
ក្រុមក្មេងទំនើង ៧១ នាក់ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនសាកសួរ។ រូបថត នគរបាល
ភ្នំពេញៈ ក្មេងទំនើងចំនួន ៧១ នាក់ (ស្រី ២ នាក់) កំពុងត្រូវបានសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខនៅថ្ងៃទី ៨ ឧសភា បន្ទាប់ពីត្រូវបានឃាត់ខ្លួននៅវេលាម៉ោងជាង ១២ យប់ទៀបភ្លឺថ្ងៃដដែល តាមបណ្តោយផ្លូវលេខ ១៩៦៦ ក្នុងភូមិសាស្ត្រសង្កាត់- ភ្នំពេញថ្មី ខណ្ឌសែនសុខ ជាមួយដាវជាង ១០ ដើម។
លោក វ៉ាន់ សារ៉េត អធិការរងនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខប្រាប់នៅថ្ងៃទី ៨ ឧសភាថា ករណីនេះកម្លាំងនគរបាលខណ្ឌសែនសុខបានចុះឃាត់ខ្លួនពួកគេនៅតាមបណ្តោយផ្លូវលេខ ១៩៦៦ ក្នុងភូមិសាស្ត្រសង្កាត់ភ្នំពេញថ្មី។ លោកថា៖ «ជាគោលការណ៍របស់លោកឧត្តមសេនីយ៍ឯកស្នងការរាជធានីភ្នំពេញបានណែនាំឱ្យកម្លាំងរបស់លោកស្រាវជ្រាវរកជនណាជាម្ចាស់ដាវពិតប្រាកដ។ ក្រៅពីនោះអ្នកមិនពាក់ព័ន្ធត្រូវអប់រំឱ្យឪពុកម្តាយធ្វើកិច្ចសន្យា»។
លោកបានរៀបរាប់ថា កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី ៨ ឧសភា កម្លាំងនគរបាលអធិការខណ្ឌសែនសុខ និងដោយមានការដឹកនាំដោយលោក ហួរ ម៉េងវ៉ាង អធិការខណ្ឌបានចេញដើរល្បាតតាមគោលដៅក្នុងភូមិសាស្ត្រខណ្ឌសែនសុខក៏បានប្រទះឃើញក្មេងទំនើងប្រមូលផ្តុំគ្នាជាច្រើនក្រុម នៅតាមបណ្តោយផ្លូវលេខ ១៩៦៦ ក្នុងភូមិសាស្ត្រ សង្កាត់ភ្នំពេញថ្មី ក៏ប្រមូលបាន ៧១ នាក់ (ស្រី ២ នាក់) ជាមួយនឹងដាវជាង ១០ ដើម និងចម្ពាមបានមួយចំនួនទៀតផង។
លោកថ្លែងថា៖ «ពួកគេមិនមែនជាក្រុមតែមួយទេ ហើយបើតាមសាកសួរទៅគឺក្រុមដែលសមត្ថកិច្ចលោកប្រមូលបាននោះ បម្រុងទៅបើកឆាកប្រយុទ្ធជាមួយក្រុមផ្សេងទៀត តែត្រូវកម្លាំងសមត្ថកិច្ចរបស់យើងឃាត់បានមុន»។
លោក ឈឹម សាវ៉េន នាយប៉ុស្តិ៍នគរបាលសង្កាត់ភ្នំពេញថ្មីឱ្យដឹងនៅថ្ងៃទី ៨ ឧសភាថា កម្លាំងនគរបាលប៉ុស្តិ៍សង្កាត់ភ្នំពេញថ្មីរបស់លោកបានសហការជាមួយកម្លាំងខណ្ឌសែនសុខ ចុះល្បាតតាមគោលដៅក្នុងភូមិសាស្ត្រខណ្ឌ ដើម្បីពង្រឹងសន្តិសុខ សុវត្ថិភាពក្នុងមូលដ្ឋាន។ នៅពេលនោះសមត្ថកិច្ចបានឃើញក្រុមក្មេងទំនើងជាច្រើនក្រុមកំពុងប្រមូលផ្តុំគ្នា ហើយសមត្ថកិច្ចក៏បានហៅសាកសួរតែម្តង។ លោកបន្តថា ក្រុមក្មេងទំនើងទាំងនោះមានអាយុចន្លោះពី ១៦ ឆ្នាំដល់ជាង ២០ ឆ្នាំ ហើយនៅពេលឃាត់ខ្លួននោះសមត្ថកិច្ចក៏បានធ្វើការអប់រំណែនាំដល់ពួកគេផងដែរ កុំឱ្យដើរលេងនៅពេលយប់។ កន្លងមកក៏ធ្លាប់មានក្រុមក្មេងទំនើងប៉ះទង្គិចគ្នាដែរ ហេតុដូច្នេះហើយទើបបានជាសមត្ថកិច្ចខណ្ឌសែនសុខមានវិធានការចុះល្បាតតាមគោលដៅជាប្រចាំ៕
វីដេអូ៖