ភ្នំពេញៈ ក្រសួង​បរិស្ថាន​សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ (​សសយក​) រាជធានី​ភ្នំពេញ​គ្រោង​រៀបចំ​វេទិកា​កេសរកូល​ជាតិ​លើក​ទី​ ២ នៅ​ថ្ងៃទី​ ១១ ខែឧសភា នៅ​អគារ​ខេមរានី​របស់​សហព័ន្ធ​នេះ ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ឱ្យ​សាធារណជន​បាន​ស្គាល់​ពី​ប្រភេទ​កេសរកូល​ព្រៃរបស់​កម្ពុជា​។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​បរិស្ថាន​ស្តីពី​វេទិកា​កេសរកូល​ជាតិ​លើក​ទី​ ២ ឱ្យដឹងថា វេទិកា​នេះ​នឹង​ចាប់ផ្តើម​ពី​ម៉ោង​ ៨ និង​ ៣០ ​នាទី ដល់​ម៉ោង​ ១៧ នៅ​អគារ​ខេមរានី​របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ក្នុង​រាជធានី​ភ្នំពេញ ក្រោម​វត្តមាន​លោក​ សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​ (​កជអច​)​។

សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​ឱ្យដឹងទៀតថា វេទិកា​នេះ​នឹងមាន​ការអញ្ជើញ​ចូលរួម​ពី​តំណាង​ក្រសួង ស្ថាប័ន ស្ថានទូត អង្គការ​ដៃគូ វិស័យ​ឯកជន អ្នកជំនាញ​ជាតិ និង​អន្តរជាតិ សិស្ស និស្សិត និង​អ្នកពាក់ព័ន្ធ​ផងដែរ​។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​សរសេរថា​៖ «​វេទិកា​នេះ​រៀបចំឡើង​ក្នុង​គោលបំណង ដើម្បី​ផ្សព្វផ្សាយ​ឱ្យ​សាធារណជន​បាន​ស្គាល់​ពី​ប្រភេទ​កេសរកូល​ព្រៃរបស់​កម្ពុជា ចែករំលែក​ព័ត៌មាន​ស្ដីពី​វឌ្ឍនភាព​នៃ​ការរៀបចំ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិរក្ស​កេសរកូល សុខ អាន ភ្នំ​គូលែន ចូលរួមចំណែក​លើកកម្ពស់​វិស័យ​ទេសចរណ៍​ធម្មជាតិ និង ដើម្បី​ផ្សារភ្ជាប់​បណ្តាញ​អ្នកសិក្សា​ស្រាវជ្រាវ និង​ពង្រឹង​ការអភិរក្ស​កេសរកូល​ព្រៃ​នៅ​កម្ពុជា​»​។

ក្រសួង​បរិស្ថាន​បញ្ជាក់​ថា ក្នុង​វេទិកា​នេះ​នឹងមាន​ការតាំង​បង្ហាញពី​ប្រភេទ​កេសរកូល​ព្រៃ កេសរកូល​ពូជ​បង្កាត់ រុក្ខជាតិ​កម្រ រុក្ខជាតិ​លម្អ និង​ផលិតផល​ធម្មជាតិ​ជាច្រើន​ប្រភេទ ដែល​អនុញ្ញាត​ឱ្យ​សិស្ស និស្សិត ភ្ញៀវ​ជាតិ​-​អន្តរជាតិ និង​សាធារណជន​អាច​ចូល​ទស្សនា​ដោយ​សេរី ចាប់ពី​ម៉ោង​ ១៣:៣០ ​នាទី​ដល់​ម៉ោង​ ១៧ និង​សូន្យ​នាទី​។

