
ជនសង្ស័យពាក់ព័ន្ធការកាន់កាប់អាវុធខុសច្បាប់ ដែលត្រូវបាននគរបាលឃាត់ខ្លួននៅសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង កាលពីថ្ងៃទី ៧ ឧសភា។ រូបថត ប៉ូលិស
ភ្នំពេញៈ នគរបាលខណ្ឌបឹងកេងកង គ្រោងកសាងសំណុំរឿងបញ្ជូនបុរសសង្ស័យម្នាក់ទៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី ១០ ឧសភា បន្ទាប់ពីឃាត់ខ្លួនបាន ៣ ថ្ងៃជាមួយអាវុធខ្លី ១ ដើមនៅពេលយប់តាមបណ្តោយមហាវិថីព្រះសីហនុ សង្កាត់បឹងកេងកង ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
លោក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកងឱ្យដឹងនៅថ្ងៃទី ៩ ឧសភាថា ជនសង្ស័យឈ្មោះលី ហុក ភេទប្រុស អាយុ២៧ឆ្នាំ។ ជនសង្ស័យគ្រោងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី ១០ ឧសភា ដើម្បីចាត់ការតាមច្បាប់។
លោកថ្លែងថា៖«ជនសង្ស័យកំពុងតែនៅអធិការដ្ឋាននគរបាល នៅថ្ងៃនេះ[ថ្ងៃទី៩ ឧសភា] យើងកំពុងបន្តនីតិវិធី។ យើងគ្រោងបញ្ជូនគាត់ទៅតុលាការនៅថ្ងៃស្អែក [ថ្ងៃទី ១០ ឧសភា]»។
ពាក់ព័ន្ធនីតិវិធីឃាត់ខ្លួននេះ លោកអធិការស៊ឹម ពិសិដ្ឋ មិនបានប្រាប់លម្អិតនោះទេ តែបើតាមផេករបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដែលបង្ហោះនៅថ្ងៃទី៩ ឧសភា បានសរសេរថា ជនសង្ស័យឈ្មោះលី ហុក ពាក់ព័ន្ធករណីកាន់កាប់ និងជួញដូរអាវុធដោយខុសច្បាប់ ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងឃាត់ខ្លួនបានដែលជនសង្ស័យជាមុខសញ្ញាចាស់ទើបចេញពីពន្ធនាគារ។
ផេករបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបន្តថា កាលពីយប់ថ្ងៃទី៧ ឧសភា ឆ្នាំ២០២២ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដឹកនាំដោយលោកវរសេនីយ៍ឯកស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង បានឃាត់ខ្លួនជនសង្ស័យម្នាក់ ខណៈកម្លាំងសមត្ថកិច្ចកំពុងប្រតិបត្តិការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍។ ការឃាត់ខ្លួននេះ នៅចំណុចមុខផ្សារឡាក់គី មហាវិថីព្រះសីហនុ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ពាក់ព័ន្ធករណីកាន់កាប់ និងជួញដូរអាវុធដោយខុសច្បាប់។
ចំពោះវត្ថុតាងដែលសមត្ថកិច្ចដកហូតបាន មានអាវុធខ្លី១ដើមម៉ាក ZORAKI 2914 TD និង គ្រាប់ចំនួន៦គ្រាប់។
ការដាក់កម្លាំងនគរបាលត្រួតពិនិត្យពេលយប់នៅតាមគោលដៅនេះ លោកសេក សុជាតិ នាយកប្រតិបត្តិអង្គការអភិវឌ្ឍន៍ផ្នត់គំនិតប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី៩ ឧសភា ថា ការដាក់កងកម្លាំងតាមគោលដៅពេលយប់ គឺជារឿងល្អ។ លោថាតាមការអង្កេតរបស់លោកឃើញថា ការអនុវត្តរបស់កងកម្លាំងសមត្ថកិច្ចទទួលបានផលជាវិជ្ជមានច្រើន។ ការដាក់កងកម្លាំងចម្រុះគឺមានសមត្ថភាពខ្ពស់ ហើយក៏អាចជួយចាប់ជនសង្ស័យដែលលាក់អាវុធ និងឧបករណ៍គ្រោះថ្នាក់បានច្រើនផងដែរ។
លោកថ្លែងថា៖«ពិសេសការអនុវត្តច្បាប់មានប្រសិទ្ធភាព និងគ្មានអំពើពុករលួយច្រើន។ ប្រសិនបើការអនុវត្តបែបនេះបានកាន់តែច្រើន បទល្មើស និងគ្រោះថ្នាក់ចរាចរណ៍ពេលយប់ដោយសារគ្រឿងស្រវឹង ក៏នឹងកាត់បន្ថយបានច្រើនដែរ»៕