ភ្នំពេញៈ ​ដំណើរការ​បោះពុម្ព​សន្លឹកឆ្នោត​រហូតមកដល់​ពេលនេះ​នៅសល់​តែ​ ៣ ​ខេត្ត​ទៀត​នឹងត្រូវ​បញ្ចប់ ហើយ​ត្រូវ​វេចខ្ចប់​រួច​យកទៅ​រក្សាទុក​នៅ​កន្លែង​មាន​សុវត្ថិភាព សម្រាប់​បញ្ជូន​ទៅឱ្យ​គណៈកម្មការ​រាជធានី​ខេត្ត​រៀបចំ​ការបោះឆ្នោត​ (​គធ.ខប​) ​ដើម្បី​ចាត់ចែង​បញ្ជូន​បន្តទៅ​គណៈកម្មការ​ឃុំ​- សង្កាត់​រៀបចំ​ការបោះឆ្នោត​ (​គឃ​. សប​) ​និង​បញ្ជូន​បន្តទៅ​គណៈកម្មការ​ការិយាល័យ​បោះឆ្នោត (​គ.ក.ប​) មិនឱ្យ​ហួស​ពី ៣៦ (​សាមសិប​ប្រាំមួយ​) ​ម៉ោង​មុន​ថ្ងៃ​បោះឆ្នោត (​ថ្ងៃអាទិត្យ ទី​ ៥ ​ខែមិថុនា ឆ្នាំ​ ២០២២)​។

លោក ប្រាជ្ញ ចន្ទ ប្រធាន គជប ថ្លែង​ក្នុង​ពិធី​ចុះ​ពិនិត្យ​ដំណើរការ​បោះពុម្ព​សន្លឹកឆ្នោត​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សាឃុំ​-​សង្កាត់​អាណត្តិ​ទី​ ៥ ​ឆ្នាំ​ ២០២២​ នៅ​រោង​ពុម្ព​ ណាវីន ព្រីនធីង ឯ.ក ស្ថិតនៅ​ខណ្ឌទួលគោក​រាជធានី​ភ្នំពេញ ថា គ.ជ.ប បាន​អញ្ជើញ​គ្រប់ភាគី​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​ទាំងអស់​មក​ពិនិត្យ និង​សង្កេតមើល​ដំណើរការ​បោះពុម្ព​សន្លឹកឆ្នោត​ផ្ទាល់​តែម្តង​។ លោក​ថ្លែងថា​៖ «​ដូចគ្នា​នឹង​ការបោះឆ្នោត​កន្លងមក​គឺ គ.ជ.ប តែងតែ​អញ្ជើញ​គ្រប់​គណបក្ស​នយោបាយ អ្នកសង្កេតការណ៍ និង​អ្នកសារព័ត៌មាន​មក​ពិនិត្យ និង​សង្កេតមើល​ដំណើរការ​បោះពុម្ព​សន្លឹកឆ្នោត​ដល់ទី​កន្លែង​ផ្ទាល់​តែម្តង​»​។

លោក ហង្ស ពុទ្ធា សមាជិក និង​ជា អ្នកនាំពាក្យ គ.ជ.ប ឱ្យដឹង​ដែរ​ថា សន្លឹកឆ្នោត​ត្រូវ​បាន​បោះពុម្ព​ចំនួន ១ ៦៥២ ប្រភេទ​ស្មើនឹង​ចំនួន ១ ៦៥២ ​ឃុំ​-​សង្កាត់​ពីព្រោះថា ឃុំ-សង្កាត់​នីមួយៗ​មាន​ចំនួន​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះឆ្នោត​មិន​ដូចគ្នា​ទេ​។ គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះឆ្នោត​មាន​ ១៧ គណបក្ស​។ ក្នុងចំណោម​ ១៧ ​គណបក្ស​នេះ គណបក្ស​ខ្លះ​ចុះបញ្ជី​បេក្ខជន​ជាង​ ១ ៦០០ ​ឃុំ-​សង្កាត់ គណបក្ស​ខ្លះ ចុះបញ្ជី​បេក្ខជន​មិន​ដល់​ ១ ០០០ ​ឃុំ​-​សង្កាត់​។ ដូច្នេះហើយ​សន្លឹកឆ្នោត​មាន​ប្រភេទ​ខុសៗ​គ្នា អាស្រ័យ​តាម​ចំនួន​គណបក្ស​នយោបាយ ដែល​បាន​ចុះបញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត និង​តាម​លទ្ធផល​នៃ​ការចាប់​ឆ្នោត​កំណត់ លំដាប់​លេខ​រៀង​គណបក្ស​នយោបាយ​ដាក់​លើ​សន្លឹកឆ្នោត​។

បើតាម លោក ហង្ស ពុទ្ធា អ្នកមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ផ្លូវការ​មាន​ចំនួន​ ៩ ២០៥ ៦៨១ ចំនួន​ការិយាល័យ​បោះឆ្នោត​មាន ២៣ ៦០២ ​ការិយាល័យ ហើយ​សន្លឹកឆ្នោត​ត្រូវ​បោះពុម្ព​មាន​ប្រមាណ​ ១១​ លាន​សន្លឹក រួម​នឹង​សន្លឹកឆ្នោត​បម្រុង​ប្រមាណ ១ ​លាន​សន្លឹក​។ សន្លឹកឆ្នោត​ត្រូវបាន​បោះពុម្ព​ចងក្រង​ជា​ក្បាល​ដោយ​ក្នុង​ ១ ​ក្បាល មាន​ចំនួន​ ៥០ (​ហាសិប​) សន្លឹក​។

