ភ្នំពេញៈ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានឱ្យ​ដឹងថា នៅ​ថ្ងៃទី ​៩ ខែឧសភា ឆ្នាំ ​២០២២ ​នេះ ក្រសួង​នឹង​ចាប់ផ្តើម​បន្ត​សុពលភាព​បណ្ណ​ពលករ​កម្ពុជា​ទៅ​ធ្វើការ​នៅ​បរទេស​ (OCWC) ​និង​លិខិត​ធ្វើដំណើរ​ពលករ​កម្ពុជា​ធ្វើការ​នៅ​បរទេស​ (TD) ​ដល់​ពលករ​កម្ពុជា ដែល​កំពុង​ស្នាក់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ​។

លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ជា​ប្រធាន​គណៈកម្មការ​ផ្តល់​ភាពស្របច្បាប់​ដល់​ពលករ​កម្ពុជា​បានឱ្យ​ដឹងថា សាធារណជន ជាពិសេស​បងប្អូន​ពលករ​កម្ពុជា​ទាំងអស់​ដែលមាន​បណ្ណ​ពលករ​-​កម្ពុជា​ទៅធ្វើការ​នៅ​បរទេស​ (OCWC) ​និង​លិខិត​ធ្វើដំណើរ​ពលករ​កម្ពុជា​ធ្វើការ​នៅ​បរទេស​ (TD) ដែល​បាន​ផុត​សុពលភាព ឬ​សុពលភាព​នៅសល់​ក្រោម​រយៈពេល​ ៦ ​ខែ អាចមក​បន្ត​សុពលភាព​បាន​ដោយ​ដាក់ពាក្យ​ស្នើសុំ និង​ទទួល​ឯកសារ​បន្ត​សុពលភាព OCWC និង​ TD ​តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​របស់​នាយកដ្ឋាន​មុខរបរ​នៃ​ក្រសួង​ការងារ​នៃ​ព្រះរាជាណាចក្រ​ថៃឡង់​ដ៍តាម​គេហទំព័រ https://cambodia-doe.com តែមួយគត់​។

លិខិត​ជូនដំណឹង​របស់លោក អ៊ិត សំហេង ចុះ​ថ្ងៃទី​ ២១ ខែមេសា ឆ្នាំ ២០២២ បានឱ្យដឹងថា ការដាក់​ពាក្យស្នើសុំ​បន្ត​សុពលភាព​ទាំងនេះ​តម្រូវ​ឱ្យ​ភ្ជាប់​ឯកសារ​មួយចំនួន​ដូចជា​៖ ស្គែន​រូបថត​ទំហំ​ ៤x៦ របស់​ពលករ​កម្ពុជា ស្គែន OCWC ដែល​ផុត​សុពលភាព​ចូលក្នុង​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​, ស្គែន TD ដែល​បាន​ផុត​សុពលភាព ឬ​សុពលភាព​នៅសល់​ក្រោម​រយៈពេល​ ៦ ​ខែ ចូលក្នុង​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម និង​ផ្តល់​ឯកសារ​សំណៅ​ដើម OCWC និង TD ដល់​មន្ត្រី​នាយកដ្ឋាន​មុខរបរ​នៃ​ក្រសួង​ការងារ នៃ​ព្រះរាជាណាចក្រ​ថៃឡង់ដ៍​តែមួយគត់ ដែលមាន​អាសយដ្ឋាន Mitmaitri Road, Dindaeng, Bangkok 10400, Thailand ។