លោក​ សុខ វិជ្ជា អ្នកស្រាវជ្រាវ​ជីវចម្រុះ​កម្ពុជា ថ្លែង​នៅ​ថ្ងៃទី​ ៨ ឧសភា​ថា លោក​នឹង​យក​ប្រភេទ​កេសរកូល​ប្រមាណ​ជិត ​១០ ​ប្រភេទ ទៅ​ដាក់តាំង​ក្នុង​វេទិកា​នោះ​។ លោក​ថា ក្នុង​វេទិកា​កេសរកូល​ជាតិ លើក​ទី​ ២ ​នេះ ក៏មាន​ការអនុញ្ញាត ឱ្យ​ប្រជាពលរដ្ឋ​ដែល​ស្រឡាញ់​ធម្មជាតិ អាចដាក់​តាំង​បង្ហាញ​រុក្ខជាតិ​នានា​ក្នុងស្រុក និង​រុក្ខជាតិ​លម្អ​នាំចូល​មួយចំនួន ដើម្បី​លើកស្ទួយ​ដល់​អ្នក​ស្រឡាញ់​រុក្ខជាតិ និង​ធនធានធម្មជាតិ​។

លោក​ថ្លែងថា​៖ «​នៅក្នុង​ហ្នឹង យើង​មាន​អ្នកចូលរួម​ដាក់តាំង​បង្ហាញ រហូត ដល់​ប្រមាណ​ ៣០ ​ស្ថាប័ន​ផ្សេងគ្នា ក្នុងនោះ​ភាគច្រើន គឺ​មកពី​ហាង​រុក្ខជាតិ​លម្អ ហើយ​មួយចំនួនទៀត​គឺជា​អ្នក​ចូលចិត្ត​ស្រឡាញ់​ផ្កាអ័រគីដេ គាត់​ដាំ​បែប​លក្ខណៈ​នៅតាម​ផ្ទះ​។ អ៊ីចឹងទៅ ដោយ​គាត់​មាន​ប្រភេទ​ពូជ​ច្រើន គាត់​ក៏​យកមកចែក​រំលែក​ក្នុងការ​ដាក់តាំង​បង្ហាញ​»​។

លោក​ សុខ វិជ្ជា ប្រាប់ថា តាមរយៈ​កំណត់ត្រា​ស្រាវជ្រាវ​របស់​សួន Royal Botanic gardens របស់​អង់គ្លេស បាន​ប្រមូល​ទិន្នន័យ ពី​កម្ពុជា​ថា​មាន​កេសរកូល​ប្រមាណ ៣០០ ​ប្រភេទ ខណៈ​ចំនួន​ប៉ាន់ប្រមាណ​អាចមាន​ពី​ ៥០០-១ ០០០ ប្រភេទ​ដែល​ទាមទារ​ឱ្យ​អ្នកជំនាញ នៅ​កម្ពុជា​ធ្វើការ​ស្រាវជ្រាវ​បន្ថែមទៀត​។ លោក​ថា ក្រសួង បរិស្ថាន​បាន​រកឃើញ និង​ចងក្រង​ទិន្នន័យ ផ្កា​កេសរកូល​បាន​ចំនួន​ ២០០ ប្រភេទ​រួចហើយ ខណៈ​កំពុង​បន្ត​ធ្វើការ​ស្រាវជ្រាវ​បន្តទៀត​។

ស.ស.យ.ក. សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​ថា អ្នកចូលរួម​បង្ហាញ​កេសរកូល​ក្នុង​ពិព័រណ៍​នឹង​ទទួល​បាន​បណ្ណ​សរសើរ​ ១ ពី​ក្រសួង​-​បរិស្ថាន​។ ស.ស.យ.ក. បញ្ជាក់ថា ស្តង់​តាំង​បង្ហាញ​នឹង​រៀបចំ​ជូន​ដោយ​មិន​គិតថ្លៃ ហើយ​អ្នកមាន​ចំណាប់អារម្មណ៍​ចូលរួម​តាំងពិព័រណ៍ អនុញ្ញាត​ឱ្យ​យក​កេសរកូល​ចាប់ពី​ចំនួន​ ៣​ ប្រភេទ​ឡើងទៅ និង មិនត្រូវ​លើសពី​ ១០​ ថូ​ក្នុង​ ១​ ប្រភេទ សម្រាប់​តាំង​បង្ហាញ​៕