មន្ត្រី គជប និង​អ្នកពាក់ព័ន្ធ ចុះ​ត្រួតពិនិត្យ​រោង​ពុម្ព បោះពុម្ព​សន្លឹកឆ្នោត កាលពី​ថ្ងៃទី​ ៦ ​ឧសភា​។ រូបថត គជប

លោក​ថា​៖ «​សន្លឹកឆ្នោត​ដែល​បោះពុម្ព​នេះ​មាន​លក្ខណពិសេស និង​មាន​ភាពសម្ងាត់​ដែល​គ្មាន​ជនណាម្នាក់​អាច​យកទៅ​បោះពុម្ព​ក្លែងបន្លំ​បានឡើយ​ហើយ​ក្រុមហ៊ុន​ដែល​ដេញថ្លៃ​បាន​ធ្វើតាម​នីតិវិធី​ហិរញ្ញវត្ថុ​ត្រូវ​ធានា​សុវត្ថិភាព​ចំពោះ គ.ជ.ប ក្នុងការ​បោះពុម្ព​សន្លឹកឆ្នោត​»​។

លោក​ ឡឹក សុធារ អ្នកនាំពាក្យ​គណបក្ស​ប្រជាធិប្បតេយ្យ​មូលដ្ឋាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា មុននឹង​បោះពុម្ព​សន្លឹកឆ្នោត គ.ជ.ប បាន​ហៅ គណបក្ស​នយោបាយ​ដែល​បាន​ឈរឈ្មោះ​ទៅពិនិត្យ​ឈ្មោះ និង​ឡូហ្គោ​របស់​គណបក្ស​នៅលើ​សន្លឹកឆ្នោត ដែល គជប ធ្វើ​នេះ​បាន​បង្ហាញ​តម្លាភាព និង​ត្រឹមត្រូវ​។

លោក​ថ្លែងថា​៖ « វា​អត់​ជា​បញ្ហា​អី​ទេ វា​មាន​តម្លាភាព មាន​ការ​ពិគ្រោះ​យោបល់​បាន​ច្រើនលើក​ច្រាន​សា ប៉ុន្តែ​កន្លងមកនេះ គណបក្ស​បានចេញ​លិខិត​កុំឱ្យ​បោះពុម្ព​សន្លឹកឆ្នោត​ឱ្យលើស​ច្រើនពេក​នាំឱ្យ​ខាតបង់​ថវិកា និង​ប្រើប្រាស់​ក្នុង​គោលដៅ​ផ្សេង​»​។

លោក ​សំ សុគន្ធាមី នាយក​អង្គការ​និកហ្វិក​ថ្លែងថា ការ​ពុម្ព​សន្លឹកឆ្នោត ច្រើនជាង​ចំនួន​អ្នកបោះឆ្នោត​មាននៅ​ក្នុង​បញ្ជី​បោះឆ្នោត​មាន​តែ​ជាង ៩ លាន​នាក់ និង​បោះ​រហូត​ទៅ ១១ ​លាន​សន្លឹក និង​បម្រុង​ប្រមាណ ​១​ លាន​សន្លឹក​ទៀត ធ្វើឱ្យ​ខាត​ថវិកា​ច្រើន​។ លោក​ថ្លែងថា​៖ «​នៅតាម​ការិយាល័យ​សន្លឹក​ឆ្នោត​កម្រ​មានការ​ខូច​ណាស់​។ ចង់​និយាយថា អ្នកបោះឆ្នោត គូស​ច្រឡំ សុំ​ដូរ​សន្លឹកឆ្នោត វា​កម្រ​ណាស់ ហើយ​យើង វា​ច្រើនពេក សន្លឹកឆ្នោត​ថ្លៃ យើង​ជួល​ក្រុមហ៊ុន​គេ​បោះពុម្ព ដែល​ធ្វើឱ្យមាន​ការចំណាយ​ច្រើន ឬ​អាច​យកទៅ​ប្រើប្រាស់​ផ្សេង​»​។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក សោម សូរីដា អ្នកនាំពាក្យ គ.ជ.ប បញ្ជាក់ថា ការបោះពុម្ព​សន្លឹកឆ្នោត​បម្រុង​នេះ​គោលដៅ​របស់ គ.ជ.ប គឺ​ដើម្បី​ធានា​ដល់​ដំណើរការ​បោះឆ្នោត មិន​ឱ្យមាន​ភាពរអាក់រអួល ឬ​កើតឡើង​នូវ​ភាពមិន​ប្រក្រតី​ណាមួយ ដោយ​ខូច ឬ​មិនអាច​ប្រើប្រាស់​បាន​។ ដូច្នេះ គជប មិនអាច​ឱ្យមាន​ការខ្វះ​ខាត​សន្លឹកឆ្នោត​បាន​នោះទេ​នៅ​ថ្ងៃ​បោះឆ្នោត​មកដល់​។

លោក​ថ្លែងថា​៖ «​ចំពោះ​ការ​ព្រួយ​បារម្ភ​ក្នុងការ​ប្រើប្រាស់​សន្លឹកឆ្នោត​នេះ ក្នុង​គោលដៅ​ផ្សេង គឺ គជប មាន​យន្តការ តម្លាភាព គ្រប់​ដំណើរការ​បោះឆ្នោត នៅតាម​ការិយាល័យ​បោះឆ្នោត គឺមាន​ការតាមដាន​ភ្នាក់ងារ​គណបក្ស​នយោបាយ និង​អង្គការ​សមាគម អ្នក​សង្កេតការណ៍​បោះឆ្នោត​ពោល​ទិន្នន័យ​នៃ​សន្លឹកឆ្នោត នឹង​ត្រូវបាន​កត់ត្រា​យ៉ាង​សុក្រឹត​នៅ​ទីនោះ​»៕