ចំពោះ​ដំណើរការ​ឯកសារ នាយកដ្ឋាន​មុខរបរ​នៃ​ក្រសួង​ការងារ​នៃ​ព្រះរាជាណាចក្រ​ថៃឡង់ដ៍ នឹង​បញ្ជូន​ទិន្នន័យ​ពាក្យស្នើសុំ​បន្ត​សុពលភាព​របស់​ពលករ​កម្ពុជា​មក​ប្រព័ន្ធ​ទិន្នន័យ​ OCWC ​និង​ TD ​របស់​គណៈកម្មការ​ផ្តល់​ភាពស្របច្បាប់​តាមរយៈ​ API​។ ជាមួយ​គ្នានេះ ត្រូវប្រគល់​ឯកសារ​សំណៅ​ដើម OCWC និង​ TD មក​ការិយាល័យ​តំណាង​របស់​អនុព័ន្ធ​ការងារ​កម្ពុជា​ដែលមាន​ទីតាំង​នៅក្នុង​នាយកដ្ឋាន​មុខរបរ​​របស់​ថៃ ដើម្បី​បញ្ជូន​បន្តទៅ​ស្ថានទូត​​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​។

លោក​រដ្ឋមន្ត្រីក្រសួង​ការងារ​បានឱ្យ​​ដឹងថា គណៈកម្មការ​ផ្តល់​ភាពស្រប​ច្បាប់​នឹង​ផ្ទៀងផ្ទាត់​ទិន្នន័យ និង​អនុម័ត​បន្ត​សុពលភាព OCWC និង ID​។ រីឯ​ការទទួល​ឯកសារ​សំណៅ​ដើម OCWC និង​ TD ពី​នាយកដ្ឋាន​មុខរបរ​​នៅ​ការិយាល័យ​តំណាង​របស់​អនុព័ន្ធ​ការងារ​កម្ពុជា​ដែលមាន​ទីតាំង​នៅក្នុង​នាយកដ្ឋាន​មុខរបរ​នៃ​ក្រសួង​ការងារ​នៃ​ព្រះរាជាណាចក្រ​ថៃឡង់ដ៍​តែមួយគត់​។

លោក​បន្តថា គណៈកម្មការ​ផ្តល់​ភាពស្របច្បាប់ និង​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​សហការ​ជាមួយ​នាយកដ្ឋាន​មុខរបរ និង​មន្ទីរ​ការងារ​នៃ​ក្រសួង​ការងារ​ថៃ​ដើម្បី​ចែក OCWC និង TD ដែល​បាន​បន្ត​សុពលភាព​រួចរាល់​ជូន​ពលករ​កម្ពុជា​/​និយោជក​នៅ​ការិយាល័យ​តំណាង​របស់​អនុព័ន្ធ​ការងារ​កម្ពុជា​ដែលមាន​ទីតាំង​នៅក្នុង​នាយកដ្ឋាន​មុខរបរ​របស់​ថៃ​។

ការពិនិត្យ​ពាក្យស្នើសុំ​បន្ត​សុពលភាព និង​អនុម័ត OCWC និង TD មាន​រយៈពេល​ ៥ ​ថ្ងៃ នៃ​ថ្ងៃ​ធ្វើការ ក្នុងករណី​ឯកសារ​បញ្ជូនមក​ត្រឹមត្រូវ​។ ចំណែក​តម្លៃ​បន្ត​សុពលភាព OCWC និង TD ចំនួន​ ១ ៤០០ (​មួយ​ពាន់​បួន​រយ​)​ បាត ក្នុង​ពលករ​ម្នាក់​។

លោក​បញ្ជាក់ថា​៖ «​បងប្អូន​ពលករ​កម្ពុជា​/​និយោជក​អាចមក​ទទួល​ឯកសារ​បន្ត​សុពលភាព OCWC និង TD ទៅតាម​ការណាត់ នៅ​ការិយាល័យ​តំណាង​របស់​អនុព័ន្ធ​ការងារ​កម្ពុជា ដែលមាន​ទីតាំង​នៅក្នុង​នាយកដ្ឋាន​មុខរបរ​នៃ​ក្រសួង​ការងារ នៃ​ព្រះរាជាណាចក្រ​ថៃឡង់ដ៍​ដែលមាន​អាសយដ្ឋាន Mitmaitri Road, Dindaeng, Bangkok 10400, Thailand»​។

