរដ្ឋ​របស់​យើង​ទៅ​ទទួលយក​វ៉ាក់សាំង​ដូស​ជំរុញ​ដែលជា​ដូស​ទី​ ៣ ដូស​ទី​ ៤ ហើយនឹង​អាចឈាន​បន្ត​ទៅរក​ដូស​ទី​ ៥ ​បន្ទាប់ពី គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​ក្នុង ក្របខ័ណ្ឌ​ទូទាំងប្រទេស​ពិនិត្យឃើញថា ដល់​ពេលដែល​ត្រូវ​ចាក់​ដូស​ទី​ ៥ ​នេះ​»​។

លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​បង្ហាញ​ពី​មោទនភាព​ចំពោះ​ជនរួមជាតិ​ដែល​បាន​រួបរួមគ្នា​ជុំវិញ​ព្រះមហាក្សត្រ ជុំវិញ​នីតិប្រតិបត្តិ គឺ​ជុំវិញ​រាជរដ្ឋាភិបាល ប្រយុទ្ធ​យកឈ្នះ​គ្រា​ដ៏លំបាក​។ លោក ក៏បាន​អរគុណ​ដល់​ប្រទេស​ជា​មិត្ត​នានា​ដែល​បាន​ផ្តល់ជំនួយ​ជា​វ៉ាក់សាំង​ ដើម្បី​ចាក់​ជូន​ប្រជាជន​ដោយ​ឥតគិតថ្លៃ​។

លោក​ ហ៊ុន សែន បញ្ជាក់ថា​៖ «​វ៉ាក់សាំង​បាន​ផ្តល់​ឱកាស​ឱ្យ​យើង​ទាំងអស់​គ្នា​បើក​សេដ្ឋកិច្ច​ឡើងវិញ​ផ្តល់​លទ្ធភាព​ឱ្យ​ប្រជាពលរដ្ឋ​របស់​យើង​អាច​បង្កបង្កើន​ផល និង​ការរកស៊ី​ឡើងវិញ​ជាមួយ​នឹង​ការរៀន​រស់​ជាមួយ​នឹង​មេរោគ​កូវីដ​ ១៩ ​តាម​គន្លង​ប្រក្រតីភាព​ថ្មី​»​។

ទាក់ទង​នឹង​ភាពជោគជ័យ​លើ​ការប្រយុទ្ធ​នឹង​មេរោគ​កូវីដ​ ១៩ ​នេះ លោក Michael Michalak នាយក​គ្រប់គ្រង​ប្រចាំ​តំបន់ និង​ជា​អនុប្រធាន​ដឹកនាំ​ជាន់ខ្ពស់ US-ABC (​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន​-​អាមេរិក​) ក្នុង​ជំនួប​ជាមួយ​លោកស្រី​ ឱ វណ្ណឌីន រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​នា​ថ្ងៃទី​ ៥ ឧសភា បាន​កោតសរសើរ​ពី​ជោគជ័យ​ដែល​កម្ពុជា​សម្រេចបាន​។

ក្រសួង​សុខាភិបាល​លើកឡើង​ថា លោក Michael Michalak បាន​អបអរ​កម្ពុជា​ក្នុងការ​ធ្វើជា​ប្រធាន​អាស៊ាន និង​អបអរសាទរ​ដោយ​ក្តី​កោតសរសើរ​ដល់​ប្រទេស​កម្ពុជា​ដែល​បាន​ទទួល​ជោគជ័យ ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវីដ ​១៩​។ នាឱកាស​នោះ លោកស្រី ឱ វណ្ណឌីន លើកឡើងថា លទ្ធផល​ជោគជ័យ​នេះ​ទទួលបាន​ក៏​ដោយសារ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ក្នុងការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ ​១៩ និង​ជោគជ័យ​ក្នុង​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ជូន​ប្រជាពលរដ្ឋ​។

លោកស្រី​ថ្លែងថា​៖ «​មកដល់​ថ្ងៃនេះ​យើង​ចាក់​វ៉ាក់សាំង​បាន​ជាង​ ៩៣%​ ហើយ ដែល​នេះ​ជា​លទ្ធផល​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ក្រុមការងារ ក្រោម​ការចង្អុលបង្ហាញ​ពី​ប្រមុខ​រាជរដ្ឋាភិបាល​យ៉ាង​យកចិត្ត​ទុកដាក់​»​។

លោកស្រី​ លី អៃឡែ​ន តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា ​(WHO) លើកឡើង​ក្នុង​ប្រព័ន្ធ Twitter ​នា​ថ្ងៃទី​ ៨ ឧសភា ដោយ​បង្ហាញ​នូវ​ក្តីសប្បាយ​រីករាយ ដែល​បាន​ចុះ​ពិនិត្យ​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ជាមួយ​មន្ត្រី​ក្រសួង​សុខាភិបាល​នៅ​ខេត្តកោះកុង ដែល​នេះ​ជា​លើក​ទី​ ១​ របស់​លោកស្រី​ផងដែរ​។

លោកស្រី​បញ្ជាក់ថា​៖ «​ខ្ញុំ​សប្បាយ​រីករាយ​ជាខ្លាំង​ដែល​បាន​ជួប​ជាមួយ​លោកស្រី​ មិថុនា ភូថង អភិបាលខេត្ត​កោះកុង ហើយ​ខ្ញុំ​ក៏​សូម​ថ្លែងអំណរគុណ​ចំពោះ​លោកជំទាវ​ ឱ វណ្ណឌីន ផងដែរ​។ យើង​បាន​ពិភាក្សា​អំពី​ការគ្រប់គ្រង​ប្រកបដោយ​និរន្តរភាព​នៃ​ជំងឺ​កូវីដ​ ១៩ ការវិនិយោគ​លើ​សុខភាព និង​ផ្តោតលើ​ការថែទាំ​សុខភាព​បឋម​ជា​មូលដ្ឋានគ្រឹះ​ឆ្ពោះ​ទៅរក ការធានា​រ៉ាប់រង​សុខភាព​ជា​សកល​»​។

លោកស្រី​បន្តថា កម្ពុជា​មាន​មូលដ្ឋានគ្រឹះ និង​បណ្តាញ​ដ៏ល្អ​ ដើម្បី​ផ្តោត និង​វិនិយោគ​លើ​ការថែទាំ​សុខភាព​បឋម ដែលជា​មធ្យោបាយ​ដ៏មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ការដោះស្រាយ​បញ្ហា​ប្រឈម​សុខភាព​ជាច្រើន​ដែល​កំពុង​បន្ត និង​ទៅ​ថ្ងៃ​អនាគត រួមទាំង​ការកើនឡើង​នៃ​ជំងឺ​មិនឆ្លង​។

គួរ​បញ្ជាក់ដែរថា គិត​ត្រឹម​ថ្ងៃទី​ ៨​ ឧសភា ឆ្នាំ​ ២០២២ កម្ពុជា​មាន​អ្នក​ឆ្លង​មេរោគ​កូវីដ​ ១៩ ​ទូទាំង​ប្រទេស​ចំនួន​ ១៣៦ ២៦២ ​នាក់ អ្នកជា​សះស្បើយ សរុប​ចំនួន​ ១៣៣ ១៨១ ​នាក់ និង​អ្នក​ស្លាប់មាន​ចំនួន​ ៣ ០៥៦ ​នាក់​៕