ភ្នំពេញៈ ម៉ាស៊ីន​ស្គែន​កាំរស្មីអ៊ិច​ចំនួន​ ១១ ​គ្រឿង​នឹងត្រូវ​ដំឡើង​នៅតាម​បណ្តា​ប៉ុស្តិ៍នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិ​នាពេល​ខាងមុខ សម្រាប់​ត្រួតពិនិត្យ ទប់ស្កាត់ បង្ក្រាប​ការរត់ពន្ធ​សព្វាវុធ និង​គ្រឿងញៀន​ឆ្លងដែន ជាពិសេស​ដើម្បី​ចូលរួម​ការពារ​ដល់​ការងារ​សន្តិសុខ​ជាតិ ខណៈ​ដែល​កម្ពុជា​កំពុង​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ឆ្នាំនេះ​។

យោងតាម​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ​បានឱ្យ​​ដឹងថា ម៉ាស៊ីន​ស្គែន​កាំរស្មី​អ៊ិច​ទាំង​ ១១ ​គ្រឿង​នោះ ត្រូវបាន​រាជរដ្ឋាភិបាល​ប្រទេស​ជប៉ុន​ផ្តល់ជូន​ដល់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​កាលពី​ថ្ងៃទី ​៤ ខែឧសភា ឆ្នាំ​ ២០២២ នេះ​។

លោក​ ឡុង ហាបាណា អគ្គនាយករង​អន្តោប្រវេសន៍ និង​ជា​ប្រធាន​ក្រុម​ការងារ​បច្ចេកទេស​គ្រប់គ្រង​ម៉ាស៊ីនស្គែន​កាំរស្មី​អ៊ិច​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ចាត់តាំង​ឱ្យ​លោក ព្រំ ង៉ា អនុប្រធាននាយកដ្ឋាន​រដ្ឋបាល​សរុប និង​ជា​អនុប្រធាន​អចិន្រៃ្តយ៍ លោក ឌិន វណ្ណណូរ៉ា នាយការិយាល័យ​ភ័ស្តុភារ និង​គណនេយ្យ និង​ជា​សមាជិក​ក្រុមការងារ​ទៅ​ទទួល​ម៉ាស៊ីន​ស្គែន​កាំរស្មី​អ៊ិច​ទាំងនេះ​នៅ​កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​។

ម៉ាស៊ីនស្គែន ដែលជា​ជំនួយ​ពី​រាជរដ្ឋាភិបាល​ប្រទេស​ជប៉ុន​តាមរយៈ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​នឹងត្រូវ​ដឹក​ទៅ​​ដាក់​តាម​បណ្តា​ប៉ុស្តិ៍នគរបាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ចំនួន​ ១០ ​ទីតាំង នាពេល​ខាងមុខនេះ​។

អ្នកនាំពាក្យ​សាលាខេត្ត​បន្ទាយ​មានជ័យ​លោក សេក សុខុម បាន​ថ្លែងថា នៅពេល​មាន​ជំនួយ​បរទេស សម្រាប់​សន្តិសុខ​នៅតាម​ព្រំដែន មិន​ថា​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺឆ្លង​កូវីដ​ ១៩ ការរត់ពន្ធ​អាវុធ​ខុសច្បាប់ និង​គ្រឿងញៀន គឺ​​ជា​រឿង​ល្អប្រសើរ​សម្រាប់​ប្រទេស​នៅក្នុង​​តំបន់​អាស៊ាន​។

លោក​ថា​៖ «​ស្របពេល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន បើសិន​ព្រំដែន​មានការ​រឹតបន្តឹង​បានល្អ​ទាក់ទិន​ការរត់ពន្ធ​អាវុធ និង​គ្រឿងញៀន យើង​សង្ឃឹមថា អាស៊ាន​នឹង​កាន់តែ​ប្រសើរឡើង​»​។

លោក​បានឱ្យ​ដឹងថា ជាមួយ​កិច្ចការ​ព្រំដែន​នេះ ប្រតិភូ​កម្ពុជា​ក៏បាន​ត្រៀម​ចេញទៅ​ប្រជុំ​នៅ​ប្រទេស​ថៃ​រយៈពេល​ ៣ ​ថ្ងៃ​ចាប់ពី​ថ្ងៃទី​ ៩ ដល់​ថ្ងៃទី​ ១១​ ឧសភា រវាង​គណៈកម្មការ​ព្រំដែន​នៃ​យោធ​ភូមិភាគ​នៃ​ប្រទេស​ទាំង​ ២​។

លោក​ថា​៖ «​កិច្ចប្រជុំ​នោះ​ក្នុង​គោលបំណង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​កងទ័ព​ភូមិភាគ​ទី ​១ ​របស់​ថៃ ជាមួយ​​កងទ័ព​ភូមិភាគ​ទី​ ៥ ​របស់​កម្ពុជា ដោយ​ផ្តោតទៅលើ​ទេសចរណ៍ សុខាភិបាល អប់រំ បរិស្ថាន និង​បទល្មើស​តាម​ព្រំដែន​ជាដើម ដូចជា ការ​លួច​ឆ្លងដែន​ខុសច្បាប់ គ្រឿងញៀន​»​។

លោក​បាន​បញ្ជាក់ថា ជានិច្ចកាល​កងទ័ព​នៃ​ខេត្តបន្ទាយមានជ័យ និង​កងទ័ព​នៃ​ខេត្ត​ស្រះកែវ​ប្រទេស​ថៃ តែង​ជួប​ប្រជុំគ្នា​ដើម្បី​បង្កើន​សហប្រតិបត្តិការ​ល្អ បន្ធូរបន្ថយ​ភាពតានតឹង និង​ធ្វើឱ្យមាន​សន្តិភាព​តាម​បណ្តោយ​ព្រំដែន​។

លោក​ថា​៖ «​ជានិច្ចកាល​តែង​ជួបគ្នា​ ១​ ឆ្នាំ​ម្តង​ ឬ​ ២​ ដង ប៉ុន្តែ​ដោយសារ​រោគរាតត្បាត​កូវីដ​ ១៩ យើង​បាន​ផ្អាក​ជួបប្រជុំ​បែបនេះ​ ២​ ឆ្នាំ​មកហើយ អ៊ីចឹង​ដោយសារ​កូវីដ​ធូរស្រាល មេបញ្ជាការរង​កងទ័ព​ជើងគោក និង​ជា​មេបញ្ជាការ​យោធភូមិភាគ​ទី​ ៥ ​ឧត្តមសេនីយ៍ឯក ឯក សំអូន នឹង​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ដែលមាន​ខេត្ត​ជាប់​ព្រំដែន​ខេត្តបន្ទាយមានជ័យ​បាត់ដំបង ប៉ៃលិន​ទៅ​ប្រជុំ​នៅ​ថៃ​»៕