លោក គឹម សេង នាយក​ក្រុមហ៊ុន SKMM INVESTMENT ដែល​នាំ​ពលករ​-​ខ្មែរ ទៅធ្វើ​ការ​នៅ​ថៃ ថ្លែង​នៅ​ថ្ងៃទី​ ៨ ខែឧសភា​ថា ក្រសួង​ការងារ​ពិតជា​បាន​ជួយ​សម្រួល​ដល់​ពលករ​ដែល​ទៅធ្វើ​ការងារ និង​ស្នាក់នៅ​ប្រទេស​ថៃ​បាន​ច្រើន​ក្នុងនោះ​មាន​ទាំង​ការផ្តល់​វីសា និង​ជួយ​បន្ត​សុពលភាព​បណ្ណ​ពលករ និង​លិខិត​ធ្វើដំណើរ​ពលករ​កម្ពុជា​នៅ​ប្រទេស​ថៃ​។

លោក​បន្តថា ការជួយ​សម្រួល​ក្នុង​ការបន្ត​សុពលភាព​បណ្ណ​ពលករ និង​លិខិត​ធ្វើដំណើរ​មាន​ប្រយោជន៍​សម្រាប់​ពលករ​ដោយ​មិនចាំបាច់​ចំណាយ​ពេលវេលា​ត្រឡប់មក​កម្ពុជា​ដោយ​គ្រាន់តែ​បំពេញបែបបទ​ដាក់​តាម​ប្រព័ន្ធ​ស្វ័យ​ប្រវត្តិ និង​ប្រគល់​ឯកសារ​សំណៅ​ដើម​ទៅ​ការិយាល័យ​តំណាង​របស់​អនុព័ន្ធ​ការងារ​កម្ពុជា​នៅ​ប្រទេស​ថៃ​។

លោក ឈុំ ពិសី នាយក​ក្រុមហ៊ុន CPS Best Team Services ថ្លែង​នៅ​ថ្ងៃទី​ ៨ ខែឧសភា​ថា បន្ទាប់ពី​ស្ថានភាព​ជំងឺ​កូវីដ​ ១៩ បាន​ធូរស្បើយ​បាន​ផ្ដល់​អំណោយផល​ដល់​ការបញ្ជូន​ពលករ​ទៅ​ធ្វើ​ការ​នៅ​ថៃ​ដោយ​ស្របច្បាប់​។

ក្រុមហ៊ុន​របស់លោក​បាន និង​កំពុង​ប្រកាស​ជ្រើសរើស​ពលករ​ស្របតាម​ច្បាប់​នៃ​កិច្ចព្រមព្រៀង​អនុស្សរណៈ​យោគយល់​គ្នា ​(MOU)​ រវាង​កម្ពុជា​-​ថៃ​ជា​បន្តបន្ទាប់​។ លោក​ថា ក្រោយ​កូវីដ​មានការ​បន្ធូរបន្ថយ​ជាង​មុន​ដែលមាន​អំណោយផល​ដល់​ពលករ និង​ភាគី​ខាង​ក្រុមហ៊ុន​នៅ​ថៃ​មិនសូវ​ពិបាក​ក្នុងការ​ចំណាយ​ច្រើន​ពេល​ពលករ​ចូលទៅ​ធ្វើការ​នៅ​ថៃ​។

លោក​ថ្លែងថា​៖ «​បន្ធូរបន្ថយ​ទី​ ១ គេ​អត់​ធ្វើ​ចត្តាឡីស័ក​ដូច​មុន ហេតុនេះ​មិនមាន​ការចាំបាច់​ក្នុងការ​ចំណាយ​ច្រើន​សម្រាប់​ការធ្វើ​ចត្តាឡីស័ក ហើយ​ឥឡូវ​ហ្នឹង​គេ​កាត់បន្ថយ​ឯកសារ​ខ្លះៗ​ដែល​ធ្វើឱ្យ​ពលករ​ងាយស្រួល​ផងដែរ​គ្រាន់តែ​មិនទាន់​ទូលាយ​ដូច​មុន​កូវីដ​»៕