ភ្នំពេញៈ ​ឯកអគ្គរាជទូត​ថ្មី​ក្រូអាស៊ី និង​ព្រឹទ្ធសភា​កម្ពុជា ប្តេជ្ញាចិត្ត​រួមគ្នា​ដើម្បី​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ ២ ឱ្យ​កាន់តែ​ជិតស្និទ្ធ​បន្ថែមទៀត ដើម្បី​នាំមក​នូវ​ផលប្រយោជន៍​ទៅវិញទៅមក​ជូន​ប្រជាជន និង​ប្រទេស​ទាំង​ ២​។

កាលពី​ថ្ងៃទី ​៥ ខែឧសភា លោក​ អ៊ីវ៉ាន វឺលីមៀរ ស្តាសឺវ៉ិច (Ivan Velimir Starčević) ឯកអគ្គរាជទូត​តែងតាំង​ថ្មី​នៃ​ប្រទេស​ក្រូអាស៊ី​ប្រចាំ​កម្ពុជា បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​ សាយ ឈុំ ​ប្រធាន​ព្រឹទ្ធ​សភា​កម្ពុជា​នៅ​វិមាន​ព្រឹទ្ធសភា​។

ព្រឹទ្ធសភា​កម្ពុជា​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន នា​ថ្ងៃទី ​៦ ខែឧសភា​ថា នៅក្នុង​ជំនួប​នោះ​លោក Starčević បាន​រំឭក​ពី​ជំនួប​ជា​ប្រវត្តិសាស្ត្រា​រវាង​អតីត​ថ្នាក់ដឹកនាំ​ក្រូអាស៊ី និង​ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះ​បរមរតនកោដ្ឋ ដែល​បានរួម​ចំណែក​ដ៏សំខាន់ ដើម្បី​បង្កើត​ និង​រឹតចំណង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ ២ ​តាំងពី​ទសវត្សរ៍​ទី​ ៥០​។

លោក Starčević ជឿជាក់ថា ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ ២ នឹង​កាន់តែ​រីកចម្រើន​ថែមទៀត​តាមរយៈ​បេសកកម្ម​ការទូត​របស់​លោក​នៅ​កម្ពុជា​។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​បញ្ជាក់ថា​៖ «​ឯកឧត្តម ឯកអគ្គរាជទូត​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត ក្នុងការ​ពង្រឹង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ ២ ​បន្ថែមទៀត​»​។

លោក​ សាយ ឈុំ បាន​សម្តែង​ការ​ជឿជាក់ថា ក្នុង​អាណត្តិ​បេសកកម្ម​ការទូត​នៅ​កម្ពុជា​លោក Starčević នឹង​ខិតខំ​លើកកម្ពស់ ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ ២ ឱ្យ​កាន់តែ​ល្អ​ថែមទៀត ដើម្បី​ប្រយោជន៍​ប្រជាជន​កម្ពុជា និង​ប្រជាជន​ក្រូអាស៊ី​។

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់ថា​៖ «​ក្នុង​នាម​ព្រឹទ្ធសភា សម្តេច​ប្រធានព្រឹទ្ធសភា​បាន​ត្រៀមខ្លួន​ជានិច្ច ដើម្បី​ធ្វើ​កិច្ចសហប្រតិបត្តិការ​ដ៏ជិតស្និទ្ធ​ជាមួយ​នឹង​ឯកឧត្តម ឯកអគ្គរាជទូត ដើម្បី​រួមចំណែក​ពង្រឹងពង្រីក​ចំណង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​នាំមក​នូវ​ផលប្រយោជន៍​ទៅវិញ​ទៅមក​ជូន​ប្រជាជន និង​ប្រទេស​ទាំង​ ២»​។

កាលពី​ថ្ងៃទី​ ៤ ខែឧសភា លោក ចែម វីឌ្យ៉ា រដ្ឋលេខាធិការ​ក្រសួង​ការបរទេស​កម្ពុជា និង​លោក Starčević បាន​ចុះហត្ថលេខា លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​ការបង្កើត​កិច្ច​ពិគ្រោះ​យោបល់​ទ្វេភាគី ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​រវាង​ប្រទេស​ទាំង​ ២ ​បន្ថែមទៀត​។

លោក លុយ ដាវីត រដ្ឋលេខាធិការ ក្រសួង​ការបរទេស​កម្ពុជា​សរសេរ​នៅលើ​ទំព័រ​ហ្វេសប៊ុក​ថា ក្នុងជំនួប​នា​ថ្ងៃទី​ ៤ ខែឧសភា លោក និង​លោក Starčević បាន​ជជែក​គ្នា​អំពី​បញ្ហា​ដែលជា​ផលប្រយោជន៍​រួម​។ លោក Starčević ដែល​បាន​ចូលរួម​ក្នុង​ដំណើរការ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​ (ASEM) កន្លងមកនេះ បាន​អបអរសាទរ «​យ៉ាង​កក់ក្តៅ​» ចំពោះ​ប្រទេស​កម្ពុជា​ដែល​ទទួលបាន​ជោគជ័យ​ជា​ប្រធាន ASEM លើក​ទី​ ១៣ កាលពី​ឆ្នាំ​ ២០២១​។

លោក​ គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណិ្ឌត្យ​សភា​កម្ពុជា​ថ្លែង​ថា កន្លងមក​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង​ក្រូ​អាស៊ី គឺមាន​លក្ខណៈ​ធម្មតា ដូចជា​មិនមាន​លក្ខណពិសេស​អ្វី​នោះទេ​។ ទោះយ៉ាងណា​វា​កាន់តែ​ប្រសើរ​ដែល​រដ្ឋាភិបាល​កម្ពុជា​ធ្វើការ​ពង្រីក​ទំនាក់ទំនង​កាន់តែ​ច្រើន​ជាមួយ​បណ្តា​ប្រទេស​ផ្សេងៗ​ដើម្បីឱ្យ​កម្ពុជា​មាន​ពិពិធកម្មការ​ទូត​របស់ខ្លួន​៕